«ហុក ឡងឌី គាត់ជាអ្នកសម្លាប់ ជា វិជ្ជា» នេះ ជាការអះអាងឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី មុននឹងឈានទៅបញ្ជាក់បន្ថែមថា អតីតអគ្គស្នងការនគរបាលជាតិរូបនេះ ត្រូវបានសម្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨ ដើម្បីអ្វីមួយ ដែលលោកថា ជាការបិទសំនុំរឿង។
លោក សម រង្ស៊ី បានថ្លែងដូច្នេះ កាលពីរសៀលថ្ងៃសៅរ៍ម្សិលម៉ិញ នៅក្នុងបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដោយការគប់គ្រាប់បែក ថ្ងៃ៣០ មិនា ១៩៩៧ នៅមុខអតីតរដ្ឋសភា ដែលពិធីបុណ្យនេះ ប្រព្រឹត្តិទៅក្នុងវត្តពោធិវង្ស នៃក្រុងឆម៍សៀម៉ាន (Champs Sur Marne) ស្ថិតនៅជាយក្រុង នៃរដ្ឋធានីប៉ារីសប្រទេសបារាំង។
ថ្លែងនៅមុខពុទ្ធសាសនិកជាច្រើនសិបនាក់ មេដឹកនាំប្រឆាំងបានបង្ហាញជំនឿថា មុននិងក្រោយ រវាងលោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង អតីតមេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រី ច្បាស់ជានឹងកើតករណី «ពាលស៊ីពាល» ពាក់ព័ន្ធនឹងអំពើគប់គ្រាប់បែក៤គ្រាប់ កាលពី២២ឆ្នាំមុន។
លោក សម រង្ស៊ី បានប្រៀបធៀបករណី«ពាលស៊ីពាល» រវាងលោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ទៅនឹងករណីរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលប្រធានស្ដីទីគណបក្សប្រឆាំង បានចុចចំឈ្មោះថា គឺជាអ្នកសម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករកម្ពុជា ដ៏ល្បីល្បាញ។
មេដឹកនាំប្រឆាំងបានថ្លែងឡើងថា៖
«ពេលណាគេចាប់ខ្លួន ហ៊ីង ប៊ុនហៀង ៗត្រូវតែឆ្លើយដាក់ ហ៊ុន សែន ហើយ។ មានន័យថា ហ៊ីង ប៊ុនហៀង ត្រូវតែប្រយ័ត្នខ្លួនដូច ហុក ឡងឌី។ ហុក ឡងឌី គាត់ជាអ្នកសម្លាប់ ជា វិជ្ជា។ អញ្ចឹងសហជីព-អន្តរជាតិ គេជំរុញឲ្យមានការស៊ើបអង្កេត។ ដល់គេស៊ើបអង្កេតទៅ គេឃើញ ហុក ឡងឌី។»
«ហុក ឡងឌី គាត់ថា គាត់មិនមែនធ្វើតែឯងទេ គឺ ហ៊ុន សែន អ្នកបញ្ជា។ អញ្ចឹងគេសម្លាប់ ហុក ឡងឌី ធ្វើឲ្យឧទ្ធម្ភាគចក្រផ្ទុះ កុំឲ្យទៅសួរ ហុក ឡងឌី ទាន់។»
លោក សម រង្ស៊ី បានបន្តថា៖
«ហ៊ីង ប៊ុនហៀង ក៏អញ្ចឹងដែរ។ រឿងហ្នឹងវាចូលកាន់តែកៀក ហ៊ុន សែន ត្រូវតែសម្លាប់ ហ៊ីង ប៊ុនហៀង។ ត្រូវតែកម្ចាត់ ហ៊ីង ប៊ុនហៀង។ បើ ហ៊ីង ប៊ុនហៀង ឆ្លាត គាត់កុំឲ្យ ហ៊ុន សែន វ៉ៃមុន គាត់ត្រូវវ៉ៃមុនដើម្បីការពារអាយុជីវិតគាត់។ អញ្ចឹង យើងជិតដល់រយៈពេលមួយ ដែលគេហៅថាពាលស៊ីពាលហើយ។»
ក្នុងពេលភ្លាមៗ មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីធ្វើប្រតិកម្មតបនឹងការលើកឡើងខាងលើ របស់លោក សម រង្ស៊ី បានទេ។
លោក ហុង ឡង់ឌី ដែលបានកាន់កាប់តំណែង ជាមេនគរបាលជាតិ ជាច្រើនឆ្នាំ ត្រូវបានរាយការណ៍ថា បានទទួលមរណភាព នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨ នៅភូមិព្រៃចៀវ ឃុំកំពង់ចក ស្រុករំដួល ខែត្រស្វាយរៀង។
ប៉ុន្តែមានការលើកឡើងជាច្រើន បង្ហាញឲ្យដឹងខុសៗគ្នា ពីមរណភាពរបស់លោក ហុក ឡងឌី។ ប្រភពព័ត៌មានខ្លះថា លោក ហុង ឡងឌី មិនទាន់ស្លាប់ទេ និងកំពុងរស់នៅក្នុងប្រទេសវៀតណាម។ ខណៈប្រភពខ្លះទៀតបានអះអាងថា លោក ហុង ឡងឌី ត្រូវបានសម្លាប់ ដោយហេតុថា ក្រុងហាណូយគ្រោងរៀបចំឲ្យលោក ឡើងធ្វើជានាយករដ្ឋមន្ត្រីជំនួសលោក ហ៊ុន សែន។
ប៉ុន្តែរាល់ព័ត៌មានទាំងនេះ ត្រូវបានក្រុមគ្រួសារលោក ហុក ឡងឌី ជាពិសេសកូនប្រុសរបស់លោក (ដែលជាកូនប្រសាររបស់លោក ហ៊ុន សែន) ចេញមុខមកច្រានចោល និងបន្តអះអាងថា លោក ហុក ឡងឌី ពិតជាបានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនោះ យ៉ាងប្រាកដណាស់។
ចំពោះករណីឧក្រិដ្ឋកម្មក្នុងពេលកន្លងមក រួមមានទាំងការបាញ់សម្លាប់មនុស្ស និងការគប់គ្រាប់បែក នៅខាងមុខរដ្ឋសភាចាស់នោះផង ធ្លាប់ត្រូវបានលោក ហេង ពៅ អតីតស្នងការរាជធានី ចេញមុខបកអាក្រាត ថាសុទ្ធសឹងជាស្នាដៃរបស់មនុស្សជំនិតនឹងលោក ហ៊ុន សែន។
នៅក្នុងកិច្ចសម្ភាសមួយ ទៅកាន់ទស្សនាវដ្ដី «L’Expresse» របស់បារាំង លោក ហេង ពៅ បានស្រង់សំដីរបស់ជនដៃដល់ម្នាក់ មកបញ្ជាក់ថា «ខ្ញុំស្ដាប់តាមបញ្ជា របស់លោក ហ៊ុន សែន»៕