ពិភពលោក

«Boeing 737 MAX»​មួយបង្ខំចិត្ត​ចុះចត ព្រោះបញ្ហា​ម៉ាស៊ីនប្រតិកម្ម

ព្រោះបញ្ហា​ម៉ាស៊ីនប្រតិកម្ម យន្ដហោះមួយគ្រឿង ប្រភេទ«Boeing 737-8 MAX» របស់ក្រុមហ៊ុន​«Air Canada» បានបង្ខំចិត្ត​ប្ដូរផ្លូវហោះហើរ និងចុះចតនៅព្រលានយន្ដហោះ​ក្រុង «Tucson» រដ្ឋ«Arizona» សហរដ្ឋអាមេរិក។ នេះ បើតាមការអះអាង របស់ក្រុមហ៊ុន​អាកាសចរណ៍​ខ្លួនឯង កាលពីថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។

យន្ដហោះបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះក្រុង «Marana» ក្នុងរដ្ឋ «Arizona» កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដើម្បីហោះឆ្ពោះទៅកាន់ក្រុង «Montréal» នៃប្រទេសកាណាដា។ តែនៅពេលហោះបានបន្តិច អ្នកបើកបរយន្ដហោះ បានទទួលសញ្ញាមួយ ពីបញ្ហាក្នុងម៉ាស៊ីនប្រតិកម្ម។

ក្រុមហ៊ុន «Air Canada» បានរៀបរាប់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា តាមវិធាននៃការហោះហើរ ដែលស្ថិតក្នុង​ស្ថានភាព​បែបនេះ ក្រុមអ្នកបើកបរយន្ដហោះ បានសម្រេចពន្លត់ម៉ាស៊ីនប្រតិកម្មមួយ និងបានប្ដូរផ្លូវហោះហើរ ទៅកាន់ព្រលានយន្ដហោះ ក្រុង «Tucson» ដោយធ្វើការចុះចតជាធម្មតា នៅទីនោះ។

យ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ មិនបានបង្ហើបឲ្យដឹង ពីមូលហេតុដែលបង្កឲ្យមានបញ្ហា នៅក្នុងម៉ាស៊ីនប្រតិកម្មនោះទេ។ តែបើតាមគេហទំព័រ «Aviation24.be» ដែលជំនាញខាងអង្កេត ពីគ្រោះថ្នាក់យន្ដហោះ បានទម្លាយឲ្យដឹងថា ការធ្លាក់ចុះ នៃសម្ពាធរបស់សារធាតុរាវ នៅក្នុងម៉ាស៊ីនប្រតិកម្មខាងឆ្វេង គឺជាមូលហេតុ នៃហេតុការណ៍នេះ។

រដ្ឋាភិបាលកាណាដា បានប្រកាសកាលពីពាក់កណ្ដាលខែធ្នូនេះ ថាខ្លួនបានចេញអាជ្ញាប័ណ្ណ ចំពោះការបន្ថែមបន្ថយ នៅលើរចនា​បច្ចេកទេស​ដើម របស់បណ្ដាយន្ដហោះ «Boeing 737 MAX» ដែលរងការដាក់កំហិត មិនឲ្យហោះងើបចេញពីដី តាំងពី២១ខែ​កន្លងមក បន្ទាប់ពីយន្ដហោះប្រភេទនេះ ចំនួនពីរគ្រឿង បានទទួលគ្រោះថ្នាក់ធ្លាក់ បណ្ដាលឲ្យមនុស្សស្លាប់ ៣៤៦នាក់។

រីឯសហរដ្ឋអាមេរិកវិញ បានអនុញ្ញាត កាលពីពាក់កណ្ដាលខែវិច្ឆិកាមុន ឲ្យយន្ដហោះប្រភេទខាងលើ អាចហោះហើរបានជាថ្មី ប៉ុន្តែបានបញ្ជា ឲ្យមានការផ្លាស់ប្ដូរជាច្រើនទៀត ដែលចាំបាច់ត្រូវធ្វើ និងបំពាក់ឲ្យយន្ដហោះ មុននឹងបញ្ចេញវា យកទៅប្រើប្រាស់ ជាសាធារណៈ។ នេះ បើតាមការលើកឡើង របស់ភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសមហាអំណាច ហៅកាត់ថា «FAA»។

កាលពីសប្ដាហ៍មុន ក្រុមហ៊ុនអាកាសចរណ៍ប្រ៊េស៊ីល «Gol» បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានដាក់ឲ្យយន្ដហោះ «Boeing 737 MAX» ធ្វើការហោះហើរ និងដឹកអ្នកដំណើរ រវាងពីក្រុង «Sao Paulo» មកក្រុង «Porto Alegre» (ជើងហោះហើរក្នុងស្រុក)៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។