កម្ពុជា

ផៃ ស៊ីផាន ថា​គ្មាន​ភាព​ចាំបាច់​ចាប់ខ្លួន​អ្នក​រៀបចំ​ទទួល សម រង្ស៊ី នៅ​កូរ៉េ​ទេ

បន្ទាប់ពីគម្រាមរួច នៅមុននេះបន្តិច លោក ផៃ ស៊ីផាន បានប្ដូរជំហរវិញថា របបដឹកនាំក្រុងភ្នំពេញ ដែលមានរូបលោកជាអ្នកនាំពាក្យ គ្មានភាពចាំបាច់ក្នុងការចាប់ខ្លួន ក្រុម«មេក្លោង» ដែលរៀបចំទទួលមេដឹកនាំប្រឆាំង លោក សម រង្ស៊ី នៅកូរ៉េខាងត្បូងនោះទេ។

ការប្ដូរសំដីរបស់មន្ត្រីអ្នកនាំពាក្យរូបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីលោកត្រូវបានប្រព័ន្ធឃោសនា របស់របបក្រុងភ្នំពេញ ស្រង់សំដីយកមកចុះផ្សាយ ដោយដាក់ជាចំណងជើងថា «លោក ផៃ ស៊ីផាន ៖ រាជរដ្ឋាភិបាលអាចចាប់មេក្លោង រៀបចំពិធីទទួលទណ្ឌិត សម រង្ស៊ី នៅកូរ៉េខាងត្បូង»។

ចុមលេងមែនទែនហើយតើ។ខ្ញុំក៏នឹងទៅយកព័ត៌មានអំពីព្រិត្តិការណ៍នេះដែរ។ ប្រិយមិត្តទាំងឡាយ ជួបគ្នាឆាប់ៗនៅសេអ៊ូល និងក្វាងជូ។

Publiée par Chun Chanboth Vuthy Huot sur Jeudi 11 avril 2019


ការចុះផ្សាយនោះ មានថតទាំងសំដីរបស់លោក ផៃ ស៊ីផាន តាមរយៈវីដេអូមួយផង។ ប៉ុន្តែនៅមុននេះបន្តិច មន្ត្រីអ្នកនាំពាក្យរបបក្រុងភ្នំពេញមួយនេះ បានប្ដូរជំហរជាថ្មី ដោយបញ្ជាក់​ថា ការថ្លែងគម្រាមនោះ គ្រាន់តែជា«លទ្ធភាពតាមផ្លូវច្បាប់» ក្នុងកិច្ចចាត់វិធានការ ណាមួយដែលចាំបាច់ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន បានសរសេរថា៖

«ដើម្បីបញ្ចៀសការយល់ច្រឡំ ចំពោះវិធានការប្រឆាំងនឹងក្រុម ឬអង្គការ ដែលត្រៀមលក្ខណៈស្វាគមន៍ទណ្ឌិត សម រង្ស៊ី នៅឯនាយសមុទ្រនោះ គឺរាជរដ្ឋាភិបាលអាចមានលទ្ធភាព តាមផ្លូវច្បាប់ ក្នុងកិច្ចចាត់វិធានការ ដោយប្រការណាមួយជាចាំបាច់។»

ចលនាយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង បានប្រកាសតាំងពីចុងខែមិនាកន្លងទៅ រៀបចំកម្មវិធីចំនួនបី ដែលនឹងប្រព្រឹត្តិទៅ ក្នុងថ្ងៃទី១៩-២០-២១ ខែមេសាខាងមុខ ដោយមានវត្តមានចូលរួម របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី។ កម្មវិធីនោះរួមមាន (១) សន្និសីទកូរ៉េ-កម្ពុជា ស្តីពីប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, សន្តិភាព (២) សមាជអ្នកប្រជាធិតេយ្យ និង(៣) មហាបាតុកម្មភ្លើងទៀន។

អ្នកនាំពាក្យរបបក្រុងភ្នំពេញ បានប្រកាសពីជំហរថ្មីវិញ ដូច្នេះថា៖

«រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (…) ដែលលោកមានគុណធម៌ និងសីលធម៌ខ្ពស់នោះ ខ្ញុំផ្ទាល់យល់ឃេីញថា គឺមិនមានតម្លៃ នៃការចាំបាច់ណាមួយ ក្នុងកិច្ចចាត់វិធានការនោះទេ គឺនាំឱ្យមានអរិភាព ឬរូបភាពប្រទូសរ៉ាយរវាងខ្មែរ និងខ្មែរ នៅលើទឹកដីបរទេស ដែលសម្តេច​តេជោ លោកមិនចង់ឃេីញ ករណីនេះកេីតឡេីងនោះឡើយ ដែលអាចបង្ក ឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសជាតិ។»

រីឯប្រព័ន្ធឃោសនាដែលបានស្រង់សំដីមុន របស់លោក ផៃ ស៊ីផាន មកចុះផ្សាយនោះ បានលុបចោលអត្ថបទ ដែលចេញផ្សាយរួចចោលចេញ ហើយជំនួសមកវិញ ដោយអត្ថបទថ្មី (ខ្សែភ្ជាប់តែមួយ) ដែលជាសំដីខាងលើ របស់អ្នកនាំពាក្យ។ បើគេមិនបានតាមដានសាច់រឿង វាដូចជា គ្មានរឿងអ្វីកើតឡើងទាំងអស់៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។