ពិភពលោក

ឃាត់ខ្លួន​បុរសម្នាក់ ព្រោះ​កាន់​«សាំង​ពីរធុង»​ចូល​ព្រះវិហារ​នៅ​​ញ៉ូយក

បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន នៅយប់ថ្ងៃពុធម្សិលម៉ិញ បន្ទាប់ពីបានដើរចូល ទៅក្នុងព្រះវិហារ «Saint-Patrick» នៃទីក្រុងញ៉ូយក (ភាគខាងកើតអាមេរិក) ជាមួយនឹងប្រេង«សាំង​ពីរធុង» និងដែកកេះនៅនឹងដៃ។

ស្នងការរង នៃនគរបាលក្រុងញ៉ូយក លោក «John Miller» បានឲ្យដឹងថា បុរសម្នាក់នេះបាននិយាយថា ខ្លួនបានដើរ«ផ្លូវកាត់» ដោយឆ្លងកាត់​តាមព្រះវិហារ​ខាងលើ បន្ទាប់ពីរថយន្ដរបស់ខ្លួន បានអស់សាំង។ តែចម្លើយរបស់ជននេះ មិនទំនង និងហាក់មានលក្ខណៈ ជាការដោះសារ។

លោក «John Miller» បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមុននេះបន្តិច លើសួនច្បាររបស់ព្រះវិហារ ដែលមានទីតាំងក្នុងសង្កាត់ ម៉ាណាថាន់ (Manathan) នៃក្រុងញ៉ូយក។ លោកបន្តថា អាជ្ញាធរមិនទាន់ដឹងថា តើចិត្តគំនិតរបស់បុរសនេះ មានស្ថានភាពបែបណា​ ហើយថា តើបំណង់ពិតរបស់បុរសនេះ ចង់ធ្វើអ្វីឲ្យពិតទេ។

អាជ្ញាធរបានបញ្ជាក់ថា នៅពេលដើរចូល ទៅក្នុងព្រះវិហារ បុរសខាងលើត្រូវបានភ្នាក់ងារ​សន្តិសុខម្នាក់ ហៅមកសួរថា ចង់ទៅណា។ ភ្នាក់ងាររូបនោះ បានបញ្ជាក់ថា គេមិនអាចដើរចូលព្រះវិហារ ជាមួយនឹងវត្ថុទាំងនេះ (សាំង​ពីរធុង និងដែកកេះ) បានទេ។

លោកស្នងការរងបានបន្តថា គឺនៅពេលដែលបុរសនោះ បានដើរត្រឡប់ក្រោយវិញ ភ្នាក់ងារសន្តិសុខបានឃើញ ប្រេងសាំងហូរធ្លាក់ទៅលើដី។

បន្ទាប់ពីទទួលបានការរាយការណ៍រួច ភ្នាក់ងារនគរបាល​នៃការិយាល័យ​ប្រឆាំងភេរវកម្ម បានតាមទៅទាន់ខ្លួនជនសង្ស័យ និងធ្វើការឃាត់ខ្លួនជននេះ បន្ទាប់ពីបានសាកសួររួច។

លោក «John Miller» បញ្ជាក់ថា៖

«ជននេះថា ខ្លួនធ្វើការនៅក្នុងព្រះវិហារ ហើយថារថយន្ដខ្លួន អស់សាំង…។ តែនៅពេលយើង ទៅពិនិត្យមើលរថយន្ដនោះភ្លាម ឃើញរថយន្ដ មានសាំងពេញនៅឡើយ។ ដូច្នេះហើយ ទើបយើងចាប់ខ្លួន​ជននេះ។»

ជនសង្ស័យមានអាយុ ៣៧ឆ្នាំ និងធ្លាប់ត្រូវបាននគរបាលស្គាល់ នៅក្នុងបញ្ជីបទល្មើសរួចហើយ។

ព្រះវិហារ «Saint-Patrick» នៃក្រុងញ៉ូយក ត្រូវបានសាងសង់ហើយ ក្នុងឆ្នាំ១៨៧៨ និងត្រូវបានសង់ពង្រីកបន្ថែម នៅក្នុងឆ្នាំបន្តបន្ទាប់មក។ ព្រះវិហារនេះ ត្រូវបានជុសជុលឡើងវិញ និងជុសជុលរួចរាល់ នៅឆ្នាំ២០១៥កន្លងមក។

ជាហេតុការណ៍ ដែលបានកើតឡើង នៅប៉ុន្មានថ្ងៃក្រោយអគ្គិភ័យ បានឆាបឆេះ ផ្នែកដំបូលនៃព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។ អាជ្ញាធរបារាំង បានសង្ស័យក្នុងជំហាននេះ ថាអគ្គិភ័យបណ្ដាលមក ពីការដ្ឋានជុសជុលព្រះវិហារ ដែលបាន និងកំពុងប្រព្រឹត្តិទៅ តាំងពីច្រើនខែហើយ។

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។