កម្ពុជា

សុខ ឥសាន សារភាពថា​នាឡិកា​លោកពាក់​មានតម្លៃ ១លានដុល្លា

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់នាឡិកាតម្លៃរាប់លានដុល្លា នោះជារឿងដ៏​ចាំបាច់ ព្រោះ​សូម្បី​មន្ត្រី​ក្រោម​បង្គាប់ ដែលមានឋានៈ ត្រឹមអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ក៏ពាក់នាឡិកាមានតម្លៃ ដល់​«១លានដុល្លា»​ដែរ។ នេះ ជាសំដី​សារភាព​ផ្ទាល់មាត់​របស់​លោក សុខ ឥសាន ដើម្បីប្រតិកម្ម​តបនឹង​ការចុះផ្សាយ​ព័ត៌មាន ស្ដីពី​ការបង្ហាញ​សម្ភារៈ​លំអខ្លួន របស់មេដឹកនាំកម្ពុជា ដោយ​សារព័ត៌មាន​នៅបរទេស។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយពីរបាយការណ៍នេះរួចហើយ កាលពីដើមខែកក្កដាថា លោក ហ៊ុន សែន បានបង្ហាញនាឡិការបស់លោក តម្លៃជាង៣លានដុល្លារ នៅក្នុងការបង្ហោះសារ នៅលើបណ្ដាញសង្គម ស្ដីពីការចែកប្រាក់ ចំពោះ«គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩»។

ការបង្ហាញគ្រឿងលំអខ្លួន ដែលមានតម្លៃដ៏ថ្លៃនេះ ទើបត្រូវបានសារព័ត៌មានបរទេសមួយ ឈ្មោះ «Vice» យកមកចុះផ្សាយជាថ្មីទៀត កាលពីថ្ងៃទី២៨ ខែកក្កដា ដោយអះអាង​បន្ថែម​ថា នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានប្រាក់បៀវត្សរ៍ត្រឹមតែ ២៥០០ដុល្លារ ក្នុងមួយខែ តែមាននាឡិកាពាក់ តម្លៃ​រហូតដល់​ទៅច្រើន​លានដុល្លារ និងមិនមែន​មានតែ​នាឡិកា​មួយទេ។

ប្រតិកម្មតបនឹងការចុះផ្សាយព័ត៌មានខាងលើ លោក សុខ ឥសាន បានលើកយក​អំណះអំណាង​មួយ មកបញ្ជាក់តាមវិទ្យុអាស៊ីសេរី (RFA) កាលពីមុននេះបន្តិច។ នោះ គឺត្រឹម​រូបលោក ដែលជាអ្នកនាំពាក្យ មាននាឡិកាពាក់ តម្លៃ១លានដុល្លារហើយ ចុះទម្រាំ​លោក ហ៊ុន សែន ដែលជាប្រធានគណបក្ស មិនអាចពាក់នាឡិកាដែលអន់ ឬថោកជាង​រូបលោក​នោះទេ។

អ្នកនាំពាក្យគណបក្សកាន់អំណាច​ថ្លែងថា៖

«គ្រាន់តែខ្ញុំ ពាក់តម្លៃមួយលានទៅហើយ នាឡិកាខ្ញុំរាល់ថ្ងៃនេះ។ ជឿដែរឬអី? ហាសហាស… ហើយចុះគ្រាន់តែខ្ញុំ អ្នកនាំពាក្យ [ពាក់នាឡិកាតម្លៃ] មួយលានទៅហើយ ចុះគាត់ប្រធានបក្ស រឿងអីទៅពាក់ [នាឡិកាតម្លៃ] ៥សែន? អាហ្នឹងវាអញ្ចឹង៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។