រដ្ឋាភិបាល ស៊ុយអែត បានប្រកាសសម្រេចជាផ្លូវការ ឈប់ផ្តល់ជំនួយអភិវឌ្ឍន៍ ដល់រដ្ឋាភិបាលកម្ពុជា ដោយបង្វិលជំនួយទាំងនោះ សម្រាប់ការលើកកម្ពស់ វិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋវិញ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតស៊ុយអែត ដែលចេញផ្សាយ ក្នុងថ្ងៃទី១២ ខែមិថុនានេះ។
សេចក្ដីថ្លែងការណ៍ បានលើកឡើងពីហេតុផល ដែលនាំឱ្យប្រទេសស៊ុយអែត សម្រេចកាត់ផ្តាច់ជំនួយ មកឲ្យរដ្ឋាភិបាលកម្ពុជា ថាមកពីលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស រួមទាំងសេរីភាព នៃការបញ្ចេញមតិ និងលទ្ធភាពសម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ប្រតិបត្តិដោយសេរី កំពុងតែទទួលរង នូវការរឹតត្បិតខ្លាំង នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។
លោក ភីធឺរ អេរីកសុន (Peter Eriksson) រដ្ឋមន្ត្រីស៊ុយអែតទទួលបន្ទុកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អន្តរជាតិ ត្រូវបានស្រង់សំដី មកចុះផ្សាយក្នុងសេចក្ដីថ្លែងការណ៍ខាងលើថា លំហប្រជាធិបតេយ្យនៅកម្ពុជា រងការរឹតត្បិតខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលធ្វើឱ្យស៊ុយអែត ពិបាកក្នុងការបន្តកិច្ចសហប្រតិបត្តិការ ឱ្យបានទូលំទលាយ និងជិតដិត ជាមួយរដ្ឋាភិបាលកម្ពុជា។
ដូច្នេះហើយ រដ្ឋាភិបាលស៊ុយអែតអះអាងថា ជាការចាំបាច់ណាស់ ក្នុងការផ្ដោតលើកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតឱ្យបាន ជាលក្ខខណ្ឌខុសប្លែកពីមុន ក្នុងការចូលរួមចំណែក ឱ្យមានការអភិវឌ្ឍន៍ ផ្នែកប្រជាធិបតេយ្យ បានប្រសើរជាងមុន នៅកម្ពុជា។
លោករដ្ឋមន្ត្រី ភីធឺរ អេរីកសុន បន្តឲ្យដឹងទៀតថា ប្រទេសស៊ុយអែត នឹងនៅតែបន្តគាំទ្រសង្គមស៊ីវិល អ្នកការពារ សិទ្ធិមនុស្ស និងអ្នកតស៊ូមតិឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា។
ការបញ្ឈប់ការផ្ដល់ជំនួយអភិវឌ្ឍន៍ទ្វេភាគី ដល់របបក្រុងភ្នំពេញ នឹងត្រូវធ្វើជាដំណាក់ៗ ហើយនឹងចប់សព្វគ្រប់ ក្នុងរយៈពេលយ៉ាងយូរបំផុត ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំក្រោយ។
ប្រតិកម្មក្នុងពេលភ្លាមៗ នៅក្រោយការផ្សាយសេចក្ដីថ្លែងការណ៍ខាងលើ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានហៅជំហរថ្មី របស់រដ្ឋាភិបាលស៊ុយអែត ថាជា«Confrontational Approach (យន្តការប្រឈមមុខដាក់គ្នា)» និងជាយុទ្ធសាស្ត្រមិនត្រឹមត្រូវ។
លោក ម៉ាលីន បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គម តែបានលុបប្រតិកម្មនេះចេញវិញ នៅប៉ុន្មាននាទីក្រោយមក។ តែការលើកឡើង របស់មន្ត្រីអ្នកនាំពាក្យ ដែលអ្នកសារព័ត៌មាន ចាប់ថតទាន់ បានអះអាងទៀតថា រដ្ឋាភិបាលស៊ុយអែត នឹងទទួលបរាជ័យ ជុំវិញការប្តូរយុទ្ធសាស្រ្ត ឈប់ជួយរដ្ឋាភិបាលកម្ពុជាខាងលើ។
កាលពីឆ្នាំ២០១៩ ជំនួយអភិវឌ្ឍន៍របស់ប្រទេសស៊ុយអែត ក្រោមរូបភាព ជាជំនួយឥតសំណង ផ្អែកតាមយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី មានកម្រិតជាទឹកប្រាក់ ប្រមាណជិត ២៤លានដុល្លារ។ ប្រទេសអ៊ឺរ៉ុបមួយនេះ បានផ្តល់ជំនួយដល់កម្ពុជា តាំងពីឆ្នាំ១៩៧៩មក ក្រោមរូបភាព ជាជំនួយមនុស្សធម៌។
បើរាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ប្រទេសស៊ុយអែត ក៏បានផ្តល់ជំនួយឥតសំណង ក្នុងទឹកប្រាក់ប្រមាណ ១២៥លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដោយបានផ្តោតលើវិស័យអភិបាលកិច្ច យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ និងវិស័យបរិស្ថាន៕