លោក សម រង្ស៊ី បានតំឡើងសម្លេងខ្លាំងៗ បន្ថែមទៀតនៅថ្ងៃនេះ ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ជុំវិញដំណោះស្រាយ នៃការជំពាក់ប្រាក់ធនាគារ ដោយពលរដ្ឋកម្ពុជា ដែលហាក់នៅទ្រឹង តាំងពីច្រើនថ្ងៃមក។ មេដឹកនាំប្រឆាំង បានលើកឡើងពីមូលហេតុថា គឺព្រោះតែធនាគារទាំងនោះ មានក្រុមគ្រួសារត្រកូល ហ៊ុន នៅពីក្រោយ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អាយុ៧១ឆ្នាំ បានលើកឡើងថា នៅពេលនេះ ការប្រាក់នៅសហរដ្ឋអាមេរិក បានធ្លាក់ដល់សូន្យ ហើយការប្រាក់នៅទ្វីបអឺរ៉ុប ក៏បានធ្លាក់ដល់សូន្យដែរ។ ហើយលោកបានចោទសួរថា ហេតុអ្វីការប្រាក់ នៅកម្ពុជា នៅតែខ្ពស់កប់ពពក? មុននឹងឆ្លើយ ដោយខ្លួនលោកដូច្នេះ៖
«ពីព្រោះធនាគារ គ្រប់គ្រងដោយបក្ខពួក ហ៊ុន សែន ជញ្ជក់ឈាមរាស្ត្រ។»
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានរៀបរាប់ថា៖
«គេភូតកុហកយើងថា ធនាគារទាំងឡាយ នៅកម្ពុជា គឺជាកម្មសិទ្ធិ របស់អ្នករកស៊ីឯកជន និងជនបរទេស ដែលជាអ្នកវិនិយោគ។ តាមការពិត អ្នកដែលមានភាគហ៊ុនច្រើនជាងគេ ក្នុងធនាគារទាំងនោះ គឺក្រុមគ្រួសារ ហ៊ុន សែន តែម្តង។»
ដៃគូបដិបក្ខនយោបាយ របស់លោក ហ៊ុន សែន បានលើកយកឧទាហរណ៍ នៃធនាគារក្នុងស្រុកមួយ ឈ្មោះ «កាណាឌីយ៉ា (Canadia)» មកអះអាងថា ជាធនាគារធំជាងគេបង្អស់ នៅកម្ពុជា ហើយដែលមានភាគហ៊ុន ក្នុងធនាគារដទៃទៀត ជាច្រើន។
លោក សម រង្ស៊ី បន្តថា៖
«ធនាគារកាណាឌីយ៉ានេះ គឺជាធនាគារ របស់ក្រុមគ្រួសារ ហ៊ុន សែន តែម្តង។»
«អ្នកខ្លះ គ្រាន់តែឈរឈ្មោះ ឲ្យក្រុមគ្រួសារ ហ៊ុន សែន តែប៉ុណ្ណោះ ពីព្រោះពួកគេ មិនចង់ឲ្យប្រជារាស្ត្រខ្មែរដឹងថា ត្រកូល ហ៊ុន ក្តោបក្តាប់សេដ្ឋកិច្ចប្រទេសកម្ពុជា ៨០ភាគរយយ៉ាងតិច មានទាំងប្រព័ន្ធធនាគារផងដែរ។ ដើម្បីក្តោបក្តាប់អំណាច នយោបាយតទៅទៀត ហ៊ុន សែន ធ្វើឲ្យពលរដ្ឋខ្មែរ ក្លាយទៅជាទាសករហិរញ្ញវត្ថុ ដែលគេអាចជញ្ជក់ឈាម តាមចិត្ត។»
ក្នុងពេលភ្លាមៗ មិនមានប្រតិកម្ម ពីលោក ហ៊ុន សែន ឬពីមន្ត្រីរដ្ឋាភិបាល នៅឡើយទេ ជុំវិញការលើកឡើង របស់លោក សម រង្ស៊ី ដែលបានអំពាវនាវ តាំងពីច្រើនថ្ងៃមុន ឲ្យពលរដ្ឋដែលមានបំណុល ផ្អាក់ការសងប្រាក់ធនាគារ សម្រាប់រយៈពេល ប៉ុន្មានខែនេះសិន ក្រោមហេតុផល នៃការរាតត្បាតជំងឺ «Covid-19»។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានថ្លែងសារនយោបាយ ជាសាធារណៈ តាំងពីច្រើនសប្ដាហ៍ហើយ រាប់តាំងពីដើមខែមេសាមក។ នៅលើបណ្ដាញសង្គម គេឃើញលោកបង្ហោះរូបថត ជាលក្ខណៈគ្រួសារ ជំនួបជាមួយមន្ត្រីបរទេស ឬកិច្ចប្រជុំគណៈរដ្ឋមន្ត្រី តែសារទាំងនោះ មិនទាក់ទង ទៅនឹងការតំឡើងសម្លេង របស់មេដឹកនាំប្រឆាំងឡើយ៕