ពិភពលោក

អគ្គិភ័យ​ក្នុង​នាវា​មុជទឹក​នុយក្លេអ៊ែ របស់​កងទ័ព​រ៉ុស្ស៊ី ស្លាប់​១៤នាក់

នៅក្នុងនាវាមុជទឹកនុយក្លេអ៊ែររ៉ុស្ស៊ី «មានការផ្ទុះប្រព័ន្ធហ្គាស» ដែលបង្កឲ្យមានអគ្គិភ័យឡើង និងបណ្ដាលឲ្យមនុស្ស«ស្លាប់​១៤នាក់» ដោយសារឈ្លក់នឹងផ្សែង។ នេះ បើតាមការអះអាង របស់អាជ្ញាធរនៃប្រទេសន័រវេស ដែលបញ្ជាក់ថា ខ្លួនបានទទួលព័ត៌មានទាំងនេះ ពីកងទ័ពរ៉ុស្ស៊ី កាលពីថ្ងៃអង្គារម្សិលម៉ិញ។

សម្រាប់កងទ័ពរ៉ស្ស៊ីផ្ទាល់ បានអះអាង តាមរយៈសារព័ត៌មានរ៉ុស្ស៊ីថា នាវាមុជទឹក​នុយក្លេអ៊ែរប្រភេទ «AS-12» រហស្សនាម «Locharik» ដែលធ្វើប្រតិបត្តិការស្រាវជ្រាវ នៅបាតសមុទ្រខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានរងគ្រោះដោយអគ្គិភ័យមួយ នៅខណៈពេលដែលនាវាបានស្ថិត នៅក្បែរក្រុង «Severomorsk» (ប្រទេសរ៉ុស្ស៊ី) ដែលមានចំងាយប្រមាណ ជាង១០០គីឡូម៉ែត្រ ពីព្រំដែនភាគខាងជើង នៃប្រទេសន័រវេស។

បើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយក្រសួងការពារជាតិរ៉ុស្ស៊ី បានអះអាងថា មនុស្ស១៤នាក់ បានស្លាប់ដោយសារថប់ដង្ហើម បណ្ដាលមកពីអគ្គិភ័យ។ សេចក្ដីប្រកាសព័ត៌មាន បានបន្តថា អគ្គិភ័យត្រូវបានពន្លត់ ហើយនាវាមុជទឹក ក៏បានវិលត្រឡប់ មកកាន់កំពង់ផែរបស់ខ្លួនវិញដែរ។

ដូច្នេះ បើតាមការអះអាងខាងលើ បានសេចក្ដីថា នៅមានមនុស្សរស់រានមានជីវិតនៅឡើយ ក្នុងនាវាមុជទឹកនោះ។

អាជ្ញាធរនៃប្រទេសន័រវេស បានអះអាងបន្ថែមថា ខ្លួនកំពុងរង់ចាំ ព័ត៌មានលំអិតផ្សេងទៀត ពីប្រទេសរ៉ស្ស៊ី ដើម្បីចង់ដឹងថា តើមានម៉ាស៊ីនប្រតិកម្ម នុយក្លេអ៊ែរ នៅក្នុងនាវាមុជទឹកខាងលើ ទទួលរងការខូចខាតឬទេ? យ៉ាងណា ប្រទេសន័រវេសបានបញ្ជាក់ថា កម្រិតនៃសារជាតិវិទ្យុសកម្ម នៅក្នុងតំបន់នោះ មិនមានការខុសប្លែកពីធម្មតា ឬកើនឡើង ជាងពេលមុននោះឡើយ។

ផ្ទុយទៅវិញ វិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ុស្ស៊ី) បានអះអាងក្នុងថ្ងៃពុធនេះថា ព័ត៌មានលំអិត ដែលនិយាយ ពីអគ្គិភ័យខាងលើ នឹងមិនត្រូវផ្សាយចេញ ជាសាធារណៈឡើយ ដោយអះអាងថា វាជា«ព័ត៌មានសម្ងាត់របស់រដ្ឋ»។

អ្នកនាំពាក្យរដ្ឋាភិបាលរ៉ស្ស៊ី លោក «Dmitri Peskov» បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដូច្នេះថា៖

«ព័ត៌មាននេះ មិនផ្សាយចេញទាំងស្រុង ជាសាធារណៈបានទេ ព្រោះវាស្ថិតនៅក្នុងជំពូកព័ត៌មានសម្ងាត់របស់រដ្ឋ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។