កម្ពុជា

ស ខេង ថា​រកឃើញ​ជាបឋម​ សំណង់​គ្មានច្បាប់​៥កន្លែង នៅ​ខេត្ត​ព្រះសីហនុ

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងឡើងថា មកទល់នឹងយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់ បានរាយការណ៍ជូនលោកថា នៅ​ខេត្ត​ព្រះសីហនុ គណៈកម្មការពិសេស បានរកឃើញសំណង់​មិនមានការអនុញ្ញាត ចំនួន៥កន្លែងផ្សេងទៀត។

ក្នុងខេត្តភាគនីរតីមួយនេះ សំណង់ដែលគ្មានការអនុញ្ញាតមួយកន្លែង កំពស់៧ជាន់ ដែលសាងសង់ដោយសហគ្រាសចិន បានបាក់រលំកាលពីចុងសប្ដាហ៍មុន បណ្ដាលឲ្យមានមនុស្សស្លាប់ ២៨នាក់ និងរបួស២៦នាក់។ 

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន នៅសាលមហោស្រពកោះពេជ្រ ក្នុងព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក ស ខេង បុរសខ្លាំងទី២ នៃរបបក្រុងភ្នំពេញ បានលើកឡើង ពីវិធានការមួយចំនួន ទៅលើសំណង់ទាំងឡាយ នៅខេត្តព្រះសីហនុ។ លោកថា៖

«យើងមានគណៈកម្មការពិសេសមួយ ដើម្បីត្រួតពិនិត្យមើលសំណង់ទាំងអស់ ទាំងសំណង់ដែលបានធ្វើហើយ កំពុងដំណើរការអាជីវកម្ម និងសំណង់កំពុងដំណើរការសាងសង់។ ពិនិត្យឡើងវិញទាំងអស់។»

លោកបន្តថា៖

«គ្រាន់តែយប់ម៉ិញ ខ្ញុំទទួលព័ត៌មាន ពីឯកឧត្ដម ជា សុផារ៉ា មកថា ជាបឋមមានប្រាំសំណង់ ប្រាំកន្លែង ដែលថាកំពុងសាងសង់ តែអត់មានច្បាប់ទម្លាប់។ ដូច្នេះទាក់ទងរឿងច្បាប់ ហើយយើងត្រូវធ្វើរឿងទាំងអស់ឡើងវិញ។»

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺមួយថ្ងៃ ក្រោយគ្រោះរលំអគារគណៈកម្មការ​ពិសេស​មួយ ត្រូវបាននាយករដ្ឋមន្ត្រីបង្កើតឡើង ដើម្បី« ត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ»។

គណៈកម្មការនោះ ដឹកនាំដោយលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានលោក អ៊ុក គឹមលេខ រដ្ឋលេខាធិការប្រសួងមហាផ្ទៃ ជាអនុប្រធាន បូករួមនឹងសមាជិក១៣នាក់ទៀត ក្នុងនោះមានលោក យន្ត មីន (អតីត)អភិបាលខេត្តព្រះសីហនុ មួយរូបផង។

លោកឧបនាយករដ្ឋមន្ត្រី បានព្រមានថា នឹងចាត់វិធានការ ទៅលើមន្ត្រីណា ដែលជាប់ពាក់ព័ន្ធ នៅក្នុងសំណុំរឿងដ៏រំជើបរំជួលនេះ។ លោកថ្លែងថា៖

«ហើយទី៣ គឺខ្ញុំបានដឹកនាំ ត្រួតពិនិត្យឯកសាររដ្ឋបាលទាំងអស់ របស់ខេត្តព្រះសីហនុ ថាតើមានភាពមិនប្រក្រតីអីខ្លះ ហើយនឹងចាត់វិធានការជាក់ស្ដែង (…) ឥឡូវចៅហ្វាយខេត្ត យើងបានសម្រួលហើយ។ តាមការពិតទៅ គាត់ក៏បានដកខ្លួនចេញហើយ។»

«រួចហើយ មិនបានសេចក្ដីថា កិច្ចការហ្នឹងមានតែចៅហ្វាយខេត្តម្នាក់ឯងធ្វើទេ។ វាអាចនឹងពាក់ព័ន្ធនរណាផ្សេងទៀត ប៉ុន្តែខ្ញុំអត់ទាន់ហ៊ាន​[បញ្ចេញឈ្មោះ]ទេ។ យើងត្រូវពិនិត្យឯកសារឲ្យច្បាស់លាស់ ព្រោះអាហ្នឹងវាជាបញ្ហាយុត្តិធម៌។ បើកាលណាយើងធ្វើលើស ខ្ញុំនិយាយថា លើស វាអយុត្តិធម៌សម្រាប់មន្ត្រីណា ដែលគ្នាខំធ្វើការ៕» 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។