នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា អាមេរិកមិនបាននៅពីក្រោយព្រឹត្តិការណ៍ «រដ្ឋប្រហារឆ្នាំ១៩៧០»នេះទេ។
បើទោះជាការបដិសេធនោះ មិនមែនជាសេចក្ដីថ្លែងការណ៍ផ្លូវការ តែវាជាប្រតិកម្មដែលធ្វើឡើង ដោយទំព័រហ្វេសប៊ុកផ្លូការរបស់ស្ថានទូត នៅពីក្រោមសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ដោយបានអះអាងថា គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ពីការពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋប្រហារ ឆ្នាំ១៩៧០នោះឡើយ។
ប្រតិកម្មរបស់ទំព័រហ្វេសប៊ុកផ្លូវការ ជាចម្លើយតបនឹងមតិរបស់មន្ត្រីក្រសួងរ៉ែនិងថាមពលម្នាក់ ដាក់ឈ្មោះ «Bong Kla» ដែលលើកឡើងថា «ប្រសិនបើអាមេរិកមិនជួយ លន់ នល់ ទំលាក់សម្តេចតាទេ ក៏គ្មានខ្មែរក្រហមដែរ»។ ស្ថានទូតអាមេរិកបានសរសេរតបថា៖
«សូមអរគុណ ចំពោះមតិរបស់លោកអ្នក។ តែយើងសូមធ្វើការកត់សំគាល់ថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ។ រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយ ដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកទេ។ ផ្ទុយទៅវិញ មានភស្តុតាងយ៉ាងច្រើន ដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្ម ដល់របបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងក្នុងរយៈកាល ក្រោយពីនោះមក។»
កាលពីយប់ថ្ងៃទីពុធម្សិលម្ងៃ ស្ថានទូតអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយ ស្ដីទី«ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា» ដែលមានលក្ខណៈជាការព្រមាន ទៅដល់«រដ្ឋាភិបាល និងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេងប្រជាជន ដែលថាយុត្តិធម៌អាចឈ្នះបាន» និងទៅដល់រដ្ឋាភិបាលណា ដែល«បានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុស ពីផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងលើកឡើង ជាសាធារណៈនិងជាច្រើនដង ចោទសហរដ្ឋអាមេរិក ថាបានប្រពឹត្តិកំហុសជាច្រើនដង នៅក្នុងប្រវត្តិនយោបាយកម្ពុជា ចាប់ផ្ដើមចេញពីកំហុសទី១ គឺ«រដ្ឋប្រហារឆ្នាំ១៩៧០» ទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ និងកំហុសទី២ គឺគាំទ្រឲ្យខ្មែរក្រហម បន្តអង្គុយលើអសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។
កាលពីចុងខែធ្នូ ឆ្នាំទៅម៉ិញ លោក ហ៊ុន សែន បានព្រមានប្រទេសមហាអំណាច កុំឲ្យប្រព្រឹត្តិកំហុសជាលើកទី៣ ដែលបុរសខ្លាំងកម្ពុជាគិតថា គឺគាំទ្រក្រុមប្រឆាំង ក្នុងពេលបច្ចុប្បន្ន ឲ្យមកដណ្ដើមអំណាចពីលោក តាមលក្ខណៈ«មិនប្រជាធិបតេយ្យ»។
ក្នុងសៀវភៅ «សង្គ្រាមរបស់ខ្ញុំ ទល់នឹង”CIA”» របស់សម្ដេចព្រះ នរោត្ដម សីហនុ ដែលចេញផ្សាយក្នុងឆ្នាំ១៩៧២ បានសរសេរថា «រដ្ឋប្រហារទម្លាក់ព្រះអង្គ ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០» ជាលទ្ធផលនៃសម្ព័ន្ធមិត្តនយោបាយ រវាងសត្រូវរបស់ទ្រង់ គឺលោក សឹង ង៉ុកថាញ់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថ សិរីមតៈ និងភ្នាក់ងារចារកម្មជាតិអាមេរិក ហៅថា «CIA» ដែលចង់ដាក់ឲ្យមាននៅកម្ពុជា នូវរបបមួយដែលជា«មិត្ត»របស់សហរដ្ឋអាមេរិក។
ផ្ទុយទៅវិញ ឯកសារឯករាជ្យជាច្រើន ដូចយ៉ាងសៀវភៅ «តើខ្មែរក្រហមឡើងកាន់អំណាចតាមរបៀបណា» របស់លោក «Ben Kiernan» អ្នកស្រាវជ្រាវជាតិអូស្ត្រាលីជាដើម បានសរសេរថា ការពាក់ព័ន្ធដោយផ្ទាល់ ពីសំណាក់រដ្ឋបាលកណ្ដាល របស់សហរដ្ឋអាមេរិក មិនត្រូវបានរកឃើញទេ បើទោះជាមានការអះអាងខ្លះៗថា កងកម្លាំងពិសេសរបស់កងទ័ពអាមេរិក ដែលកាលនោះមានវត្តមាន នៅវៀតណាមខាងត្បូង បានផ្ដល់យោបល់និងការហ្វឹកហាត់មួយចំនួន សម្រាប់ក្រុមអ្នកស្និតនឹងលោក លុន នល់ ក៏ដោយ៕