កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ស្ថានទូត​អាមេរិក បន្ទាប់ពី​បង្ហោះសារ​ថា កឹម សុខា ស្អាតស្អំ

ការបង្ហោះសារថា «លោក កឹម សុខា ស្អាតស្អំ» នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក កាលពីល្ងាចម្សិលម៉ិញ បានបង្កឲ្យក្រសួងការបរទេស របស់របបដឹកនាំក្រុងភ្នំពេញ ចេញមុខធ្វើប្រតិកម្មនៅថ្ងៃនេះ ដោយហៅការបង្ហោះនោះ ថាជា«ទង្វើក្នុងទិសដៅលំអៀង» ដែល«មិនមានលក្ខណៈការទូត» និង«មិនគោរពដល់អធិបតេយ្យកម្ពុជា» ហើយរំលោភលើអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦១ ស្ដីពីបេសកកម្មការទូត។

កាលពីល្ងាចម្សិលម៉ិញ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតនៃប្រទេសមហាអំណាច បានសរសេរអម នឹងរូបភាពរបស់លោក កឹម សុខា ផង ដោយប្រកាសថា ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ជា​មនុស្ស«ស្អាតស្អំ ដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត»។

សម្រាប់របបដឹកនាំក្រុងភ្នំពេញ ការបង្ហោះរបស់ស្ថានទូតអាមេរិក គឺជា«សារអត្ថាធិប្បាយ តែមួយជ្រុង លើសំណុំរឿងលោក កឹម សុខា» ហើយស្ថានទូតអាមេរិក ត្រូវបានទាមទារឲ្យ«បញ្ឈប់ជាបន្ទាន់ នូវសកម្មភាព​ដែល​មាន​ហេតុផល​​នយោបាយ និងគ្មានការទូតនេះ»។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន បានសរសេរថា៖

«ក្រសួងការបរទេស ត្រូវបង្ខំចិត្តក្រើនរំលឹក ដល់​ស្ថានទូត​សហរដ្ឋអាេមរិក​នៅភ្នំពេញ អំពីមាត្រា៤១ នៃអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឲ្យស្ថានទូតសហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។