កម្ពុជា

ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​«ការញុះញង់​ពីនាយសមុទ្រ»

របបដឹកនាំក្រុងភ្នំពេញ បានប្រកាសចាត់វិធានការ ប្រឆាំងនឹងបណ្ដាជននៅក្រៅប្រទេសទាំងឡាយណា ដែលរបបនេះរកឃើញថា បានបង្កើត«ការញុះញង់​ពីនាយសមុទ្រ» ដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ «ក្នុងបំណងបង្កើតកម្លាំងចលនាមហាជន ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាជរដ្ឋាភិបាល»។

សេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យអ្នកនាំពាក្យ នៃរបបដឹកនាំក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ បានចាត់ទុកទង្វើនោះ ថាជា«ការប្រព្រឹត្តិបទឧក្រិដ្ឋ ឬជាសកម្មភាពឧក្រិដ្ឋកម្ម» ដែលមានចែងក្នុងច្បាប់កម្ពុជា។ ការិយាល័យអ្នកនាំពាក្យ បានសរសេរបន្តថា៖

«ការញុះញង់ខាងលើ ជាអំពើភេវរកម្មនយោបាយ ប្រឆាំងនឹងផលប្រយោជន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរបស់ខ្លួន ទោះសកម្មភាពញុះញង់នោះ ស្ថិតនៅឯនាយសមុទ្រ នឹងអាចជះឥទ្ធិពល ក៏ដូចជាកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុបែបណាក៏ដោយ។»

«ការញុះញង់​ពីនាយសមុទ្រ»

យ៉ាងណា អ្នកនាំពាក្យមិនបានបញ្ជាក់ឲ្យច្បាស់ និងលំអិត ថាតើនរណា ឬក្រុមណាមួយ ដែលរបបលោក ហ៊ុន សែន ចង់សំដៅរកនោះទេ។

ប៉ុន្តែការបញ្ជាក់ជំហរនេះ ធ្វើឡើង ក្រោយការបង្ហោះឯកសារមួយ កាលពីព្រឹកម៉ិញ ដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា អះអាងថា មានក្រុមផ្ទៃក្នុងគណបក្សកាន់អំណាច កំពុងខឹងសម្បារចំពោះលោក ហ៊ុន សែន ហើយក្រុមនោះកំពុងត្រៀមគាំទ្រ ដំណើរវិលចូលស្រុក របស់លោក សម រង្ស៊ី។ ឯកសារនោះ ត្រូវបានគណបក្សប្រជាជនកម្ពុជាខ្លួនឯង ទាត់ចោល ដោយចាត់ទុកថា ជា«ឯកសារក្លែងក្លាយ»។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការម៉ឺងម៉ាត់ តាមផ្លូវច្បាប់ និងរួមទាំងកិច្ចសហការអន្តរជាតិ ក្នុងការទប់ស្កាត់សកម្មភាពទាំងឡាយខាងលើ។ លិខិតដដែលបានបន្តថា៖

«រាជរដ្ឋាភិបាលកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ និងស្និតបំផុត ចំពោះរាល់សកម្មភាព និងចលនាវិទ្ធង្សនារបស់បុគ្គល និងក្រុមពាក់ព័ន្ធទៅនឹងសកម្មភាពភេវរកម្មនយោបាយទាំងនេះ (…) [ហើយ] បាននិងកំពុងត្រៀមជាស្រេច ក្នុងការឆ្លើយតប ជាមួយនឹងការប្រមូលភស្ដុតាងជាក់ស្ដែង និងកំណត់អត្តសញ្ញាណ លើបុគ្គលពាក់ព័ន្ធ ដើម្បីអនុវត្តច្បាប់ (…)»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។