កម្ពុជា

ផែង វណ្ណៈ ត្រូវ​ឃុំខ្លួន​នៅ​​គុក​ព្រៃស តែ​ពីរថ្ងៃ​បន្ទាប់​ពីត្រូវ ហ៊ុន សែន ប្ដឹង​

រងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ភាគីចុងចោទ លោក ផែង វណ្ណៈ បានស្គាល់រសជាតិពន្ធនាគារ រួចជាស្រេចហើយ។ មន្ត្រីយោធាស័ក្ដិ៤កន្លះ និងជាម្ចាស់គណនី-ទំព័រហ្វេសប៊ុកដ៏ល្បីឈ្មោះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ។

ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា​​​ បានសម្រេចចេញដីការឃុំខ្លួន លោក ផែង វណ្ណៈ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរងចាំការជំនុំជម្រះទោស នាពេលខាងមុខ។ លោក ផែង វណ្ណៈ បានរងការចោទពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​អោយ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទ៍​។​

​បទចោទប្រកាន់​ទាំងពីរ​ អាចត្រូវផ្តន្ទាទោស ​តាម​​មាត្រា៣០៥ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​ មាត្រា៣០៥ បានចែង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បានកំណត់​ពី​ការពិន័យ​ជា​ប្រាក់ ពី១​សែន​រៀល ទៅ១០​លាន​រៀល​ ខណៈមាត្រា៤៩៥ បានចែង​ពីបទញុះញង់ ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចន្លោះ​ពី៦​ខែ ទៅ២​ឆ្នាំ​។​

​​លោក ផែង វណ្ណៈ ដែលជាមន្ត្រី​យោធាមាននិន្នាការ ស្និតគណបក្សប្រជាជនកម្ពុជា ត្រូវបាន​កងកម្លាំង​រាជអាវុធហត្ថចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ២០១៩ ពោលគឺមួយថ្ងៃ ក្រោយពាក្យបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច ត្រូវបានដាក់ចូលដល់តុលាការ​។

នៅ​រសៀល​ថ្ងៃទី​០២ ខែមេសាដដែលនោះ ភាគីចុងបណ្ដឹង ត្រូវបានបញ្ជូនទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីតំណាង​អយ្យការធ្វើការសាកសួរ មុននឹងបញ្ជូនលោក ត្រឡប់ទៅគេងមួយយប់ នៅទីស្នាក់ការកងរាជអាវុធហត្ថវិញ។

តុលាការបានបន្តសាកសួរ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩នេះទៀត ហើយបានសម្រេចឃុំខ្លួនលោក ផែង វណ្ណៈ នៅវេលារសៀល ដើម្បីរងចាំដល់ការជំនុំជម្រះទោសជាក់ស្តែង នាពេលខាងមុខ។

នាយករដ្ឋមន្ត្រី​កម្ពុជា បានប្ដឹង​លោក ផែង វណ្ណៈ ទាក់ទង​​នឹងការបង្ហោះមួយ ​ក្នុងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ ដែលលោក វណ្ណៈ ប្រៀបធៀបការយកប្រាក់​ទៅចូលបុណ្យសព​យុវតីរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ថាមិនខុសគ្នា​ពីការចូលបុណ្យ​ធ្វើចេតិយ៍​សពលោក កែម ឡី ពីសំណាក់មេកាសែត «Fresh News» ដែលតំណាងឲ្យលោក ហ៊ុន សែន កាលពីពេលកន្លងមក​នោះទេ

​លោក គី តិច បានសរសេរនៅក្នុងពាក្យបណ្ដឹងថា លោក ផែង វណ្ណៈ មាន​ផែនការ​ច្បាស់លាស់ និង​ចេតនា​ទុច្ចរិត​ពិតប្រាកដ ធ្វើការ​ប្រៀបធៀបនោះ ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ ទៅលើ​បុរសខ្លាំងកម្ពុជា ថាជា​ឃាតក​​សម្លាប់​​លោក​បណ្ឌិត កែម ឡី​។​

​សូមបញ្ជាក់ថា ក្រៅពី​បណ្តឹង​របស់​នាយក​រដ្ឋមន្ត្រីខាងលើ លោក ផែង វណ្ណៈ នៅ​រង​បណ្តឹង​​ចំនួន៣ទៀត៖ (១) បណ្ដឹងរបស់លោក ​ពេជ្រ ​ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (២) បណ្តឹងរបស់​សារព័ត៌មាន «Fresh News» ទៅកាន់សាលាដំបូង ប្តឹង​ទារ​សំណង ៥០​ម៉ឺន​ដុល្លារ និង ​(៣) បណ្តឹង​របស់លោក ខាន់​ សុវណ្ណ អ្នកប្រើប្រាស់បណ្ដាញសង្កមមួយរូប ទៅកាន់សាលាដំបូង ប្តឹងទារ​សំណង ១​លាន ២១​ម៉ឺន​ដុល្លារ។

គ្រប់បណ្ដឹងទាំងអស់ មានស្ថានបទចោទប្រហាក់ប្រហែលគ្នា គឺបទ«ជេរប្រមាថ បរិហារកេរ្តិ៍ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬគម្រាមថាសម្លាប់»៕​

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។