ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានប្រកាសសារជាថ្មី ថាលោកមិនបាននៅពីក្រោយ «ការនិរទេសខ្លួន»របស់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៥ នោះទេ។ ការអះអាងនេះ ធ្វើឡើងជាលើកទីពីរ បន្ទាប់ពីលោកបានច្រានចោលម្ដងហើយ កាលពីចុងខែកន្លងទៅ។
កាលនោះ លោក សម រង្ស៊ី បានថ្លែងពីសហរដ្ឋអាមេរិក តាមរយៈវិទ្យុអាស៊ីសេរី ទម្លាយអាថ៌កំបាំងថា គឺលោក ស ខេង ជាអ្នកផ្ដល់ដំណឹង ទៅឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដើម្បីបញ្ជូនដំណឹងទៅលោក សម រង្ស៊ី ឲ្យមេដឹកនាំប្រឆាំងរូបនេះ ត្រូវផ្អាកដំណើរវិលចូលកម្ពុជា ដើម្បីអនុញ្ញាតឲ្យរូបលោក (ស ខេង) អាចរៀបចំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ជាមុនសិន។
តបនឹងការលើកឡើងនោះ លោក ស ខេង បានបដិសេធថា លោកនៅពីក្រោយខ្នង នៃការនិរទេសខ្លួន របស់លោក សម រង្ស៊ី ហើយសារបដិសេធដដែលនោះ ត្រូវបានទំព័រផ្លូវការ របស់លោករដ្ឋមន្ត្រីមហាផ្ទៃ យកមកបង្ហោះឡើងវិញ កាលពីម្សិលម៉ិញ។
អ្វីដែលប្លែក នៅត្រង់ថា សារខាងលើត្រូវបានសារព័ត៌មាន «Fresh News» ដែលល្បីថា មាននិន្នាការរណបរដ្ឋាភិបាលលោក ហ៊ុន សែន យកមកចុះផ្សាយភ្លាមៗ ដោយដាក់ចំណងជើងថា «សម្តេចក្រឡាហោម ស ខេង បញ្ជាក់ជាថ្មីថា សមត្ថកិច្ចបានទទួលដីកាតុលាការ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី រួចហើយ»។
ហើយនៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងពីខេត្តកំពតមក អះអាងដូចទៅនឹងអ្វី ដែលសារព័ត៌មានខាងលើ បានដាក់ចំណងជើងដែរ ដើម្បីបញ្ជាក់ពីចំណាត់ការ តាមចាប់ខ្លួនលោក សម រង្ស៊ី ប្រសិនណាជាមេដឹកនាំប្រឆាំង បង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងដូចគ្នាបេះបិត នឹងចំណងជើងរបស់ «Fresh News» ដូច្នេះថា៖
«អ្នកត្រូវដឹង សាលក្រមតុលាការ… ម្សិលម៉ិញ សម្ដេចក្រឡាហោម បានប្រកាសហើយថា បានទទួលដីកា ឲ្យចាប់ខ្លួនអាហ្នឹងហើយ។ អញ្ចឹងមានទៅស្អី! ស្ដាយណាស់ ដែលអ្នកឯងរត់រួច ឥឡូវបានអ្នកឯងមកវិញ គឺវាស្មើនឹង ការដើររកអុស ប្រទះឈើងាប់។ ផ្ដាំទៅ!»
នៅក្នុងសេចក្ដីប្រកាស របស់លោក ស ខេង ដែលបដិសេធ ការនៅពីក្រោយ«ការនិរទេសខ្លួន»របស់មេដឹកនាំប្រឆាំង បានសរសេរឲ្យដឹងថា៖
«ក្នុងនាមជាអ្នកដែលចូលរួម ក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ ប្រាប់ សម រង្ស៊ី មិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះ ខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៊ី មានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ច បានទទួលដីកាដើម្បីចាប់ខ្លួន សម រង្ស៊ី រួចហើយ។»៕