កម្ពុជា

ផៃ ស៊ីផាន ថារដ្ឋាភិបាល​មិនធ្វើ​ច្បាប់ ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»ទេ

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រកាសថា ខ្លួនមិន«បំពេញចិត្ត​អង្គការ​ណា»ទេ នៅចំពោះ​ការអនុម័ត​យ៉ាងតក់ក្រហល់ នូវសេចក្ដីព្រាងច្បាប់​មួយទៀត ស្ដីពីការប្រឆាំង​ការសម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នេះ បើតាមការអះអាង របស់លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រដ្ឋាភិបាល។

តាមសេចក្ដីសម្រេច របស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងថ្ងៃនេះ បានបញ្ជាក់ថា ការអនុម័ត​នោះ មិនមែនជា​សេចក្ដីព្រាងច្បាប់ ថ្មីស្រឡាងមួយទេ តែជាសេចក្ដីព្រាងច្បាប់ ដាក់​បញ្ចូល​​គ្នា រវាងច្បាប់ស្ដីពីការប្រឆាំង​ការសម្អាតប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ២០០៧ – ច្បាប់ធ្វើវិសោធនកម្ម នៅឆ្នាំ​២០១៣ – យុទ្ធសាស្ត្រជាតិ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ និងអនុសាសន៍ស្ដង់ដារ ឆ្នាំ២០១២ របស់​«FATF»។

ការអនុម័ត្រសេចក្ដីព្រាងច្បាប់ តាមបែបដាក់បញ្ចូលគ្នានេះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយ​ការធ្វើ​បច្ចុប្បន្នភាព បញ្ជីខ្មៅ​របស់​សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី៧ ខែឧសភា ដែលដាក់​បញ្ចូល​​ប្រទេស​កម្ពុជា ភូមា និងប្រទេស​១០ទៀត នៅក្នុងបញ្ជីខ្មៅថ្មី មាន២២​ប្រទេស ដែល​ជាប់​​ពាក់ព័ន្ធ នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។

សម្រាប់លោក ផៃ ស៊ីផាន បានពន្យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ ក្នុងពេលភ្លាមៗ ទាំងមិនបានដាក់ បង្ហាញជាសាធារណៈ ឲ្យដឹងពីខ្លឹមសារច្បាប់នោះ គឺរដ្ឋាភិបាល​មិនមែន​ធ្វើឡើង ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»​ទេ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ នៅលើបណ្ដាញសង្គមថា៖

«គឺជាការប្រឹងប្រែង របស់រដ្ឋាភិបាល និងធនាគារជាតិ ដែលត្រូវកែលម្អច្បាប់ ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្ត ទៅលើលក្ខខ័ណ្ឌជាសមាជិក របស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG)។»

សេចក្ដីសម្រេច របស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពី​ការប្រឆាំង​ការម្អាតប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម បាន​បន្ថែមនូវខ្លឹមសារ​សំខាន់ៗ ចំនួន៣ចំណុច រួមមាន៖

១. ការកំណត់ឱ្យបានច្បាស់លាស់ នូវនិយមន័យ នៃពាក្យបច្ចេកទេស
២. ការបញ្ជាក់បន្ថែម ពីនីតិវិធីនៃការយកចិត្តទុកដាក់ ស្គាល់អតិថិជន
៣. ការបង្កើនកម្រិតពិន័យ ជាសាច់ប្រាក់ នៅក្នុងទណ្ឌកម្មខាងព្រហ្មទណ្ឌ។

បើតាមការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុក បានអះអាងថា សេចក្ដីព្រាង​ច្បាប់​ខាងលើ នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ យ៉ាងហោច​ឱ្យបាន​មុន​ខែកញ្ញា ឆ្នាំ២០២០។

យ៉ាងណា ទោះជាលោក ផៃ សុផាន អះអាងថា រដ្ឋាភិបាលមិនធ្វើច្បាប់ ដើម្បី​«បំពេញចិត្ត​អង្គការ​ណា»​ក៏ដោយចុះ តែថ្ងៃខែដាក់ឲ្យប្រើប្រាស់ នៃច្បាប់ថ្មីខាងលើ ហាក់មាន​លក្ខណៈ​បន្ទាន់ និងត្រូវគ្នា ទៅនឹងថ្ងៃខែ ​របស់​សហភាព​អ៊ឺរ៉ុប ដែលកំណត់ថា បញ្ជីខ្មៅនៃ​ក្រុម​ប្រទេស​​ទាំង២២ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០តទៅ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។