កម្ពុជា

សម រង្ស៊ី ថា EU ប្រកាន់​ជំហរ​ស្នើឲ្យ ហ៊ុន សែន ចាត់​វិធានការ​សមស្រប​ភ្លាមៗ

«EU គេបានបញ្ជាក់ជំហរ របស់គេហើយ គេរង់ចាំឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការសមស្រប ក្នុងពេលវេលាចាំបាច គឺកាន់តែឆាប់ កាន់តែល្អ» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ពីស្នាក់ការសភាអ៊ឺរ៉ុប ក្នុងរាជធានី ព្រុយហ្សែល ប្រទេសប៊ែលហ្សិក ក្នុងថ្ងៃពុធនេះ។

លោក សម រង្ស៊ី ដែលបានអះអាងថា លោកកំពុងដឹកនាំ គណប្រតិភូគណបក្សសង្គ្រោះជាតិ ទៅកាន់ទីនោះ បានថ្លែងតាមរយៈវីដេអូ ជាង៥នាទីថា របបក្រុងភ្នំពេញ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ អនុញ្ញាតឲ្យសង្គមស៊ីវិល សហជីពកម្មករ សារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងដំណើរការរបស់ពួកគេ។

លោកថា៖

«ឥឡូវនេះ វាសនាកម្មកររាប់សែននាក់ គឺអាស្រ័យលើសេចក្ដីសម្រេច របស់លោក ហ៊ុន សែន ពីព្រោះសភាអ៊ឺរ៉ុបគេបញ្ជាក់ជំហរ របស់គេហើយ ថ្នាក់ដឹកនាំអ៊ឺរ៉ុបទាំងមូល គេបញ្ជាក់ជំហររបស់គេហើយ គេចង់ឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេស​កម្ពុជា។»

Posted by Sam Rainsy on Wednesday, June 26, 2019


សហភាពអ៊ឺរ៉ុបបានបញ្ជូនប្រតិភូ ស្វែងរកការពិត ជាលើកទីពីររបស់ផងខ្លួន ទៅកាន់ប្រទេសកម្ពុជា រវាងពីថ្ងៃទី៣ មកទល់នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ដែលអាចប្រឈមនឹងការព្យួរចេញ ជាបណ្ដោះ​អាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យកម្ពុជា នាំទំនិញចូលទីផ្សារនៃសហភាពអ៊ឺរ៉ុប ដោយលើកលែង​ការបង់ពន្ធ។

សេចក្ដីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប ដែលចេញផ្សាយ នៅក្រោយបេសកកម្មនោះ បានបញ្ជាក់ថា គោលបំណងរបស់សហភាពអឺរ៉ុប គឺដើម្បីដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។

សហភាពអឺរ៉ុបបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសំរេចបាន នូវគោលបំណងទាំងនេះ តែបានរំឭកប្រទេសកម្ពុជា ថា«ត្រូវ»តែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន ទាក់ទងនឹងកង្វល់ ដែលបានលើកឡើង។ 

កង្វល់សំខាន់ៗ ដ៏គួរឲ្យកត់សម្គាល់នោះ មានពាក់ព័ន្ធនឹង៖

  • សិទ្ធិនយោបាយ
  • សេរីភាពបញ្ចេញមតិនិងសេរីភាពក្នុងការបង្កើតសមាគម
  • សិទ្ធិក្នុងការរៀបចំ និងជួបប្រជុំជាសមូហភាព
  • ការបណ្ដេញចេញ ពីដីធ្លីផ្ទះសម្បែង បង្កឡើងពីសម្បទានដីសេដ្ឋកិច្ច (សម្បទានដីសេដ្ឋកិច្ច) ជាពិសេសនៅក្នុងវិស័យស្ករអំពៅ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានហៅការស្នើឡើងខាងលើ របស់សហភាពអ៊ឺរ៉ុប ថាជាការដាក់ថ្នាំមិនត្រូវ។ អ្នកនាំពាក្យបាន ស្រង់សំដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកអះអាងជាថ្មីថា កម្ពុជាមិនយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ទៅដូរនឹងប្រព័ន្ធអនុគ្រោះ ដែលផ្ដល់ដោយ «EU» នោះឡើយ។

តែលោក សម រង្ស៊ី បានព្រមានធ្វើសកម្មភាពតបវិញ និងទម្លាក់ការទទួលខុសត្រូវ ទៅលើលោក ហ៊ុន សែន តែម្នាក់ ប្រសិនជាប្រព័ន្ធអនុគ្រោះពន្ធនេះ ត្រូវបានសហភាពអ៊ឺរ៉ុបព្យួរចេញមែននោះ។ លោកថា៖

«យើងមានភ័ព្វវាសនា ពីព្រោះអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ដែលអាណិតប្រជារាស្ត្រខ្មែរ គឺគេគាំទ្រពេញទំហឹង នូវអ្វីដែលប្រជារាស្ត្រខ្មែរចង់បាន។ សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗកម្មករ ត្រៀមខ្លួនធ្វើបាតុកម្មតវ៉ា ថ្កោលទោស ហ៊ុន សែន បើ ហ៊ុន សែន មិនព្រមដោះលែងលោក កឹម សុខា បើលោក ហ៊ុន សែន មិនឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ គឺ ហ៊ុន សែន ទទួលខុសត្រូវពេញទី (…) ចំពោះវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាល ពីការដាក់ទណ្ឌកម្ម ដោយសហភាពអ៊ឺរ៉ុប។»

«អញ្ចឹងសូមឲ្យបងប្អូន ត្រៀមខ្លួន។ គណបក្សសង្គ្រោះជាតិ រៀបចំធ្វើសកម្មភាពផ្សេងៗ នៅប្រទេសកម្ពុជា ពីព្រោះមានការគាំទ្រ ពីពិភពលោកទាំងមូល៕»

២៦ មិថុនា ២០១៩ / 26 June 2019 លោក សម រង្ស៊ី និយាយផ្ទាល់ពីសភាអឺរ៉ុប នៅទីក្រុងព្រុចស៊ែល។ Live from the European Parliament.

Posted by Sam Rainsy on Wednesday, June 26, 2019
សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។