ជាលើកដំបូងហើយ ដែលលោក សម រង្ស៊ី បានប្រើវោហាស័ព្ទខុសពីសព្វដង ដោយបានស្នើឲ្យលោក កឹម សុខា «កុំរវើរវាយ»ចំពោះមាតុភូមិនិវត្តន៍ របស់អ្នកស្រី មូ សុខហួរ ដែលនឹងគ្រោងធ្វើ ក្នុងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ។
ប្រតិកម្មរបស់ប្រធានស្ដីទីរបស់គណបក្សប្រឆាំង ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងទស្សនៈរបស់ប្រធានក្នុងតំណែង របស់គណបក្សនេះ (លោក កឹម សុខា) ដែលបានសរសេរបង្ហោះ លើបណ្ដាញសង្គម ចំថ្ងៃប្រកាសធ្វើមាតុភូមិនិវត្តន៍ របស់ក្រុមមេដឹកនាំគណបក្ស ពីក្រៅប្រទេស។
លោក កឹម សុខា បានសរសរថា៖
«ខ្ញុំបានកំណត់ហើយថា “ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូនរបស់ខ្ញុំ” ហើយ”ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់” ដែលខ្ញុំមិនអាចបោះបង់ និងមិនគាំទ្រអ្នកណាដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថានភាព ណាក៏ដោយចុះ។»
សំណេរខាងលើ បង្កឲ្យមានការជជែកវែកញែក យ៉ាងច្រើន នៅលើបណ្ដាញសង្គម ជុំវិញជំហររបស់លោក កឹម សុខា ដែលជាប្រធានគណបក្ស ចំពោះដំណើរវិលចូលមាតុប្រទេសវិញ របស់អនុប្រធានគណបក្ស និងមេដឹកនាំគណបក្សមួយចំនួនទៀត បន្ទាប់ពីពួកគេ បាននិរទេសខ្លួន រស់នៅក្រៅប្រទេស តាំងពីអំឡុងឆ្នាំ២០១៧កន្លងមក។
សម្រាប់លោក សម រង្ស៊ី បានពន្យល់ថា គេគប្បីសម្លឹងមើល ពីចរិតនយោបាយ របស់អ្នកស្រី មូរ សុខហួរ ដែលលោក សម រង្ស៊ី អះអាងថា មិនអាចជាគ្រោះថ្នាក់ សម្រាប់នរណាម្នាក់ឡើយ។ ប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងឡើង តាមរយៈវិទ្យុអាស៊ីសេរីក្នុងយប់ថ្ងៃសុក្រទី៤ ខែធ្នូ ឆ្នាំ២០២០នេះថា៖
«ឥឡូវ សុំឲ្យម្នាក់ៗគិតថ្លឹងថ្លែង ឲ្យត្រឹមត្រូវថា លោកស្រី មូរ សុខហួរ យើងស្គាល់ចរិតគាត់ យើងស្ដាប់ភាសាគាត់ យើងស្គាល់ទង្វើគាត់ បទពិសោធន៍របស់គាត់ គាត់ធ្លាប់បានធ្វើអ្វីខ្លះ តែងតែនិយាយបែបណា? តើគាត់ជាគ្រោះថ្នាក់ ឲ្យនរណាភ័យខ្លាចស្លន់ស្លោរ ដេកមិនលក់ឬទេ? តើនរណាអាចយល់ថា មិនត្រូវឲ្យគាត់មកទេ ពីព្រោះគាត់ហ្នឹង នឹងនាំមក នូវភាពចល្លាចល… ។»
«បើនរណាគិតអញ្ចឹង គឺច្បាស់ជាគេថ្កោលទោសហើយ ព្រោះគិតហ្នឹងរវើរវាយហើយ។»
បន្ទាប់មក លោក សម រង្ស៊ី បានតំឡើងទម្ងន់ពាក្យ នៅក្នុងវោហាស័ព្ទរបស់លោក ដោយមិនចំឈ្មោះ ហើយស្នើទៅនរណាក៏ដោយ រាប់ទាំងលោក កឹម សុខា ផង «កុំរវើរវាយ»ដូច្នេះ។ លោកថា៖
«ខ្ញុំសុំឲ្យថ្នាក់ដឹកនាំគណបក្សណាក៏ដោយ ដែលមានស្មារតីទទួលខុសត្រូវ កុំរវើរវាយ សម្រាប់ថ្ងៃ៤មករានេះ។ កុំទៅចោទប្រកាន់រវើរវាយ ពីលោកស្រី មូរ សុខហួរ ដែលជាស្ត្រី ជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី (…) គាត់ធ្លាប់តែជួយប្រជាពលរដ្ឋ ធ្វើជាសង្គមស៊ីវិល ធ្វើជាសមាគមមនុស្សធម៌ អញ្ចឹងទៅចោទ ទៅខ្លាចលោកស្រី មូរ សុខហួរ ថានាំឲ្យមានចល្លាចល នាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិអី។»
«បើនរណាគិតស្មានអញ្ចឹង គឺអ្នកហ្នឹងមនុស្សយ៉ាប់មែនទែនហើយបាទ៕»