កម្ពុជា

សម រង្ស៊ី ថា​​កំពុង​ត្រៀម​វិធានការ​«ការពារ​អ្នកគាំទ្រ» ពេល​លោក​វិល​ចូល​ស្រុក

«ខ្ញុំត្រូវតែ ការពារ​អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ និងអ្នកដែលចូលរួម រៀបចំដំណើរ​មាតុភូមិនិវត្តន៍របស់ខ្ញុំ» នេះ ជាការអះអាងឡើង របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីប្រតិកម្មទៅនឹងចំណាត់ការថ្មីៗ របស់អាជ្ញាធរ និង​តុលាការនៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលបានកោះហៅទៅសាកសួរ ឬទៅបំភ្លឺ និងឈាន​ដល់​ការចាប់ខ្លួនជាបន្តបន្ទាប់ នូវអ្នកគាំទ្រ និងសកម្មជន​របស់គណបក្ស​សង្គ្រោះជាតិ។

អង្គការសិទ្ធិមនុស្សនៅក្នុងស្រុក បានអះអាងថា បើតាមដីការបស់តុលាការ លិខិត​កោះ​របស់អាជ្ញាធរ រួមនឹងការចាប់ខ្លួន ដែលធ្វើឡើងក្នុងពេលចុងក្រោយ ត្រូវបានរាប់ឃើញ​មកដល់ថ្ងៃនេះ មានចំនួន​មិនតិចជាង ១៤០ករណីនោះឡើយ។

បណ្ដាជនដែលរងការកោះហៅ រួមមានអតីត​មេ​ឃុំ ​ចៅ​សង្កាត់​ ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ​ក្រុម​ប្រឹក្សា​ខេត្ត ​និងសមាជិក​ប្រតិបត្តិ​ស្រុក​ខេត្ត ​និង​សកម្ម​ជន​មូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ

កាល​ពី​សប្តាហ៍​មុន ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​បាន​ចាប់​ និង​ឃុំ​ខ្លួន​ អតីតមន្ត្រីម្នាក់​របស់គណបក្ស​ប្រឆាំង ដោយបានចោទបុរសរូបនោះ ​ថាបាន​ប្រព្រឹត្ត​ខុស​ ក្នុង​វិជ្ជា​ជីវៈ​សុខាភិបាល។​ កាលពីថ្ងៃទី២៣ ខែឧសភា អ្នកគាំទ្រគណបក្សមួយរូបទៀត នៅខេត្​តស្វាយវៀង ក៏ត្រូវបានចាប់ និងឃុំខ្លួនដែរ ក្រោមបទចោទថា បានជេរប្រមាថលោក ហ៊ុន សែន និងព្រះមហាក្សត្រ។

ចំនួនមនុស្សដែលរងការចាប់ខ្លួន នៅមិនទាន់រាប់បន្ថែម ពីសកម្មជន​ជាច្រើន​រូប​ផ្សេង​ទៀត ដែលរងការចាប់និងឃុំខ្លួន កាលពីពេលកន្លងមក នោះផងទេ។ ក្នុងនោះ សកម្មជន​​មួយរូប គឺលោក ទិត្យ រ៉ន បានស្លាប់ បន្ទាប់ពីត្រូវបានអាជ្ញាធរ​ខេត្តកំពង់ចាម ចាប់និងឃុំខ្លួន កាលពីពាក់កណ្ដាលខែមេសា។

ចំណាត់ការខាងលើ ដែលហាក់មានលក្ខណៈ«ជាប្រព័ន្ធ» ត្រូវបានលោក សម រង្ស៊ី បរិហារ​ថា ជាការចង់បានរបស់របបលោក ហ៊ុន សែន សព្វថ្ងៃ ដើម្បីធ្វើការគម្រាមកំហែង ទៅលើ​ក្រុមប្រឆាំង និងអ្នកគាំទ្រ កុំឲ្យបញ្ចេញសកម្មភាព ទាក់ទងនឹង​គម្រោង​របស់​លោក ក្នុង​ការវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ។ មេដឹកនាំប្រឆាំងបានអះអាងជាថ្មីថា គម្រោង​មាតុភូមិ​និវត្តន៍នោះ មិនមានអ្វីផ្លាស់ប្ដូរទេ។

«ការពារ​អ្នកគាំទ្រ»

ក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ក្នុងយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ ប្រធាន​ស្ដីទី​គណបក្សប្រឆាំង បានបញ្ជាក់ថា៖

«ខ្ញុំទាក់ទងជាមួយមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន ដើម្បីផ្ដល់ការធានា ចំពោះ​អ្នក​គាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលកំពុងរងគ្រោះ ពីការគាបសង្កត់ ពីសំណាក់​របប​លោក ហ៊ុន សែន។»

មេដឹកនាំគណបក្សប្រឆាំង បានលើកឡើងទៀតថា វិធានការរបស់របបក្រុងភ្នំពេញ រួម​ទាំងដីកាឲ្យចាប់ខ្លួនលោក និងចំណាត់ការផ្សេងទៀត តាមផ្លូវតុលាការនោះ មិនបាន​ធ្វើឲ្យ​លោករាថយនោះទេ។ លោកថា៖

«តែចំពោះខ្ញុំ អត់ធ្វើអ្វីខ្ញុំបានទេ។ ផ្ទុយទៅវិញ ខ្ញុំមានកម្លាំងចិត្ត កាន់តែខ្លាំង ខ្ញុំប្រមូល​មធ្យោបាយ កាន់តែច្រើន ដើម្បីបន្តសកម្មភាពរបស់ខ្ញុំ ជាមួយនឹងសហការី ក្នុងជួរ​គណបក្ស​សង្គ្រោះជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។»

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ថ្កោលទោសទង្វើ ដែលឈានទៅដល់មរណភាព នៃលោក ទិត្យ រ៉ន និង​ទាមទារ​ឲ្យធ្វើការស៊ើបអង្កេត ឲ្យបានឯករាជ្យ និងពិតប្រាកដភ្លាមៗ អំពីករណីនេះ។

សេចក្ដីថ្លែងការណ៍នោះ បានបន្តអំពាវនាវ ឲ្យរបបក្រុងភ្នំពេញ បញ្ឈប់ការរឹតត្បិត «ហួសហេតុ» ខាងនយោបាយ ទៅលើក្រុមអ្នកគាំទ្រគណបក្សប្រឆាំង និងស្នើឲ្យដោះលែង អ្នកទោសនយោបាយទាំងឡាយ រួមទាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន​ឃាត់ខ្លួន តាមតែអំពើចិត្ត នោះផង។

ហេតុផល«​សន្តិសុខ​ជាតិ»

សម្រាប់លោក សម រង្ស៊ី ទង្វើចុងក្រោយបង្អស់ របស់របបក្រុងភ្នំពេញ បង្ហាញពីភាព​ទាល់ច្រក របស់លោក ហ៊ុន សែន ផ្ទាល់តែម្ដង ដែលចង់បន្តកាន់អំណាចចាក់ឫស នៅ​កម្ពុជា។ មេដឹកនាំប្រឆាំងថ្លែងថា៖

«លោក ហ៊ុន សែន គាត់កាត់តែភ័យស្លន់ស្លោរថែមទៀត។ អញ្ចឹងហើយបានជាគាត់ ត្រូវតែ​ប្រើមធ្យោបាយគម្រាមកំហែង។ គាត់ដឹងថា គេស្អប់គាត់ គេចង់ឲ្យគាត់​ចុះចេញ​ពីតំណែង គេចង់ឲ្យក្រុមគ្រួសារគាត់ កុំយកប្រទេសកម្ពុជា ធ្វើជាកម្មសិទ្ធិផ្ទាល់ (…) អញ្ចឹង​ហើយ​គាត់មិនដឹងធ្វើម៉េច គាត់សល់មធ្យោបាយតែមួយ ដែលអាក្រក់ជាទីបំផុត គឺដើរសំឡុតគេ​សំឡុតឯង ដូចជាបញ្ជាឲ្យតុលាការគាត់ហ្នឹង កោះហៅ ប៉ូលីស​គាត់ហ្នឹង​តាមដាន​សកម្មជន សកម្មនារី​គណបក្សសង្គ្រោះជាតិ។»

សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានចាត់ទុក​ចំណាត់ការ​ថ្មីៗ​ទាំងនោះ ថាបាន​ផ្អែក​លើ​ហេតុផល«​សន្តិសុខ​ជាតិ» ហើយមិនមាន​ស្ថាប័នណា អាចជំទាស់​នឹងការសង្ស័យ ដែលជាកាតព្វកិច្ច​របស់តុលាការ នោះឡើយ៕ 

បទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី

២៥ ឧសភា ២០១៩ / 25 May 2019 – Interview with Radio Free Asia (*) បទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី ៖ “តើពេលណា ដែលអំណោយផល ឲ្យប្រជារាស្ត្រខ្មែរងើបឈរ ជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីបញ្ចប់អំណាចផ្តាច់ការ និងគ្រួសារនិយម នៅកម្ពុជា? តើពេលណា ដែលអំណោយផល ឲ្យឯកឧត្តម សម រង្ស៊ី វិលត្រឡប់ មកកម្ពុជាវិញ?” (*) Interview with Radio Free Asia (RFA): “When is the best time for the Cambodian people to rise up — with the support of the armed forces — to bring down the dictatorial Hun Sen regime? When is the best time for you H.E. Sam Rainsy to come back to Cambodia?”

Posted by Sam Rainsy on Saturday, May 25, 2019
ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។