ពិភពលោក

អតីតមេធាវី ត្រាំ បើកពោះ​ហៅ ត្រាំ ថាជាជន​«បោកបន្លំ ប្រកាន់ពូជសាសន៍»

លោក ដូណាល់ ត្រាំ (Donald Trump) គឺជាជន«បោកបន្លំ ប្រកាន់ពូជសាសន៍»។  នេះ ជាការបើកពោះថ្លែងឡើង របស់លោក ម៉ៃឃើល កូអេន (Michael Cohen) អតីតមេធាវីការពារក្ដីឲ្យលោក ត្រាំ នៅក្នុងសវនាការរបស់រដ្ឋសភាអាមេរិក កាលពីថ្ងៃពុធ។ លោក កូអេន បានហៅប្រធានាធិបតីអាមេរិក ថាជា«ជនរើសអើងពូជសាសន៍ ជនបោកប្រាស់ ជនឆរបន្លំ»។

ថ្លែងចំពោះគណៈកម្មាធិការស៊ើបអង្កេត ដែលមានសមាជិកជាង១០នាក់ របស់រដ្ឋសភានៃប្រទេសមហាអំណាច លោក ម៉ៃឃើល កូអេន បានអះអាងថា លោក ដូណាល់ ត្រាំ ពិតជាបានដឹងជាមុន ពីការទម្លាយឯកសារដោយគេហទំព័រ «WikiLeaks» ជុំវិញរឿងរ៉ាវរបស់អ្នកស្រី ហ្លីឡារី គ្លីនតុន (Hillary Clinton) អតីតបេក្ខនារីប្រធានាធិបតី ដែលជាគូប្រជែង​ចុងក្រោយ​របស់លោក ត្រាំ។

លោក កូអេន បានលើកឡើង ពីទំនាក់ទំនងជាមួយប្រទេសរ៉ុស្ស៊ី ជុំវិញការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងចុងឆ្នាំ២០១៦ ដូច្នេះថា៖ 

«គេបានចោទសួរ តើខ្ញុំមានភស្ដុតាងដោយផ្ទាល់ បង្ហាញថាលោក ត្រាំ និងក្រុមការងារឃោសនាបោះឆ្នោតរបស់គាត់ បានរៀបចំផែនការ ជាមួយប្រទេសរ៉ុស្ស៊ីឬទេ? ខ្ញុំគ្មានភស្ដុតាងទេ។ ខ្ញុំចង់បញ្ជាក់ឲ្យបានច្បាស់។ ប៉ុន្តែខ្ញុំបានសង្ស័យដែរ។»

លោកបានបន្តបកអាក្រាតទៀតថា អតីតកូនក្ដីរបស់លោក (គឺលោក ដូណាល់ ត្រាំ) បានប្រាប់ឲ្យលោក«កុហក» ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជុំវិញគម្រោងសាងសង់អាគារដ៏ធំសម្បើម នៅក្នុងប្រទេសរ៉ុស្ស៊ី។

អតីតមេធាវីការពារក្ដី​តាំងពីឆ្នាំ២០០៧ ឲ្យលោក ដូណាល់ ត្រាំ រូបនេះ នៅបានលើកមករៀបរាប់ជាច្រើនម៉ោង ទាក់ទងនឹងកិច្ចការអាថ៌កំបាំងជាច្រើន របស់ប្រធានាធិបតីអាមេរិកជំនាន់ទី៤៥ ជាពិសេសរឿងរ៉ាវ ដែលពាក់ព័ន្ធនឹងទំនាក់ទំនង ជាមួយប្រទេសរ៉ុស្ស៊ី។ ជាមួយនឹងសម្លេងញ័រៗផង លោក កូអេន បានសុំការអភ័យទោស ដែលមិនបានអនុវត្តន៍ឲ្យបានត្រឹមត្រូវ នៅពេលលោក​ធ្វើជាមេធាវី​ការពារក្ដី​ឲ្យលោក ត្រាំ។

«បោកបន្លំ ប្រកាន់ពូជសាសន៍»? លោក ត្រាំ ប្រតិកម្មតបថា «កុហក»

កាលពីខែធ្នូកន្លងទៅ លោក ម៉ៃឃើល កូអេន ត្រូវបានតុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទគេច-បន្លំការបង់ពន្ធ បទបំពាន និងរំលោភ លើច្បាប់បោះឆ្នោត។ លោកត្រូវបានរារាំងអស់មួយជីវិត ចេញពីអាជីពជាមេធាវី ហើយនឹងត្រូវចាប់ដាក់ពន្ធនាគារ នៅថ្ងៃទី៦ ខែឧសភាខាងមុខ ខណៈក្នុងអំឡុងពេលនេះ លោកកំពុងប្ដឹងឧទ្ធរណ៍ ជំទាស់នឹងសាលក្រមខាងលើ។

ប៉ុន្តែការលើកឡើងរបស់លោក កូអេន មិនបានលាក់ជិត ពីត្រជៀកលោក ដូណាល់ ត្រាំ ដែលកំពុងមានវត្តមាន ក្នុងរដ្ឋធានី ហាណូយ ប្រទេសវៀតណាម ក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងនោះទេ។ បើតាមទូរទស្សន៍ «CNN» បានឲ្យដឹងថា លោក ត្រាំ បានទស្សនាការផ្សាយផ្ទាល់ ពីសវនាការខាងលើ នៅក្នុងចន្លោះពេល នៃការជួបចរចារបស់លោក ជាមួយលោក គីម ជុងអ៊ុន (Kim Jun-Un) អគមគុទេសន៍កូរ៉េខាងជើង។

សម្រាប់ប្រធានាធិបតី បានចាត់ទុកការថ្លែងរបស់លោក កូអេន ថាជាការភូតកុហក ដើម្បីជាថ្នូរនឹងការសម្រាលទោស។ លោក ត្រាំ បានសរសេរថា៖

«ម៉ៃឃើល កូអេន ធ្លាប់ជាមេធាវីម្នាក់ ពីក្នុងចំណោមមេធាវីជាច្រើន ដែលបានតំណាងឲ្យខ្ញុំ។ [ពេលនេះ] គាត់និយាយកុហក ដើម្បីអាចជួយសម្រាលទោសរបស់គាត់ នៅក្នុងពន្ធនាគារ។»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។