ស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ បានបន្តគម្រាមរបបក្រុងភ្នំពេញ ឲ្យដោះស្រាយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយភាពត្រឹមត្រូវ និងការគោរព បើសិនជារបបគ្រប់គ្រងមួយនេះ ចង់មានទំនាក់ទំនងល្អ ជាសហរដ្ឋអាមេរិក។
អ្នកស្រី អ៊ីមីលី ហ្សីប៊ើរ (Emily Zeeberg) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានផ្ញើសារអេឡិកត្រូនិក (email) កាលពីថ្ងៃអាទិត្យ ឲ្យអ្នកសារព័ត៌មាន អះអាងពីជំហរខាងលើនេះ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកជាសមាជិកហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ដែលមាន១៨ ប្រទេស ហើយថា សហរដ្ឋអាមេរិកមានការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគេគោរព នៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យបានសរសេរថា៖
«លោក កឹម សុខា ត្រូវបានចោទប្រកាន់ ពីបទឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលការចោទប្រកាន់នេះ វាមិនសមហេតុសមផល និងមិនត្រឹមត្រូវសោះឡើយ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា បានទាញពួកយើង ឲ្យទៅជាប់ទាក់ទងដោយផ្ទាល់ នៅក្នុងសំនុំរឿងនេះ។ ហើយកម្ពុជាមិនអាចមានទំនាក់ទំនង ប្រកបដោយផ្លែផ្កាជាមួយសហរដ្ឋអាមេរិកនោះទេ រហូតដល់ករណីទាំងនេះត្រូវបានដោះស្រាយ ដោយភាពត្រឹមត្រូវ និងការគោរព។»
ជំហររបស់ស្ថានទូតនៃប្រទេសមហាអំណាច ទំនងជាធ្វើឡើង ដើម្បីតបនឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរបបក្រុងភ្នំពេញ ដែលបានប្រតិកម្មនឹងការបង្ហោះសារមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត កាលពីចុងសប្ដាហ៍មុន ជុំវិញករណីដដែល របស់ប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំជាងគេ ដែលត្រូវបានរំលាយចោល ដោយតុលាការរបបក្រុងភ្នំពេញ កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧នោះ បានរងការចោទថា បានឃុបឃិតជាមួយសហរដ្ឋអាមេរិក ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសំអាងទៅលើការថ្លែងមួយរបស់លោក (កឹម សុខា) កាលពីច្រើនឆ្នាំកន្លងទៅ ជាមួយក្រុមអ្នកគាំទ្រ ក្នុងប្រទេសអូស្ត្រាលី។
រាប់ពីថ្ងៃដែលលោក ត្រូវបានចូលទៅចាប់ខ្លួន នៅក្នុងគេហដ្ឋាន រហូតមកដល់ថ្ងៃនេះ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេល ជិត ១៨ខែហើយ។
សារដែលបង្ហោះនៅលើបណ្ដាញសង្គម ដោយស្ថានទូតអាមេរិក កាលពីល្ងាចថ្ងៃសុក្រ បានសរសេរហៅលោក កឹម សុខា ថាជាមនុស្ស «ស្អាតស្អំ» ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។ សាររបស់ស្ថានទូតបានបន្តថា៖
«មិនមានភស្តុតាងណាមួយ ប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ [មាន]ការកំណត់ [ដើម្បី]បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញ រូបភាពរួម[ដូច្នេះឬ]ទេ?»
តែសម្រាប់ក្រសួងការបរទេសកម្ពុជា ការបង្ហោះសារពីសំណាក់ ស្ថានទូតអាមេរិក ដែលមានការចែករំលែក នៅពេលនេះ រហូតដល់ទៅជាង៦៤០០ដងនោះ មានលក្ខណៈ«មិនការទូត» និងបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស បានចាត់ទុកការលើកឡើងនោះ ថាជា«សារអត្ថាធិប្បាយតែមួយជ្រុង លើសំណុំរឿងលោក កឹម សុខា» ហើយស្ថានទូតអាមេរិក ត្រូវបានទាមទារឲ្យ«បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះ»។
ចំពោះលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការលើកឡើង របស់មន្ត្រីស្ថានទូតអាមេរិក ថាកំពុងដើរហួសពីតួនាទីរបស់អ្នកការទូត ដែលលោកអះអាងថា គប្បីត្រូវតែជាអ្នកសម្រួបសម្រួល ជាអ្នកនាំសារ និងជាអ្នកតភ្ជាប់ចំណងមិត្តភាព កាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរ។
លោក ជុំ កុសល ដែលជាពិធីករនយោបាយ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក ស្និតនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមថា៖
«ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមួយចំនួន ដែលមានបេសកកម្មនៅកម្ពជា គឺតែងដើរហួសតួនាទីរបស់ខ្លួន ជ្រៀតជ្រែកចូល ក្នងកិច្ចការផ្ទៃក្នងកម្ពុជាជារឿយៗ ហើយថែមទាំងមានអគ្គរដ្ឋទូតខ្លះ បានបញ្ចេញឥរិយាបថមិនសក្តិសម ជាមន្ត្រីការទូតនៅចំពោះព្រះភ័ក្រព្រះមហាក្សត្រ និងសមាជិករដ្ឋសភានៃកម្ពុជា ថែមទៀតផង។»
រហូតមកដល់ថ្ងៃនេះ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា មិនមានលក្ខណៈពេញលេញទេ ដោយហេតុថា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសមហាអំណាច ដែលត្រូវបានរដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) តែងតាំងរួចជាស្រេចនោះ នៅមិនទាន់ចូលមកកាន់តំណែង ក្នុងរាធានីភ្នំពេញនៅឡើយ។
សម្រាប់ក្រុមអ្នកឃ្លាំមើលខ្លះ បានពន្យល់ថា អវត្តមាននៃឯកអគ្គរដ្ឋទូតពេញសមត្ថភាពរបស់ប្រទេសមហាអំណាច នៅក្នុងខណៈនេះ គឺជាសារដ៏សំខាន់មួយ ដើម្បីបញ្ជូនប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ពីទំនាក់ទំនងខាងការទូត ដែលមិនគ្រប់លក្ខណៈ ក៏ដូចជាបង្ហាញពីមន្ទិល ទាក់ទងនឹងភាពស្របច្បាប់ នៃរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះដែរ៕