អ្នកវិភាគដ៏ល្បីឈ្មោះទាំងពីរនាក់ បានទស្សន៍ទាយដឹងជាមុនហើយ ពីវាសនារបស់គណបក្សប្រឆាំង នៅកម្ពុជា និងថែមទាំងបានលើកឡើង ពី«ពាក្យស្លោកពីរឃ្លា» ដែលឆ្លុះបញ្ចាំង ពីបរិបទស្រុកទេស ក្នុងពេលអនាគតនោះផង។ នេះ បើតាមការលើកឡើង របស់លោកបណ្ឌិត មាស នី នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។
អ្នកវិភាគឯករាជ្យ បានអះអាងថា នៅពីរខែ មុនហេតុការណ៍បាញ់សម្លាប់ លោក និងលោកបណ្ឌិត កែម ឡី បានជួបជជែកគ្នា ប្រមាណជា២ម៉ោង នៅក្នុងហាងកាហ្វេមួយ ស្ថិតនៅសង្កាត់បឹងកេងកក ជុំវិញវាសនា របស់គណបក្សប្រឆាំង។ លោក មាស នី សរសេរថា៖
«ពេលនោះ យេីងបានលេីកយកសេណារីយូ (Scénario) មួយ ដែលយេីងបានដឹងជាមុន ទាក់ទិនទៅនិងលទ្ធភាព ដែលគណបក្សប្រឆាំង នឹងត្រូវគេរំលាយចោល។ ទោះបីពេលនោះ ហាក់ដូចជាមិនមានមនុស្សច្រេីន ជឿយេីងថា វានឹងអាចកេីតឡេីងក៏ដោយ ប៉ុន្តែសំរាប់យេីងទាំងពីរនាក់ យេីងហាក់ដូចជាដឹងប្រាកដថា នឹងមិនអាចចៀសផុតឡេីយ។»
នៅក្នុងការជជែកគ្នានោះ លោកទាំងពីរនាក់ បានលើកយក«ពាក្យស្លោកពីរឃ្លា» មកបញ្ជាក់បន្ថែម។ លោក មាស នី សរសេរថា៖
«ថ្ងៃនោះ យេីងបានលេីកពាក្យស្លោកពីរឃ្លា ដែលដកស្រង់ចេញ ពីទ្រឹស្តីវិទ្យាសាស្ត្រនយោបាយ មកជជែកគ្នាលេង ! -ប្រជាធិបតេយ្យ ជាឧបករណ៌កំដររបបផ្តាច់ការ តែដល់ពេលធំធាត់កាលណា គេនឹងបំផ្លាញចោលទៅវិញ!»
លោក មាស នី បានអះអាងទៀតថា ពាក្យស្លោកទាំងពីរឃ្លា នៅតែមានភាពទាន់សម័យនៅឡេីយ ក្នុងប្រទេស«មួយចំនួន»។ លោកបណ្ឌិតបានបន្តរៀបរាប់ ដោយទំនងជាភ្ជាប់មក នូវភាពក្ដុកក្ដួលដូច្នេះថា៖
«ក្នុងអំឡុងថ្ងៃប្រារព្វបុណ្យខួប៤ឆ្នាំ នៃការសម្លាប់លោកបណ្ឌិត [កែម ឡី] ខ្ញុំសូមធ្វេីការចងចំាពាក្យពីរឃ្លាខាងលេី តែក៌សូមលំអោនកាយ គោរពវិញ្ញាណខន្ធលោក ពីចម្ងាយ សូមព្រលឹងរបស់លោកចូលមកសណ្ឋិត ក្នុងឧត្តមគតិកូនខ្មែររគ្រប់រូប ក្នុងនាមជាវីរៈបុរសជាតិខ្មែរ កុំបីអាក់ខានឡេីយ! យេីងនៅតែជាមិត្តនិងគ្នាជារៀងរហូត! ពីខ្ញុំ មាស នី៕»