កម្ពុជា

ស៊ន តារា ប្រកាស​«ដើរស្រាត​ចូលស្រុក» បើ ហ៊ុន សែន បិទហ្វេសប៊ុក

លោក ស៊ន តារា អ្នកគាំទ្រគណបក្សប្រឆាំងមួយរូប ដែលកំពុងនៅក្នុងប្រទេសបារាំង បានប្រកាសថា លោក នឹង«ដើរស្រាត​ចូលស្រុក»វិញ ប្រសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បិទបណ្ដាញសង្គមហ្វេសប៊ុក នៅកម្ពុជាមែននោះ។

លោក ស៊ន តារា បានអះអាងឡើងយ៉ាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅបន្ទាប់ពីហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបង្ហោះសារមួយ អះអាងថា នឹងបិទហ្វេសប៊ុក លែងឲ្យមានដំណើរការនៅកម្ពុជា ប្រសិនណាជាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញសង្គមយក្សមួយនេះ បិទទំព័រឬគណនីរបស់លោក។

សារដែលបង្ហោះ នៅលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈកន្លងមក មុននឹងត្រូវលុបចេញវិញ នៅប្រមាណជាមួយម៉ោងក្រោយមក។ សំណេរនោះបានឲ្យដឹងថា៖

«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»

ក្រោយបន្តិចមក សារខាងលើត្រូវបានជំនួស ដោយសារមួយទៀត មានសេចក្ដីថា៖

«នៅមុននេះបន្តិច មានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច “Account Facebook” ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មាន អស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន “Facebook” កំពុងសើបអង្កេតជនអគតិ ដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង។»

សម្រាប់អតីតសាស្ត្រាចារ្យទស្សនវិជ្ជា លោក ស៊ន តារា មិនបានគិតថា លោក ហ៊ុន សែន មានចេតនាចង់បិទបណ្ដាញសង្គម នៅក្នុងប្រទេសកម្ពុជានោះទេ។ លោកអះអាងថា៖ 

«បើ ហ៊ុន សែន ហ៊ាន​បិទហ្វេសប៊ុកនៅកម្ពុជាមែន ខ្ញុំ​ ស៊ន​ តារា ​នឹង”ដើរស្រាត​ចូលស្រុក”ខ្មែរ។»

លោក ស៊ន តារា ដែលជាម្ចាស់ពាក្យ «ហ៊ុន សែន ចប់ហើយ! ប្ដូរ!» ដ៏ល្បីល្បាញ បានបន្តពន្យល់យ៉ាងវែងអន្លាយ នៅក្នុងវីដេអូផ្សាយផ្ទាល់មួយ ​របស់លោកថា៖

លោក ហ៊ុន សែន ធ្លាប់ប្រតិកម្មជាសាធារណៈ តបលោក ស៊ន តារា មិនតិចដងទេ ជាពិសេសតបនឹងពាក្យបីបួនមាត់ ដ៏ល្បី​របស់អតីតសាស្ត្រាចារ្យរូបនេះ ដែលមានខ្លឹមសារថា «ហ៊ុន សែន ចប់ហើយ! ប្ដូរ!»។ មានម្ដងនោះ លោក ហ៊ុន សែន បានហៅលោក ស៊ន តារា ថា«អាឡប់»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។