អាស៊ី-ប៉ាស៊ីភិក

ដូណាល់ ត្រាំ នឹង​ចូលគាល់​អធិរាជជប៉ុន ណារូហ៊ីតូ ដំបូងគេ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានមកដល់ប្រទេស​ជប៉ុន កាលពីថ្ងៃសៅ៍ ដើម្បីដំណើរទស្សនកិច្ចផ្លូវការ ដែលមានរយៈពេល៤ថ្ងៃ ក្នុងប្រទេសអាស៊ីខាងកើតមួយនេះ។​ ជាដំណើរលើកទីពីររបស់លោក ត្រាំ នៅលើកោះជប៉ុន តែលោកជាមេដឹកនាំបរទេស«ដំបូងគេ» ដែលនឹងចូលគាល់ព្រះចៅអធិរាជជប៉ុន «Naruhito» បន្ទាប់ពីព្រះអង្គ​បាន​ឡើង​សោយរាជ្យសម្បត្តិ កាលពីដើមខែឧសភា។

ការចូលគាល់ព្រះចៅជប៉ុន ពីសំណាក់លោក ត្រាំ ក្នុងនាមជាមេដឹកនាំបរទេស«ដំបូងគេ»នេះ ជានិមិត្តរូបដ៏សំខាន់មួយ រវាងប្រទេសមហាអំណាចទាំងពីរ ដែលបានក្លាយពីសត្រូវក្នុងសង្គ្រាមលោក មកជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច។

ព្រះចៅអធិរាជនឹងទទួលលោក ត្រាំ ចូលគាល់នៅថ្ងៃចន្ទខាងមុខ និងបន្តដោយពិធីលៀងអាហារពេលល្ងាច ដ៏អស្ចារ្យមួយ នៅក្នុងព្រះបរមរាជវាំងនៃរាជធានី តូក្យូ។

នៅសហរដ្ឋអាមេរិក និងនៅរាជាណាចក្រជប៉ុន មានការលើកឡើងព្រមគ្នា អំពីទំនាក់ទំនងផ្ទាល់ដ៏ល្អំបផុតមួយ ដែល«គ្មានគូផ្ទឹម» រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសការលេងកីឡា វាយកូនគោល ជាមួយគ្នា ដែលជាកីឡាដ៏ជក់ចិត្ត របស់រដ្ឋបុរសទាំងពីរ។

អ្នកទទួលខុសត្រូវមួយរូប នៃរដ្ឋបាលលោក ត្រាំ បានលើកឡើង ពីការរៀបចំទទួលលោក ត្រាំ ដោយព្រះបរមរាជវាំង និងរដ្ឋាភិបាលជប៉ុនដូច្នេះ មានន័យថា សម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ មានសភាពខ្លាំងក្លាណាស់ និងមិនដែលធ្លាប់មានពីមុនមកទេ។

នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីវាយកូនគោល ជាមួយនាយករដ្ឋមន្ត្រីជប៉ុនរួច លោក ត្រាំ នឹងចូលរួមទស្សនាក្នុងការប្រកួតចំបាប់ជប៉ុន រវាងកីឡាករធាត់ៗ ហៅថា «Sumo» នៅក្នុងកីឡដ្ឋាន «Ryogoku Kokugikan»។ កីឡាករដែលឈ្នះការប្រកួតផ្ដាច់ព្រ័ត្រ នឹងទទួលពានរង្វាន់មួយ ដែលបង្កើតឡើងយ៉ាងពិសេស សម្រាប់ឱកាសនេះ ហៅថា «Trump Cup» ផ្ដល់ដោយលោកប្រធានាធិបតីអាមេរិកផ្ទាល់។

ប៉ុន្តែវត្តមានរបស់លោក ត្រាំ នៅក្នុងកីឡដ្ឋានខាងលើ ក៏បានបង្កភាពស្មុគ្រស្មាញ ទៅដល់ការរៀបចំទទួល និងការថែរក្សាសុវត្ថិភាព ជូនលោកដែរ។ ចេញពីទស្សនាការប្រកួត ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុន រួមនឹងភរិយាទាំងពីរនាក់ផង នឹងពិសារអាហារពេលល្ងាចជាមួយគ្នា ក្នុងភោជនីយដ្ឋានដ៏ល្បីមួយ នៃសង្កាត់ «Roppongi»។

រីឯចំណុចសំខាន់ នៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ នឹងប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃចន្ទ។ នៅថ្ងៃនោះ ពោលគឺបន្ទាប់ពីចូលគាល់ព្រះចៅអធិរាជ លោកប្រធានាធិបតីនៃប្រទេសមហាអំណាច នឹងជួបប្រជុំការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន មុននឹងទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា។ រដ្ឋបុរសទាំងពីរ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅបន្ទាប់ពីកិច្ចប្រជុំនោះ។

លោក ត្រាំ នឹងគ្រោងជួបក្រុមគ្រួសារ នៃបណ្ដាជនជប៉ុន ដែលត្រូវបានប្រទេស​កូរ៉េខាង​ជើង ចាប់ពង្រត់យកទៅ រវាងពីឆ្នាំ១៩៧០ មកដល់ឆ្នាំ១៩៨០ ដើម្បីបង្រៀនភាសាជប៉ុន ដល់ភ្នាក់ងារសម្ងាត់កូរ៉េខាងជើង។ ក្នុងពេលកន្លងមក លោក អាបេ ធ្លាប់បានសំនូមពររួចហើយ ស្នើឲ្យលោក ត្រាំ យកសំនុំរឿងនេះ មកជជែកជាមួយលោក គីម ជុង-អ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើង។

នៅក្នុងអំឡុងទស្សនកិច្ចខាងមុខនេះ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា លោក Trump និងគ្រួសារគឺជាភ្ញៀវរដ្ឋដំបូង…

Posted by U.S. Embassy Phnom Penh, Cambodia on Friday, May 24, 2019


បន្តបន្ទាប់ទៅទៀត មេដឹកនាំទាំងពីរនឹងធ្វើទស្សនកិច្ច នៅក្នុងមូលដ្ឋានយោធារួមមួយ ក្នុងក្រុង «Yokosuka» ស្ថិតនៅភាគខាងកើត (កណ្ដាល) នៃប្រទេសជប៉ុន។

យ៉ាងណា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ក្នុងប្រទេសជប៉ុន ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងខណៈស្ថានភាពតានតឺង កំពុងកើនកម្ដៅខ្លាំងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន – សហរដ្ឋអាមេរិក និងប្រទេសអៀរ៉ង់។ ក្រុមអ្នកតាមដានស្ថានការណ៍ បានពន្យល់ថា ទស្សនកិច្ចខាងលើ ចង់បញ្ជាក់ថា លោក ត្រាំ ពិតជាស្គាល់នយោយការបរទេស និងពិតជាមានមិត្តជាច្រើន នៅក្នុងពិភពលោក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។