នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន «មិនដែលចោទប្រកាន់»ថា សហរដ្ឋអាមេរិកនៅពីក្រោយ ឬពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា ឡើយ។
ប៉ុន្តែការថ្លែង របស់អ្នកនាំពាក្យវ័យក្មេង ដ៏ភ្លឺស្វាងរូបនេះ ហាក់ដើរផ្ទុយ ពីការអះអាងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យធំជាងគេ របស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីខែកញ្ញា ឆ្នាំ២០១៧ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ទាំងកណ្ដាលអាធ្រាត យកទៅឃុំក្នុងពន្ធនាគារ។
ការបកស្រាយ របស់លោក ជិន ម៉ាលីន ធ្វើឡើងក្នុងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០នេះ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិក ក្នុងប្រទេសកម្ពុជា បានបញ្ជាក់ជាផ្លុវការ និងជាលាយលក្ខណ៍អក្សរ នូវកិច្ចសម្ភាស របស់ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែលបានផ្ដល់ ទៅឲ្យក្រុមអ្នកសារព័ត៌មាន ក្នុងព្រឹកថ្ងៃដដែលនេះ នៅខាងមុខសាលាដំបូងរាជធានី។
ស្ថានទូតអាមេរិក បានស្រង់សំដីលោក ម័រហ្វី មកសរសេរថា៖
«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើង នូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើង ទាក់ទងនឹងសហរដ្ឋអាមេរិក។»
ក្រោយការថ្លែងរបស់លោក ប៉ាទ្រីក ម័រហ្វី សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយឆ្លើយតប នឹងការលើកឡើងនោះ។ អ្នកនាំពាក្យតុលាការរាជធានី បានបញ្ជាក់ថា៖
«ព្រះរាជអាជ្ញាពុំបានចោទប្រកាន់ ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយឡើយ ព្រះរាជអាជ្ញាបានចោទប្រកាន់ តែទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំគ្រប់គ្រាន់ ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ។»
សេចក្ដីប្រកាសព័ត៌មាននេះ ត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ យកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក ហើយធ្វើការបកស្រាយ ទម្លាក់កំហុស ទៅលើអ្នកបកប្រែភាសា។ បន្ទាប់មក លោក ម៉ាលីន បានពន្យល់ ក្នុងនាមរដ្ឋាភិបាលកម្ពុជាផង និងក្នុងនាមតុលាការផងថា៖
«កន្លងមក រាជរដ្ឋាភិបាលមិនដែលចោទប្រកាន់ថា សហរដ្ឋអាមេរិកនៅពីក្រោយ ឬពាក់ព័ន្ធ នឹងសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា ឡើយ។»
«ស្ថាប័នតុលាការ កំពុងដំណើរការនីតិវិធី លើសំណុំរឿងនេះ ហើយមិនទាន់បានបិទបញ្ចប់ និងសម្រេចថា មានបរទេសណាមួយពាក់ព័ន្ធ និងនៅពីក្រោយសំណុំរឿងនេះដែរ។»
«ចំណែកឯស្ថាប័នអយ្យការ ធ្វើការចោទប្រកាន់ តែលោក កឹម សុខា ប៉ុណ្ណោះ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស មិនបានចោទប្រកាន់សហរដ្ឋអាមេរិក ឬបរទេសណាមួយឡើយ។»
ប៉ុន្តែបើគេចាំច្បាស់ អំពីអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើង កាលពីអំឡុងពេល ក្រោយការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧នោះ គេនឹងច្បាស់ថា តើរដ្ឋាភិបាលកម្ពុជា សំអាងលើអ្វី ដើម្បីចូលទៅចាប់ខ្លួន មេដឹកនាំប្រឆាំង ទាំងមានអភ័យឯកសិទ្ធិសភា។
លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់លោក ក្នុងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ថា៖
«អ្វីដែលកម្ពុជាយល់ឃើញ យ៉ាងច្បាស់នោះ គឺថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង និងលូកដៃជ្រៀតជ្រែក ចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តី ថ្លែងការណ៍ផ្ទាល់ របស់អ្នកតំណាងរាស្រ្ត កឹម សុខា។»
ការលើកឡើងរបស់លោក ផៃ ស៊ីផាន នៅពេលនោះ ត្រូវបានប្រព័ន្ធសារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ដកស្រង់យកមកផ្សព្វផ្សាយបន្ត ក្នុងនោះមានប្រព័ន្ធឃោសនា ដ៏ល្បីមួយ របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នោះផង។
ប្រព័ន្ធឃោសនាដដែលនេះ ថែមទាំងបានចុះផ្សាយ តាំងពីពេលនោះមក ម្ដងហើយម្ដងទៀតថា គឺលោក ហ៊ុន សែន នេះតែម្ដង ដែលបាន«ភ្ជាប់សហរដ្ឋអាមេរិក ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ»៕