កម្ពុជា

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ រងគ្រោះ​ដួលម៉ូតូ​ព្រោះ​ជន​មិន​ស្គាល់​មុខ

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ និងជាមនុស្សដ៏ជិតដិតម្នាក់ របស់លោក រ៉ុង ឈុន បាន​រងគ្រោះ​ថ្នាក់ចរាចរណ៍ ក្នុងល្ងាចថ្ងៃចន្ទ ទី១០ ខែសីហានេះ បន្ទាប់ពីត្រូវជនមិនស្គាល់មុខម្នាក់ ដែលជិះ​មកទន្ទឹម រួចទាញដៃចង្កូតម៉ូតូ ឲ្យដួល​ច្រងាប់​ច្រងិល។ នេះ បើតាមប្រភពជិតដិតនឹងអ្នកស្រី មុននឹងអះអាងបន្ថែម ដោយ​អ្នកស្រី​ខ្លួនឯង​ផ្ទាល់។

គ្រោះថ្នាក់នោះ បានកើតឡើង ត្រង់ចំណុចភូមិកោះចិន ឃុំគគី ស្រុកគៀនស្វាយ ខេត្ត​កណ្ដាល នៅក្រោយ​ពេល​អ្នកស្រី និងស្វាមី​បានជិះម៉ូតូ វិលត្រឡប់ពីធ្វើការ ក្នុងរាជធានី​ភ្នំពេញវិញ។

ស្ថិតក្នុងសភាពរំរបួសច្រើនកន្លែង អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលដឹងខ្លួន​អាចនិយាយ​ឡើងវិញ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ បណ្ដាលមកពីជនពាក់អាវខ្មៅ និងពាក់មួក​ម្នាក់ ដែលបានជិះម៉ូតូ​មកទន្ទឹម ហើយបានទាញ កញ្ឆក់​ដៃចង្កូតម៉ូតូអ្នកស្រី និងស្វាមី ឲ្យដួលទៅលើថ្នល់។

អ្នកស្រី អ៊ុក ឆាយ៉ាវី បានហៅហេតុការណ៍នេះ ថាមានហេតុផលនយោបាយ«សុទ្ធសាធ» ដើម្បី​គម្រាមកំហែង​អ្នកស្រី និងសកម្មជនតស៊ូមតិ​ផ្សេងទៀត កុំឲ្យចេញធ្វើការតវ៉ា ទាមទាររកយុត្តិធម៌សង្គម ជំទាស់នឹង​​របបដឹកនាំ​ក្រុងភ្នំពេញ។

ក្នុងពេលភ្លាមៗ មិនមានការធ្វើអត្ថាធិប្បាយ ឬការអះអាងផ្សេងទៀត ពីសំណាក់​អាជ្ញាធរនៅនឹងកន្លែង ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​នេះទេ។

ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ដែលជាមនុស្សជិតដិត ជាមួយលោក រ៉ុង ឈុន បានដឹកនាំការតវ៉ា ដោយ​សន្តិវិធី ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ដែលត្រូវ​បានក្រុមអាជ្ញាធរ ចាប់ខ្លួន កាលពីយប់​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។