កម្ពុជា

ក្រុងភ្នំពេញដេញ​អ្នកកាសែតចិនម្នាក់ ព្រោះផ្សាយ​ថា កម្ពុជាលក់វ៉ាក់សាំង

ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់​វិលចូលកម្ពុជា​ជាថ្មី បន្ទាប់ពីអ្នកកាសែតរូបនេះ បាន​ចុះផ្សាយអត្ថបទ ជាភាសាចិន ដែលមានខ្លឹមសារ​​ជាខេមរភាសាថា «កម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន ក្នុងតម្លៃ១២០ដុល្លារ»។

សេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីមហាផ្ទៃ ដែលចុះហត្ថលេខាក្នុងថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកុម្ភៈ បានសរសេរឲ្យដឹងថា៖

«បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូល​​ព្រះរាជាណាចក្រ​កម្ពុជា​​ជាថ្មី។»

លោក «Shen Kaidong» បានសរសេរនៅលើទំព័រ «Angkor Today» នៃបណ្ដាញ «Webchat» ថា «កម្ពុជា​បានយកវ៉ាក់សាំង កូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន មកលក់ក្នុងតម្លៃថ្លៃ»។

សំណេររបស់លោក «Shen Kaidong» ត្រូវបានអ្នកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាស​ច្រានចោល ដោយចាត់ទុក​សេចក្ដីរាយការណ៍ខាងលើ​ថា ជា«Fake News» និងជា«រឿងផ្ដេសផ្ដាសបំផុត»។

លោក «Shen Kaidong» អាយុ៥២ឆ្នាំ ដែលបានចូលមកកម្ពុជា កាលពីជាង១០ឆ្នាំមុន ត្រូវបាននគរបាល​ចាប់​ឃាត់ខ្លួន​​នៅខេត្ត​សៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ។ លោកបានរងការចោទប្រកាន់ថា បានផ្សាយ​ព័ត៌មានបំភ្លៃការពិត មានចេតនា​ទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពចលាចលនៅក្នុងសង្គម ដែលអាច​ធ្វើឲ្យប៉ះពាល់​ដល់សន្តិសុខជាតិ។

គ្មានសាលក្រមសម្រេច​ពីតុលាការ ដែលបង្ហាញថា អ្នកសារព័ត៌មានខាងលើ បានប្រព្រឹត្តិកំហុស ដូចការចោទប្រកាន់ ហើយរបប​ក្រុងភ្នំពេញ ក៏មិនបានបើកផ្លូវ​ឲ្យបុរស​​រងការបណ្ដេញចេញរូបនេះ អាចធ្វើការប្ដឹងឧទ្ធរណ៍ ទៅលើ​ការសម្រេច​របស់លោក ស ខេង នោះដែរ។

ទន្ទឹមនឹងសេចក្ដីប្រកាសរបស់លោក ស ខេង ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណ កាសែតអនឡាញ «Angkor Today» ដែលជាស្ថាប័នរបស់លោក «Shen Kaidong» ដូចគ្នា។ ពីមុនកាសែតនេះ មានឈ្មោះថា «Angkor Times ហើយមានម្ចាស់អាជ្ញាបណ្ណ​ជាជនជាតិខ្មែរ ឈ្មោះ អ៊ុង គង្គា។

កម្ពុជាលក់វ៉ាក់សាំង ថ្លៃ… ១២០ ឬ៤៥០​ដុល្លារ ?

លោក «Shen Kaidong» ជាអ្នកកាសែតបរទេសទី១ហើយ ដែលត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោមបទ​ចោទប្រកាន់ ថាបានផ្សាយ​ព័ត៌មានមិនពិត។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយ មានសារជាភាសាចិនមួយ ត្រូវបានផ្ញើរនៅតាមទូរស័ព្ទដៃ និងសារមួយចំនួនទៀត ត្រូវបាន​បង្ហោះ​នៅលើបណ្ដាញសង្គម អះអាងអំពីការលក់វ៉ាក់សាំងចិន ក្នុងតម្លៃ១២០ដុល្លារ ឬ៤៥០ដុល្លារ (រូបផ្ដិតពីអេក្រង់​ខាងក្រោម)។

នៅចំពោះព័ត៌មានទាំងនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា​បានចេញមុខ ប្រកាសប្រាប់បណ្ដាជនចិននៅកម្ពុជា ថាគ្មាន​ការដាក់លក់វ៉ាក់សាំង នៅតាមទីផ្សារទេ និងអះអាងថា វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​បានយ៉ាងល្អ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។