កម្ពុជា

ថ្ងៃនេះ​ជាខួប​ទី៥៨ ដែល​តុលាការ​អន្តរជាតិ​សម្រេចថា ព្រះវិហារ​ជា​របស់​ខ្មែរ

ព្រះវិហារ​ជា​របស់​ខ្មែរ ៖ ថ្ងៃទី១៥ ខែមិថុនានេះ កាលពី៥៨ឆ្នាំមុន (ឆ្នាំ១៩៦២) គឺជាថ្ងៃ​ដែល​ប្រជាជាតិខ្មែរ លោត​សប្បាយ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ (ហូឡង់) បានសម្រេច​ឲ្យ​កម្ពុជា​ឈ្នះថៃ លើសំនុំរឿងក្ដី នៃប្រាសាទព្រះវិហារ ដែលត្រូវបាន​ឈ្លានពាន ដោយ​កងទ័ព​ថៃ។

តុលាការក្រុងឡាអេ បានប្រកាសទទួលស្គាល់ទឹកដី នៃប្រាសាទព្រះវិហារ ថាជាកម្មសិទ្ធ​របស់កម្ពុជា ហើយបានដាក់កំហិត ឲ្យប្រទេសថៃត្រូវដកកងទ័ព ចេញពីទីនោះ ព្រមទាំង​សងមកកម្ពុជាវិញ នូវវត្ថុទាំងឡាយណា ដែលថៃបានយកចេញពីប្រាសាទ។

ប្រាសាទព្រះវិហារ ស្ថិតនៅលើខ្នងភ្នំដងរែក ដែលជាជួរភ្នំដ៏វែងអន្លាយ លាតសន្ធឹង នៅ​ស្រប​នឹងព្រំដែន កម្ពុជា-ថៃ។ ប្រាសាទនេះ ដែលសង់ឡើងដោយវីរបុរសខ្មែរ មាន​វ័យ​ចំណាស់ តាំងពីសតវត្សទី១១ និងត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ ពិភពលោក របស់អង្គការអ៊ុយនេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

រូបភាពខាងក្រោមនេះ បង្ហាញពីព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គ បាន​យាងបង្ហូតទង់ជាតិកម្ពុជា នៅលេីកំពូលភ្នំនៃប្រាសាទព្រះវិហារ ដើម្បីបង្ហាញពី​ជ័យជំនះ​នេះផង និងបង្ហាញពី​មោទនភាពជាតិ របស់កម្ពុជានាពេលនោះផង។ (ឯកសារ​របស់​ព្រះបរម​រាជវាំង)

រីឯរូបភាពខាងក្រោម ជាទិដ្ឋភាព នៅក្នុងសាលាក្ដីយុត្តិធម៌អន្តរជាតិ នៅក្រុងឡាអេ (ហូឡង់)។ (ឯកសារ​របស់​ព្រះបរម​រាជវាំង)

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។