អង្គការអ្នកយកការណ៍គ្មានព្រំដែន (RWB / RSF) បានអះអាងថា អ្នកសារព័ត៌មាន លោក សុខ ឧត្ដម គ្រាន់តែធ្វើកិច្ចការរបស់ខ្លួន ដោយផ្សាយការពិត និងឯករាជ្យប៉ុណ្ណោះ ហើយរដ្ឋាភិបាលក្រុងភ្នំពេញ មិនត្រូវប្រើការរឹតត្បិត ទៅលើសារព័ត៌មានឯករាជ្យទាំងឡាយ ដើម្បីបង្ខំឲ្យគេឯង ធ្វើតាមតែការឃោសនា របស់ខ្លួននោះឡើយ។
សេចក្ដីថ្លែងការណ៍មួយ របស់អង្គការអន្តរជាតិខាងលើ ដែលមានជំនាញ ខាងឃ្លាំមើលសិទ្ធិសេរីភាពសារព័ត៌មាន នៅជុំវិញពិភពលោក ដែលទើបនឹងចេញផ្សាយ កាលពីមុននេះបន្តិច បានលើកឡើងយ៉ាងលំអិត អំពីព្រឹត្តិការណ៍ទាំងឡាយ ដែលឈានទៅដល់ការចាប់ខ្លួន លោក សុខ ឧត្ដម ម្ចាស់វិទ្យុ និងគេហទំព័រ រិទ្ធិសែន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
ការចាប់ខ្លួននោះ ធ្វើឡើងបន្ទាប់ពីលោក បានចុះទៅធ្វើការ ផ្សាយបន្តផ្ទាល់ អំពីការតវ៉ារបស់ពលរដ្ឋ នៅមុខសាលាឃុំ ជៀប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកទឹកផុស ជុំវិញជម្លោះដីធ្លី ដែលប្រជាពលរដ្ឋចោទថា អាជ្ញាធរបានដកហូតដីធ្លី រាប់សិបហិចតា របស់ពួកគាត់។
ក្រោយការចាប់ខ្លួន ស្ថាប័នវិទ្យុ និងគេហទំព័រឈ្មោះ «រិទ្ធិសែន» របស់លោក សុខ ឧត្ដម ក៏ត្រូវបានក្រសួងព័ត៌មាន ចេញប្រកាស ឲ្យបិទទ្វាដែរ។ នេះ បើតាមសេចក្ដីសម្រេចមួយ របស់ក្រសួង ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ នៅថ្ងៃទី១២ ខែឧសភា តែទើបនឹងឃើញចេញផ្សាយ នៅថ្ងៃទី១៣ ខែឧសភា។
អង្គការ «RWB / RSF» បានសរសេរ ពីករណីលោក សុខ ឧត្ដម ថា៖
«លោក (សុខ ឧត្ដម) គ្រាន់តែផ្សព្វផ្សាយរបាយការណ៍មួយ ស្តីពីជំលោះដីធ្លី រវាងអ្នកភូមិ និងមន្រ្តីយោធាមូលដ្ឋានម្នាក់ ដែលបន្ទាប់មក មន្ត្រីរូបនោះបានប្តឹងលោក សុខ ឧត្ដម។ នៅថ្ងៃនៃការចាក់ផ្សាយនោះ ខណៈលោក សុខ ឧត្ដម មិនទាន់ត្រូវបានចោទប្រកាន់ ពីទោសកំហុសអ្វីផង ស្រាប់តែក្រសួងព័ត៌មានកម្ពុជា បានបញ្ជាឱ្យដកហូតអាជ្ញាប័ណ្ណ ពីស្ថាប័ន”រិទ្ធិសែន” ដោយផ្អែកលើហេតុផលថា លោក សុខ ឧត្តម បាន“ បំផ្លើស” អង្គហេតុ។»
នាយកការិយាល័យ ទទួលបន្ទុកកិច្ចការ អាស៊ី-ប៉ាស៊ីភិក លោក ដានីញែល បាស្ដាដ៍ (Daniel Bastard) ត្រូវបានស្រង់សំដី នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖
«យើងអំពាវនាវ ឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ដោះលែងលោក សុខ ឧត្តម និងទម្លាក់ចោលការចោទប្រកាន់ លើរូបលោក។ អង្គការ “RWB /RSF” អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់អាជ្ញាប័ណ្ណឡើងវិញ ដល់ស្ថាប័ន”រិទ្ធិសែន” ដែលធ្វើការ ដើម្បីផ្តល់ព័ត៌មាន ដែលអាចទុកចិត្តបាន និងឯករាជ្យ ដល់អ្នកស្តាប់។»
លោកបន្តថា៖
«អាជ្ញាធរកម្ពុជាត្រូវតែបញ្ឈប់ ការគាបសង្កត់ ទៅលើប្រព័ន្ធសារព័ត៌មានសេរីទាំងឡាយ ដោយដាក់កំហិត និងបង្ខំឲ្យគេឯង ធ្វើតាមតែការឃោសនា របស់ខ្លួននោះ។»
ភ្លាមៗ រដ្ឋាភិបាលក្រុងភ្នំពេញ មិនទាន់បញ្ចេញប្រតិកម្ម តបនឹងសេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិខាងលើ ដែលមានទីស្នាក់ការធំ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំងនៅឡើយ។
ប៉ុន្តែកាលពីដើមសប្ដាហ៍នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលិខិតមួយច្បាប់ របស់រដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលស្នើឲ្យក្រសួងរបស់លោក ដកអាជ្ញាប័ណ្ណពីស្ថាប័ន «រិទ្ធិសែន» របស់លោក សុខ ឧត្ដម នៅមុនការចាប់ខ្លួនលោក។ លិខិតនោះ បានចោទលោក សុខ ឧត្ដម ថាជាសកម្មជនរបស់គណបក្សខ្មែរក្រោក ដែលបានផ្សាយ ឲ្យមានការរើសអើង ប្រឆាំងនឹងជនជាតិវៀតណាម និង«ឲ្យក្ដ» ទៅថ្នាក់ដឹកនាំខេត្ត។
ករណីលោក សុខ ឧត្ដម បានបន្ថែមតួលេខ នៃការចាប់ចង និងការរាំងខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា ដែលកើតមានជាបន្តបន្ទាប់ រាប់ពីចុងខែមីនាកន្លងមក។
កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារដែរ បន្ទាប់ពីលោក បានចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បីទិញអង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។
នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរងការរាំងខ្ទប់ ដោយមិនឲ្យប្រិយមិត្តបើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័នមិនចំណុះមួយនេះ បានផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅកម្ពុជា និងនៅប្រទេសចិន។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សង្គមស៊ីវិល និងបណ្ដាញសហគមន៍ ប្រមាណជាង១៣០ស្ថាប័ន បានអំពាវនាវទៅរដ្ឋាភិបាល ឱ្យដោះលែងអ្នកសារព័ត៌មាន ដែលរងការចាប់ខ្លួនខាងលើ និងបញ្ឈប់ការយាយី ទៅលើអ្នកសារព័ត៌មានផ្សេងទៀត ដែលកំពុងអនុវត្តភារកិច្ច របស់ពួកគេ។
នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម១៨០ប្រទេស នៅជុំវិញពិភពលោក៕