កម្ពុជា

សម រង្ស៊ី ពន្យល់​ថា ហ៊ុន សែន ទទួលស្គាល់​«បានសម្លាប់ ហុក ឡងឌី»

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហាញជំនឿថា ភាពស្ងៀមស្ងាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបានប្តឹងរូបលោក ទៅកាន់តុលាការឯករាជ្យណាមួយនោះ គឺជាការសារភាពរបស់បុរសខ្លាំងកម្ពុជា ក្នុងការទទួលស្គាល់ការពិត ថា«បានសម្លាប់លោក ហុក ឡងឌី» អតីតអគ្គស្នងការនគរបាលជាតិ។

មកដល់ម៉ោងនេះ មានតែបណ្ដឹងរបស់លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ តែមួយករណីគត់ ដែលដាក់ឡើងទៅកាន់តុលាការ ក្នុងប្រទេសកម្ពុជា ប្ដឹងលោក សម រង្ស៊ី ពីបទ​«ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញការលើកឡើង របស់មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គមដែលថា លោក ស ខេង គាំទ្រលោក ឌី វិជ្ជា ក្នុងគម្រោងសងសឹងឲ្យឪពុកខ្លួន។

តែលោក សម រង្ស៊ី បានពន្យល់លើបណ្ដាញសង្គម ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ថាករណីខាងលើនេះ ដែលលោកធ្លាប់លើកឡើង តាំងពីដើមខែមិថុនានោះ គ្រាន់ជារឿងបន្ទាប់​បន្សំ​មួយ​ប៉ុណ្ណោះទេ។

ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេររៀបរាប់ថា៖

«ជាបន្ទាប់បន្សំ ខ្ញុំក៏បានលើកឡើងថា ឌី វិជ្ជា អាចមានគម្រោងសងសឹកបិតាគាត់ តែ ឌី វិជ្ជា ក៏មិនបានប្តឹងខ្ញុំដែរ ដោយរក្សាភាពស្ងៀមស្ងាត់។ ខ្ញុំបានសន្និដ្ឋានថា បើ ឌី វិជ្ជា រៀបចំគម្រោង​សងសឹក​បិតាគាត់​នោះមែន ស ខេង ច្បាស់ជាគាំទ្រ ឌី វិជ្ជា ហើយ ពីព្រោះ ស ខេង រកតែឱកាសកម្ចាត់ ហ៊ុន សែន ទេ។»

សម រង្ស៊ី ចោទ ហ៊ុន សែន ថា«បានសម្លាប់ ហុក ឡងឌី»

រីឯករណីដែលមេដឹកនាំប្រឆាំង ចាត់ទុកថា ជារឿងចម្បងនោះ គឺការចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកសម្លាប់លោក ហុក ឡងឌី។ លោកសរសេរថា៖

«ខ្ញុំបានចោទប្រកាន់ ហ៊ុន សែន ចំៗថា​គាត់ជាអ្នករៀបចំ “គ្រោះថ្នាក់ក្លែងក្លាយ” ដែលបណ្តាលឲ្យ ហុក ឡងឌី ស្លាប់ក្នុងឆ្នាំ២០០៨។ នេះជាការចោទប្រកាន់ចម្បងរបស់ខ្ញុំ។ (…) តែទាំង ហ៊ុន សែន ទាំង ឌី វិជ្ជា អត់ហ៊ានប្តឹងខ្ញុំទេ ដោយរក្សាភាពស្ងៀមស្ងាត់ទាំងពីរនាក់ ពីព្រោះពួកគេដឹងថា ខ្ញុំបានលាតត្រដាងការពិត។»

«មានតែ ស ខេង ម្នាក់ឯងគត់​​ដែលស្ថិតនៅ​ចុងកន្ទុយ​រឿងនេះ ដែលចេញមុខប្តឹងខ្ញុំ។ ស ខេង ចេញមុខប្តឹងខ្ញុំនេះ ដោយសារតែគាត់ធ្វើតាមបញ្ជា ហ៊ុន សែន ដែលបានប្រាប់គាត់ថា “បើ ស ខេង ឯង​មិនប្តឹង សម រង្ស៊ី ទេ មានន័យថា ស ខេង ឯង ចាំតែរកឱកាស​កម្ចាត់ខ្ញុំមែន ដូចអ្វីដែល សម រង្ស៊ី បានលើកឡើងនោះ”។»

«ដូច្នេះ បណ្តឹងរបស់ ស ខេង នេះ គ្រាន់តែជាការបង្គ្រប់កិច្ច ដើម្បីបំពេញចិត្ត ហ៊ុន សែន ហើយវាឆ្លុះបញ្ចាំងពីភាពតានតឹង ក្នុងជួរគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។»

លោក សម រង្ស៊ី បានបង្ហាញជំនឿថា៖

«ភាពស្ងៀមស្ងាត់របស់ ហ៊ុន សែន ដែលមិនហ៊ានប្តឹងខ្ញុំនេះ គឺជាការសារភាពរបស់គាត់ថា គាត់ទទួលស្គាល់ការពិត គឺគាត់បានសម្លាប់ ហុក ឡងឌី មែន៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។