កម្ពុជា

នៅពេល សួន សេរីរដ្ឋា និយាយពី​«ឆ្កែពីរក្បាល»ដណ្ដើមឆ្អឹងគ្នា…

លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយសំដីថ្លោស បានលើកឡើង​នៅ​ថ្ងៃ​នេះ អំពី«ឆ្កែពីរក្បាល» ដែលត្រូវបានគេដាក់ ឲ្យ«ស៊ីបាយក្នុងចានតែមួយ» ឬគេបោះ​ឆ្អឹង​ឲ្យមួយដុំ។

បើទោះជាលោក សេរីរដ្ឋា មិននិយាយឲ្យចំឈ្មោះ តែការលើកឡើងនេះ ត្រូវបានក្រុមអ្នក​ប្រើប្រាស់​បណ្ដាញសង្គម យល់ថា ជាការសំដៅទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា

បុរសអាយុ៤៦ឆ្នាំរូបនេះ បានសរសេរ​នៅលើ​ទំព័រហ្វេសប៊ុករបស់លោកថា៖

«ពេលដែលសត្វ ឆ្កែពីរក្បាល ត្រូវបានគេដាក់​ឲ្យស៊ីបាយ ក្នុងចានតែមួយជាមួយគ្នា ឬគេ​បោះឆ្អឹង​ឲ្យពួកវា តែមួយដុំ គឺបែបនេះ!»

«ដូចនេះឆ្កែពីរក្បាលនេះ វាឈ្លោះបែកសាមគ្គីគ្នា ដោយសារ​តែ​សារជាតិ​ពួកវា ជាសត្វឆ្កែ តាំងពីថ្ងៃវា ស៊ីចំណីក្នុង​ចានតែមួយ នោះមកម្លេះ​! អ្នកផ្កាប់មុខ ស្រលាញ់ឆ្កែពីរក្បាលនេះ សូមកុំបង្វៀងការពិត រួចរកលេសទម្លាក់កំហុស លើអ្នកនេះ លើអ្នកនោះ ថាគេទៅបង្អៅ ឲ្យពួកវាខាំគ្នា ឈ្លោះ​បែកបាក់​គ្នានោះ!»

ពាក្យពេជន៍ខាងលើ គឺជាសារ​នយោបាយ​​ដំបូងបង្អស់ បន្ទាប់ពីលោក សួន​ សេរីរដ្ឋា ដែល​ជាអតីតអ្នកទោស ត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលព្រះមហាក្សត្រ ឲ្យមាន​តំណែង ជារដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ កាលពីថ្ងៃទី១០ ខែកក្កដា​កន្លងមក​ថ្មីៗ។

តែនៅថ្ងៃទី៩ ខែកក្កដា (មួយថ្ងៃមុន) លោក ឆាំ ឆានី អ្នកបង្ហោះសារ​ដ៏ល្បី​មួយរូប មាន​និន្នាការគាំទ្រគណបក្សប្រឆាំង បានទម្លាយឲ្យដឹងជាមុន ថាលោក សួន សេរីរដ្ឋា បាន​ទៅជួបលោក ហ៊ុន សែន ដើម្បីទទួលយកតំណែង ជារដ្ឋលេខាធិការខាងលើ និងបាន​សន្យាជាមួយលោក ហ៊ុន សែន ថានឹងរកមធ្យោបាយបំបែកសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា។

គ្មានប្រភពណាផ្សេង អាចបញ្ជាក់ពីព័ត៌មានបែកធ្លាយ របស់លោក ឆាំ ឆានី បានទេ តែយ៉ាងហោចណាស់ ព័ត៌មាននោះបានបញ្ជាក់ថា ការមានតំណែងថ្មី របស់លោក សួន សេរីរដ្ឋា គឺជាការពិត។

គួរបញ្ជាក់ដែរថា លោក សួន សេរីរដ្ឋា ដែលជាស្ថាបនិក និងប្រធានចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែលបានក្លាយជា​​គណបក្ស​អំណាចខ្មែរ​ ត្រូវបាន​អាជ្ញាធរក្រោមបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួន​នៅថ្ងៃទី១៣ ​ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពី​លោក​បាន​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក រិះគន់លោក ហ៊ុន សែន និងក្រុម​«មេទ័ពចោរ»នៅកម្ពុជា។

បន្ទាប់មក លោក សួន សេរីរដ្ឋា ត្រូវបានតុលាការ​ផ្ដន្ទាទោស​ ពី​បទ​ញុះញង់ ​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ និង​បទ​ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ឲ្យជាប់ពន្ធនាគារ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​ ២៣ ​សីហា ឆ្នាំ​ ២០១៨ លោក សួន សេរីរដ្ឋា ​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ តាម​សំណើ​របស់​លោក ហ៊ុន សែន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។