កម្ពុជា

សម រង្ស៊ី ព្រមានថា​«នឹង​មិនឲ្យ ហ៊ុន សែន ចាប់ខ្លួន​ងាយៗ»ឡើយ

តបទៅនឹងសារបែកធ្លាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលម៉ិញ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង​បានថ្លែងព្រមាន​លោក ហ៊ុន សែន វិញថា លោក (សម រង្ស៊ី) នឹងមិនឲ្យលោក ហ៊ុន សែន ចាប់ខ្លួន​ងាយៗ នោះ​ឡើយ។

មេដឹកនាំប្រឆាំង បានថ្លែងតាមវិទ្យុអាស៊ីសេរី កាលពីមុននេះថា គឺផ្ទុយទៅវិញ លោកនឹងដឹកនាំកម្លាំងពលរដ្ឋ រាប់ម៉ឺនរាប់សែន ឬឈានទៅរាប់លាននាក់ ឲ្យងើបឈរឡើង ដើម្បីទៅចាប់លោក ហ៊ុន សែន ឲ្យទាល់តែបានក្នុងឆ្នាំ២០១៩នេះ។

ក្នុងសារជាលក្ខណៈឯកជន ជាង១២នាទី ដែលលោក​បាន​បញ្ជូន​​​ ទៅកាន់​​មនុស្ស​​ជំនិតៗ​​របស់​លោក នៅក្នុងប្រព័ន្ធ​​បញ្ជូនសារមួយ លោក ហ៊ុន សែន បានបញ្ជាទៅមន្ត្រីអ្នកនាំពាក្យទាំងឡាយ រាប់ទាំងអ្នកនាំពាក្យស្ថាប័ននីតិបញ្ញត្តិផង ឲ្យឈប់ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ព្រោះលោកយល់ថា សកម្មភាពសព្វថ្ងៃរបស់មេដឹកនាំប្រឆាំង ជាល្បិចរបស់​មេដឹកនាំរូបនេះ​ដើម្បីកុំឲ្យគេភ្លេច នឹងអាលចូលមកក្នុងកញ្ចប់ នៃកិច្ចចរចាជាយថាហេតុណាមួយ ហើយក្លាយ​ជាភាគីមួយ​ដើម្បីមកតថ្លៃ​ជាមួយលោក។

ជាប្រតិកម្មតបវិញភ្លាមៗ សំដីរបស់លោក ហ៊ុន សែន តាមរយៈសារជាឯកជនខាងលើ ត្រូវបានមេដឹកនាំប្រឆាំងចាត់ទុក ថាជាសំដី«ទ័លច្រក» និង«ជ្រួលច្របល់»។

«មិនឲ្យលោក ហ៊ុន សែន ចាប់ខ្លួន​ងាយៗ»

លោក សម រង្ស៊ី បានថ្លែងបន្តតាមវិទ្យុអាស៊ីសេរី ដោយអះអាងជាថ្មីថា លោកមិនឆោតឲ្យលោក ហ៊ុន សែន ឬជនបាតដៃ​ទី៣ណាមួយ មកចាប់ខ្លួនលោក ឬសម្លាប់លោកដោយងាយៗនោះឡើយ។ លោកពន្យល់ថា លោកមិនចុះពីយន្ដហោះ ហើយឡើងរថយន្ដ ដើម្បីឲ្យលោក ហ៊ុន សែន ចាប់ខ្លួនឬសម្លាប់នោះទេ។ លោកថា អានេះជា«សេណារីយ៉ូ» ដែលលោក ហ៊ុន សែន ដឹងហើយ ដូច្នេះលោកមិនដើរតាមសេណារីយ៉ូនេះឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។