វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថាព្រះរាជាសព្វថ្ងៃ មិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨

«សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ» នេះ ជាការអះអាងឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដោយពន្យល់ថា បើតាមរដ្ឋធម្មនុញ្ញ ព្រះរាជបល្ល័ង្គ និងរាជានិយមកម្ពុជា មានភាពរឹងមាំខ្លាំងក្លារួចស្រេចហើយ មិនចាំបាច់មានការការពារបន្ថែមទេ។

អ្នកវិភាគបានពន្យល់ថា គេគ្រាន់តែគោរពតាមរដ្ឋធម្មនុញ្ញ ជាពិសេសនាយករដ្ឋមន្ត្រី អ្នកដឹកនាំស្ថាប័នរដ្ឋ និងរដ្ឋមន្ត្រីពាក់ព័ន្ធ ត្រូវគាំទ្រសកម្មភាព ថ្វាយសហការពេញលេញ និងរៀបចំស្ថាប័ន យន្តការនិងនីតិវិធីសមស្រប ជាសេនាធិការជួយឲ្យព្រះមហាក្សត្រប្រើប្រាស់ព្រះរាជសិទ្ធិ និងបំពេញ ព្រះរាជតួនាទីរបស់លោក។

លោក ឡៅ ម៉ុងហៃ បានធ្វើការកត់សំគាល់បន្តថា សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ។ លោកបន្តថា៖

«ដំបូងឡើយនៅជប៉ុន គឺព្រះចៅអធិរាជតែងតាំងមេទ័ពកំពូល ដែលភាសា ជប៉ុនហៅថា ហ្សូហ្គុន (Shogun) ជានាយករដ្ឋមន្ត្រី។ នាយករដ្ឋមន្រ្តីមេទ័ពកំពូលនោះ យកអំណាច អស់ពីព្រះចៅអធិរាជ ហើយក៏តែងតាំងកូនៗ ឲ្យស្នងជានាយករដ្ឋមន្ត្រីមេទ័ពកំពូលតត្រកូល។»

«ពួកគេទុកឲ្យព្រះចៅអធិរាជ គង់នៅក្នុងវាំង​នៅទីក្រុង គីយ៉ូដូ (Kyodo) ឆ្ងាយដាច់ដោយឡែក ហើយនាយករដ្ឋមន្ត្រី​មេទ័ពកំពូល ធ្វើការដឹកនាំប្រទេស​នៅទីក្រុង អេដូ (Edo) ដែលក្រោយមក​ដូរឈ្មោះជា តូក្យូ (Tokyo)។ ត្រកូលនាយករដ្ឋមន្ត្រីមេទ័ពកំពូលចុងក្រោយ  “Shogunate” គ្រប់គ្រងប្រទេសជប៉ុន ២៥០ឆ្នាំ រហូតដល់មានរដ្ឋប្រហាររំលំនិងថ្វាយអំណាច ឲ្យទៅព្រះចៅអធិរាជគ្រប់គ្រងវិញ នៅឆ្នាំ១៨៦៨។»

សម្រាប់ព្រះរាជសិទ្ធិ និងតួនាទីរបស់ព្រះមហាក្សត្រកម្ពុជា ត្រូវបានលោក ឡៅ ម៉ុងហៃ យកមកសង្ខេបចេញ ជា៦ចំណុចធំៗ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់មកជម្រាមជូន ដូចខាងក្រោម៖

១) ព្រះរាជសិទ្ធិលើកលែងទោស និងបន្ធូរបន្ថយទោស (មាត្រា២៧) គឺទុកឲ្យលោកសម្រេចដោយ មិនចាំបាច់ឲ្យមានការស្នើសុំ ពីប្រមុខរដ្ឋាភិបាល ដូចសព្វថ្ងៃនេះ។

២) តួនាទីជា មេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ (មាត្រា២៣) គឺសុំឲ្យលោកមានឯកសណ្ថាន យោធា យាងលោកឲ្យគង់ជាព្រះអធិបតីក្នុងការប្រារពពីធីយោធានានា និងយាងត្រួតពល នឹងឲ្យអគ្គ មេបញ្ជាការដែលលោកតែងតាំងទទួលខុសត្រូវចំពោះលោក ដែលមិនបានធ្វើសព្វថ្ងៃនេះ។

៣) តួនាទី ជាអ្នកធានាឯករាជ្យរបស់តុលាការ (មាត្រា១៣២.- ថ្មី) គឺទុកឲ្យលោកគ្រប់គ្រងឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជាសេនាធិការជួយលោក ឲ្យធានាឯករាជ្យនោះឲ្យបាន រួមមានការតែងតាំងចៅក្រមក្រម ព្រះរាជ្ញអាជ្ញាឯករាជ្យ និងត្រួតពិនិត្យកុំឲ្យមានអំពើពុករលួយ ដែលមិនបានធ្វើសព្វថ្ងៃនេះ។

៤) តួនាទីធានា ការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ (មាត្រា៨) គឺជួយឲ្យលោកមានយន្តការ ត្រួតពិនិត្យ ការការគោរពសិទ្ធិសេរីភាពទាំងនោះ និងឲ្យតុលាការដាក់ទណ្ឌកម្មទៅលើការរំលោភ ដែលមិនបានធ្វើសព្វថ្ងៃនេះ។

៥) នាយករដ្ឋមន្ត្រី និងគណរដ្ខមន្ត្រី ត្រូវចូលសវនា២ដងក្នុង១ខែ ដើម្បីរាយការណ៍ថ្វាយលោក និងស្ដាប់ព្រះរាជតម្រិះ ពីលោក (មាត្រា២០)។ សវនាការនេះ ដូចអត់មានផងសព្វថ្ងៃនេះ។

៦) តួនាទីព្រះអធិបតី សមាជជាតិដែលត្រូវធ្វើឡើង នៅខែធ្នូ រៀងរាល់ឆ្នាំ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមស្តាប់ រដ្ឋាភិបាលនិងធ្វើសំណូមពរជូនវិញ និងឃើញលោកធ្វើការផ្ទាល់ផង។ សមាជនេះអត់ទានបានបង្កើតទេ មកទល់សព្វថ្ងៃនេះ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។