កម្ពុជា

សម រង្ស៊ី ថា EU ដាក់កម្ពុជា​ចូល​«បញ្ជីខ្មៅ»​ព្រោះ​«ប្រព័ន្ធពុករលួយ»

សម្រាប់ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងថា ការដាក់កម្ពុជា​ចូលក្នុង​«បញ្ជីខ្មៅ» ពីសំណាក់​សហភាព​អ៊ឺរ៉ុប ឬ «EU»  គឺមានជាប់ទាក់ទង នឹង​ឧស្សាហកម្ម​ល្បែងស៊ីសង ដែលរីកដុះដាលដូចផ្សិត នៅកម្ពុជា និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ដើម្បីទិញ​អចលនទ្រព្យ។

លោក សម រង្ស៊ី បានថ្លែងដូច្នេះ នៅលើទំព័រទ្វីសធើររបស់លោក កាលពីមុននេះបន្តិច។

តែនៅលើទំព័រហ្វេសប៊ុក មេដឹកនាំប្រឆាំងបានសរសេរលំអិត អំពីការដាក់កម្ពុជា ចូលក្នុងបញ្ជីខ្មៅនោះ គឺដោយសារ «ប្រព័ន្ធពុករលួយ» នៃរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ ដែល«ចូលដៃ ជាមួយក្រុមចោរបរទេស យកប្រទេសកម្ពុជា ធ្វើជាមូលដ្ឋាន ដើម្បីលាងលុយកខ្វក់»។

លោកបន្តថា ប្រព័ន្ធដឹកនាំ របស់របបក្រុងភ្នំពេញ «នឹងធ្វើឲ្យអ្នករកស៊ីត្រឹមត្រូវ ជៀសវាង​ប្រទេសកម្ពុជា ហើយនៅសល់តែក្រុមចោរ ដែលនឹងនាំចោរដូចគ្នា» កាន់តែ​ច្រើនឡើងៗ ឱ្យ​ចូលមក​​រកទទួលទាន នៅក្នុងប្រទេស​​កម្ពុជា។

លោក សម រង្ស៊ី សរសេរពន្យល់ថា៖

«សកម្មភាព​លាងលុយកខ្វក់ គឺជាសកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបិទបាំង ប្រភព​ពិតប្រាកដ នៃលុយ​ដែលបានមកពី សកម្មភាពឧក្រិដ្ឋ ដូចជាការជួញដូរ​គ្រឿងញៀន និងការប្លន់​​ទ្រព្យសម្បត្តិជាតិ ពីសំណាក់មេដឹកនាំពុករលួយ។ ការលាងលុយកខ្វក់នេះ ធ្វើតាម​រយៈបន​​ល្បែងស៊ីសង កាស៊ីណូ និងការជួញដូរដីធ្លី ជាដើម ដូចអ្វីដែលជនជាតិចិន បានធ្វើថ្មីៗនេះ យ៉ាងសន្ធឹកសន្ធាប់ នៅស្រុកខ្មែរ។»

កាលពីថ្ងៃទី៧ ខែឧសភាថ្មីៗ គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ថាជារដ្ឋាភិបាល​សហភាព​អ៊ឺរ៉ុប) បានធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់ខ្លួន ទាក់ទងនឹង​ការលាងលុយ​កខ្វក់ និងហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ពីចំនួន១៦ប្រទេស ក្នុងបញ្ជីខ្មៅចាស់ ឲ្យឡើងដល់២២ប្រទេស។ កម្ពុជា និងប្រទេសភូមា បានជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅថ្មី  ខណៈប្រទេសឡាវ ត្រូវបានដកចេញ ពីបញ្ជីចាស់ ជាស្ថាពរ។

មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាមិនបានបញ្ចេញប្រតិកម្ម ជាផ្លូវការ ទលនឹងការធ្វើ​បច្ចុប្បន្នភាព នៃ«បញ្ជីខ្មៅ»ខាងលើ​របស់ «EU» នោះទេ។ តែលោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល បានថ្លែងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុកថា ការធ្វើបច្ចុប្បន្នភាព​«បញ្ជីខ្មៅ»​នោះ មិនឆ្លុះបញ្ចាំង គ្រប់​ជ្រុងជ្រោយ ពីសភាពការណ៍ពិត នៅកម្ពុជានោះឡើយ។

អ្នកនាំពាក្យបានថ្លែងឡើងថា៖

«កន្លងទៅ កម្ពុជាមិនមានពាក់ព័ន្ធ នឹងការលាងលុយកខ្វក់ ឬក៏អំពើភេរវកម្ម​ផ្សេងៗ​ទេ។ តែផ្ទុយ​ទៅវិញ រាជរដ្ឋាភិបាលខិតខំទប់ស្កាត់ មិនឱ្យមានអំពើលាងលុយកខ្វក់ ក៏ដូចជា​​អំពើភេរវកម្ម ចូលមកកម្ពុជា។ អញ្ចឹងឥឡូវនេះ ក្នុងសភាពការណ៍​​ដែលអត់មាន​ចាប់បាន​អំពើល្មើស​ច្បាប់ អំពីការលាងលុយកខ្វក់ផង អំពើភេរវកម្មផង តើមូលហេតុអី​បានជា​អស់លោក ខាងអ៊ឺរ៉ុបហ្នឹង ក៏តាមព្យាបាទកម្ពុជា ដាក់ចូលក្នុងបញ្ជីខ្មៅ?»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។