កម្ពុជា

សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន នោះដែរ និងបានហៅទង្វើ ដែលឈានទៅដល់ការស្លាប់ របស់សកម្មជនគណបក្សប្រឆាំង ថាជាការ«រំលោភអំណាច»ថ្មីបំផុតមួយទៀត នៅក្នុងយុទ្ធនាការបង្ក្រាប​គណបក្សប្រឆាំង ពីសំណាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការអះអាងរបស់ប្រធានគណកម្មការកិច្ចការបរទេស នៃសភាជាតិសហរដ្ឋអាមេរិក ធ្វើឡើងតាមរយៈទំព័រទ្វីសធើរផ្លូវការ របស់ស្ថាប័ននេះ កាលពីប៉ុន្មានម៉ោងមុន ដោយភ្ជាប់មកជាមួយ នូវសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក ទាក់ទងនឹងសកម្មជនគណបក្សប្រឆាំង ដដែលនោះផង។

ទំព័រទ្វីសធើរនោះ បានស្រង់សំដីលោក មកបង្ហោះថា៖

«ខ្ញុំមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការស្លាប់​ដែលគួរឲ្យសង្ស័យ របស់សមាជិកគណបក្សប្រឆាំង លោក ទិត្យ រ៉ន។ នេះបង្ហាញពីការរំលោភបំពានអំណាច ថ្មី​បំផុតមួយទៀត នៅក្នុងយុទ្ធនាការបង្ក្រាបរបស់លោក ហ៊ុន សែន ប្រឆាំងនឹងគណបក្សប្រឆាំង។»

លោក «Eliot Engel» បានបញ្ជាក់ទៀតថា៖

«កម្ពុជាគួរបញ្ចប់ការធ្វើទុក្ខបុកម្នេញ ខាងនយោបាយ។»

​លោក ទិ​ត្យ រ៉​ន អាយុ​៣៧ឆ្នាំ ត្រូវបានក្រុមនគរបាល​ប៉ុស្តិ៍​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ២០១៩ ហើយត្រូវបានមន្ត្រីពន្ធនាគារ​អះអាងថា បានស្លាប់​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០១៩ ពោល​គឺ៣ថ្ងៃ ក្រោយការចាប់ខ្លួន។

លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម បានអះអាងថា លោក ទិ​ត្យ រ៉​ន បានញ័រ​ដៃ-ញ័រ​ជើង ដូចមនុស្ស​ញៀន​ស្រា រហូត​ដួល​បោក​ក្បាល ទៅ​នឹង​ជ្រុង​អាងទឹក ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន និងបណ្ដាលឲ្យស្លាប់។

តែក្រុម​មេដឹកនាំគណបក្សប្រឆាំង រួមនឹងលោក សម រង្ស៊ី ផង បានចាត់ទុក​ការស្លាប់​របស់​លោក ទិ​ត្យ រ៉​ន គឺជាឃាតកម្ម​នយោបាយ​ថ្មី​មួយទៀត ​នៅ​កម្ពុជា។

សេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន បានលើកឡើង​ពីការកង្វល់ដូចគ្នា តែបានអំពាវនាវ «ឱ្យមានការស៊ើបអង្កេត ដោយឯករាជ្យភ្លាមៗ ចំពោះហេតុការណ៍ ដែលនាំទៅដល់ការចាប់ខ្លួន និងការស្លាប់របស់លោក ទិត្យ រ៉ន»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ បានប្រតិកម្មតបទៅវិញថា មិនចាំបាច់បរទេសណា មកបង្គាប់បញ្ជា ឲ្យកម្ពុជាត្រូវធ្វើនេះ ឬធ្វើនោះឡើយ។ លោកថា ករណីនេះ ជាសមត្ថកិច្ចរបស់តុលាការកម្ពុជា ដែលជាស្ថាប័នមួយឯករាជ្យ ហើយចំណាត់ការ​ទាំងឡាយ របស់​អាជ្ញាធរ​កម្ពុជា គឺ​ស្របតាម​នីតិវិធី​ច្បាប់៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។