«ហ៊ុន សែន អាចនៅមិនបានយូរទៀត» ជាការបង្ហើបចេញ ដោយក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆេះដុំ។ នាយករដ្ឋមន្ត្រីដែលកាន់អំណាច តាំងពីជាង៣០ឆ្នាំ បានប្រតិកម្មតបទៅវិញ ដោយឲ្យក្រុមមន្ត្រីទាំងនោះ ត្រូវរង់ចាំ«ជាតិក្រោយ» បើសិនជាធ្វើនយោបាយ «រង់ចាំ»ឲ្យលោកស្លាប់ដូច្នេះ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក សោរ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសកាណាដា បានបង្ហោះសារខ្លីៗប៉ុន្មានម៉ាត់ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា «លោក ហ៊ុន សែន អាចនៅមិនបានយូរទៀត»។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានបង្ហាញអំណះអំណាង ជុំវិញការសង្កេតរបស់លោក ចំពោះការតម្លើងឋានន្តរស័ក្ដិ និងការតែងតាំងលោក ហ៊ុន ម៉ាណែត ជាកូនច្បងរបស់លោក ហ៊ុន សែន យ៉ាងប្រញាប់ប្រញាល ឲ្យឡើងកាន់តំណែងដ៏សំខាន់ ទាំងនៅក្នុងជួរកងទ័ព និងជួរគណបក្ស។ លោក ចាន់ដេត បានសរសេរថា៖
«តាមការសង្កេតឃើញភាពប្រញាប់ប្រញាល់ នៃការបញ្ចេញឥទ្ធិពល ហ៊ុន ម៉ាណែត យេីងអាចធ្វេីការសន្និដ្ឋានបានថា “សុខភាពលោក ហ៊ុន សែន ឆ្លងមិនផុតទេ” ច្បាស់ជាត្រូវដួលមួយរំពេចភ្នែក។»
សម្រាប់លោក ហ៊ុន សែន ការបង្ហោះសារខាងលើរបស់លោក សោរ ចាន់ដេត អាចជាការប្រមាថដល់អាយុជីវិតរបស់លោក ដែលចង់ឲ្យតែលោកស្លាប់។ ជាមួយរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពធ្វើកីឡាវាយកូនហ្គោល លោក ហ៊ុន សែន បានសរសេរវាយបកទៅលោក សោរ ចាន់ដេត វិញ ដោយលើកឡើងថា អតីតសមាជិកព្រឹទ្ធសភាប្រឆាំងរូបនេះ ធ្លាប់«យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ» និងកំពុង«ធ្វើនយោបាយរង់ចាំ»លោកស្លាប់។
បុរសខ្លាំងកម្ពុជា បានសរសេរក្នុងព្រឹកនេះ នៅលើបណ្ដាញសង្គមថា៖
«សូមផ្តាំទៅលោកម្នាក់ ដែលធ្លាប់យកស្រីជាអនិតិជនអាយុក្រោម១៨ឆ្នាំ នៅខេត្តបាត់ដំបង ដែលរត់ទៅនៅកាណាដា ដែលទើបបង្ហោះក្នុង Facebook ថា លោក ហ៊ុន សែន នៅមិនបានយូរទៀត ដែលចង់សំដៅលើសុខភាពខ្ញុំ ថាមិនអាចរស់បានយូរទៀត។»
«សូមលោកយកចិត្តទុកដាក់លើសុខភាពខ្លួនឯង ប្រសើរជាងគិតមកដល់រូបខ្ញុំ និងប្រសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ ទើបហ៊ានចូលស្រុកដើម្បីតស៊ូ សុំរង់ចាំជាតិក្រោយចុះ ព្រោះលោកនឹងស្លាប់មុនខ្ញុំ។»
ប៉ុន្តែរឿងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ។ លោក សោរ ចាន់ដេត បានតបវិញ ដោយអះអាងថា លោក ហ៊ុន សែន ស្គាល់លោកមិនច្បាស់ទេ ដែលផ្ទុយពីរូបលោក ដែលស្គាល់លោក ហ៊ុន សែន ច្បាស់ ដោយហេតុថា លោកក៏ធ្លាប់ជាសមាជិកគណបក្សប្រជាជនកម្ពុជាដែរ។ លោក ចាន់ដេត បានបន្តថា៖
«ដូច្នេះខ្ញុំ នៅមានមិត្តភ័ក្ដិខ្ញុំ ដែលស្និទ្ធស្នាលនឹងលោក ហ៊ុន សែន ច្រើន ហេីយខ្ញុំតែងតែសួរនាំពួកគេ អំពីបញ្ហាសុខភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ជារឿយៗធម្មតាទៅហើយ ពិសេសសុខភាពរបស់លោក “ហ៊ុន សែន” តែម្ដង ព្រោះធ្លាប់មានអនុស្សាវរីយ៍។»
ប៉ុន្មានថ្ងៃចុងក្រោយនេះ គេមិនបានឃើញវត្តមានលោក ហ៊ុន សែន បង្ហាញខ្លួនជាសាធារណៈ ដូចដែលលោកធ្លាប់បានធ្វើជារឿយៗទេ ជាពិសេសនៅក្នុងស្ថានភាពនយោបាយ ដែលមេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត កំពុងបង្កើនសកម្មភាពខ្លាំងពីក្រៅប្រទេសមកនោះ។
កាលពីចុងខែកន្លងទៅ លោកនាយករដ្ឋមន្ត្រីខ្លួនឯង ក៏បានប្រកាសឲ្យដឹងដែរថា គ្រូពេទ្យបានហាមលោក មិនឲ្យឈរនិងអង្គុយយូរឡើយ។ ជាពិសេស គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនហ្គោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនេះ។
បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមួយរូបទៀត ក៏បានលូកមាត់ចូលក្នុងបញ្ហាសុខភាពរបស់លោក ហ៊ុន សែន ដែរ។ លោក គង់ សុភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានបង្ហើបថា ជំងឺចាស់របស់លោក ហ៊ុន សែន កំពុងឈឺរើត្រឡប់មកវិញ ហើយថាលោក ហ៊ុន សែន កំពុងយករូបថតចាស់ៗ ស្ដីពីការលេងកីឡាវាយកូនគោល យកមកបង្ហោះឡើងវិញ ដើម្បីបិតបាំងភ្នែកមហាជន។
លោក គង់ សុភា បានអះអាងដូច្នេះ ភ្លាមៗបន្ទាប់ពីប្រតិកម្មរបស់លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ៖
«តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជំងឺចាស់ (ជំងឺរលាកឆ្អឹងចង្កេះ) របស់សម្តេចបាននិងកំពុងរេីឡេីងវិញ។ ទោះបីសម្តេចខិតខំយករូបចាស់វាយកូនហ្គោល ទៅផុសពេលនេះ ក៌មិនអាចបិទបាំងភ្នែកមហាជន ថាអត់មានជំងឺបានដែរ។»
លោកបន្តថា៖
«ទោះសម្តេចតេជោ មានលុយនិងមានអំណាចខ្លាំងប៉ុណ្ណា ក៏មិនអាចទិញ ឬបញ្ជារមនុស្សឲ្យមកឈឺ ឬស្លាប់ជំនួសសម្តេចបានឡេីយ។»៕