កម្ពុជា

ការពង្រត់ វ៉ាន់ឆាឡឺម៖ កម្ពុជាគួរ​បញ្ចប់​​​ការធ្វើ​មិនដឹងឮ​«ដ៏គួរឲ្យ​អស់សំណើច»

ជាថ្មីម្ដងទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បានស្នើឲ្យអាជ្ញាធរ​កម្ពុជា គួរ​បញ្ចប់​ការធ្វើ​មិនដឹងឮ «ដ៏គួរឲ្យ​អស់សំណើច» ចំពោះករណីលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) សកម្មជន​​នយោបាយថៃ ដែល​ត្រូវ​បាន​ចាប់ពង្រត់ នៅខាងមុខ​លំនៅដ្ឋានរបស់គាត់ កណ្ដាល​រាជធានី​ភ្នំពេញ កាលពី​ដើមខែ​កន្លងមក។

ការទទូចស្នើសុំម្ដងទៀត របស់អង្គការខាងលើ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ដោយទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ត្រូវស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បី​ជាពន្លឺដល់ការសង្ស័យ និងធានា​ដល់​សុវត្ថិភាព របស់សកម្មជន​រូបនេះ។

តាម​រយៈ​សេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយនោះ អង្គការអន្តរជាតិ​ជំនាញខាងឃ្លាំ​មើល​សិទ្ធិមនុស្ស បានលើក​មកបង្ហាញ នូវសាក្សីនិងភស្ដុតាង​ជាច្រើន ដែលអង្គការមួយ​នេះ​អះអាងថា ការចាប់ពង្រត់​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ជាករណីដែលហួសពីរឿង ដែលគួរឲ្យ​​ទទួលយក​បាន។

លោក ប្រ៊ែដ អាដាម (Brad Adams) ​នាយក​ប្រចាំ​តំបន់​អាស៊ី​ នៃអង្គការមួយនេះ ត្រូវបានស្រង់​សំដី មកបញ្ជាក់​ថា៖

«រដ្ឋាភិបាលកម្ពុជា គួរតែបញ្ចប់ការធ្វើមិនដឹងឮ “ដ៏គួរឲ្យ​អស់សំណើច”របស់ខ្លួន នៅ​ចំពោះ​សាក្សី និងភ័ស្តុតាង​ជាច្រើន [ដូចដែលអង្គការលោក បានរៀបរាប់រួច]។ ការដឹកនាំ​​​ដោយ​ប្រើកណ្ដាប់ដៃ​ដែក របស់លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន គួរតែ​មិនធ្វើ​ឲ្យគេសង្ស័យឡើយ ក្នុងការចេញបញ្ជាភ្លាមៗ ដើម្បីតាមស្វែងរក លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។»

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានស្រង់សំដី ដោយប្រព័ន្ធ​ឃោសនា​ក្នុងស្រុក មក​ផ្សព្វផ្សាយ​ថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មិនបានមកសុំ​ពន្យាពេល​ទិដ្ឋាការ តាំងពីឆ្នាំ២០១៧ និងបានបាត់ដំណឹង ពីពេលនោះរហូតមក។ តែលោក ខៀវ សុភ័គ បានទទួលស្គាល់ថា៖

«បើបុគ្គលនេះ រស់នៅក្នុងកម្ពុជា គឺរស់នៅដោយខុសច្បាប់ហើយ ប៉ុន្តែគាត់ទៅណា ក៏យើងមិនបានដឹង តាំងពី​ពេលនោះមក។»

សកម្មជនប្រជាធិបតេយ្យ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បាននិរទេស​ខ្លួន មករស់នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពីឆ្នាំ២០១៤។ សាក្សីជាច្រើននាក់ ដែលត្រូវបានស្រង់សំដី ដោយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) បាន​អះអាងថា សកម្មជនរូបនេះ ត្រូវបានចាប់ពង្រត់ ពីខាងមុខ​អាគារ​ស្នាក់នៅរ​បស់លោក នៅវេលា​ម៉ោង​ប្រមាណ ជាង៥ល្ងាច ថ្ងៃ​ព្រហស្បត្តិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយជន​បិទមុខ​មួយក្រុម ប្រដាប់ដោយអាវុធ។

រូបភាពកាម៉េរាសុវត្ថិភាព ដែលផ្សព្វផ្សាយ ដោយប្រព័ន្ទទូរទស្សន៍ថៃ បានបង្ហាញថា ភ្នាក់ងារ​សន្តិសុខខ្មែរពីរនាក់ មានបំណងចូល​ទៅធ្វើ​អន្តរាគម តែបានអាក់ខាន​វិញ ដោយទំនងជាខ្លាច ក្រុមជនបិទមុខ​ទាំងនោះ ដែល​​ប្រដាប់​​ដោយអាវុធ។

យ៉ាងណា លោក ខៀវ សុភ័គ មិនបានអើពើ ចំពោះការ​លើកឡើង របស់សាក្សី​ជាច្រើន​នាក់​ខាងលើ ដែលត្រូវ​អ្នកកាសែត​សម្ភាសបាន និងរូបភាពកាម៉េរ៉ាសុវត្ថិភាព ដែលត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បង្ហាញចេញ​ជាសាធារណៈ​នោះឡើយ។

ផ្ទុយទៅវិញ លោក ​ឆាយ គឹម​ខឿន ​អ្នក​នាំពាក្យនគរបាលជាតិកម្ពុជា បានសំដែងក្ដី​មន្ទិល​ត្រឡប់វិញ ចំពោះ​ព័ត៌មាន​ នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​​រូប​នេះ ថាតើវា«ពិត»ដល់កម្រិត​ណា?

សម្រាប់លោក ប្រ៊ែដ អាដាម បានសង្កត់ធ្ងន់ថា៖

«ការ​ចាប់​ខ្លួន​សកម្មជន ​ដ៏ល្បីឈ្មោះ​របស់​ថៃ ​នៅ​តាម​វិថីរាជធានី​ភ្នំពេញ ​គឺជា​រឿងថ្មី​ និង​ជា​របត់​​ដ៏​គ្រោះថ្នាក់ ដែល​ទាមទារ​ ឲ្យមាន​ការឆ្លើយ​តប​ ជា​បន្ទាន់​ និង​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន ​ពីអាជ្ញាធរ​កម្ពុជា។ រដ្ឋាភិបាលកម្ពុជា ​គួរ​តែ​បញ្ឈប់​ការ​បដិសេធ​រឿង​ ដែល​មិន​អាច​ប្រកែក​បាន​ ​និង​ស្វែង​រកលោក​ វ៉ាន់ឆាឡឺម​ ជា​បន្ទាន់​ ដើម្បីធានា​សុវត្ថិភាព​របស់​លោក។»

​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ​មាន​ទំនាក់​ទំនងយ៉ាងជិតស្និត ​ជាមួយ​រណសិរ្ស​រួបរួម ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ (The United Front for Democracy Against Dictatorship – UDD)​ ដែលគេ​ស្គាល់​ថា ​ជា​ក្រុម​អាវ​ក្រហម​របស់​ប្រទេសថៃ។​

យុវជនអាយុ៣៧ឆ្នាំរូបនេះ បានបន្តធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើ​លោក ប្រាយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha) ដែលជានាយករដ្ឋមន្ត្រីសព្វថ្ងៃ របស់​ប្រទេស​ថៃ។ វីដេអូ​ចុងក្រោយ របស់លោក វ៉ាន់ឆាឡឺម ធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ក៏ជា​ការរិះគន់ ទៅលើ​អតីត​មេទ័ពថៃរូបនេះ ដែលបានដឹកនាំធ្វើរដ្ឋប្រហារ កាលពីឆ្នាំ​២០១៤​នោះដែរ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។