កម្ពុជា

អ៊ុក ទូច ប្រកាសរហស្សនាមជា​«ជួបគប់ក្បាល ហ៊ុន សែន នឹងស្បែកជើង»

បងប្អូនត្រកូល«ជួប» ៖ បន្ទាប់ពីបានបង្ហោះទ្រនាប់ជើងមួយចំហៀង សំដៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួច បុរសម្ចាស់ទ្រនាប់ជើង ដែលមានឈ្មោះ អ៊ុក ទូច បានចេញមុខនៅថ្ងៃព្រហស្បត្តិ៍នេះ ប្រកាសរហស្សនាមខ្លួនថា លោកជា«ជួបគប់ក្បាល ហ៊ុន សែន នឹងស្បែកជើង»។ បើតាមការអះអាងនោះ បានបញ្ជាក់ថា រហស្សនាមខាងលើ​ជាការចំអកទៅដល់ ឈ្មោះ«ជួបសម្លាប់» ដែលជារហស្សនាមរបស់បុរសម្នាក់ ដែលអះអាងថា ខ្លួនបានសម្លាប់លោក កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។

បុរសវ័យចំណាស់អាយុ៧១ឆ្នាំ បានបង្កើតហេតុការណ៍មួយ មិនដែលធ្លាប់មានពីមុន កាលពីល្ងាចថ្ងៃពុធទី១១ ខែឧសភាម្សិលមិញ នោះគឺលោក​បានដោះស្បែកជើង​មួយចំហៀងរបស់លោក បង្ហោះសំដៅនាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងចាប់ដៃថតរូប ជាមួយអ្នកគាំទ្ររបស់លោក កណ្ដាលរដ្ឋធានី វ៉ាស៊ីនតោន (សហរដ្ឋអាមេរិក)។

ដើម្បីពន្យល់ពីកាយវិការរបស់លោកមួយនេះ លោក អ៊ុក ទូច បានលើកឡើងពីការឈឺចាប់របស់លោក ក្នុងនាមជាពលរដ្ឋខ្មែរ នៅចំពោះការដឹកនាំរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក តាំងពីជិត៤០ឆ្នាំមកនេះ ជាពិសេសបន្ទាប់ពីមានការបាញ់សម្លាប់លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ នៅឆ្នាំ២០១៦ និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅចុងឆ្នាំ២០១៧។

ក្នុងកិច្ច​សម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរី ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បុរសខ្មែរ-អាមេរិកាំងខាងលើ​បានពន្យល់ថា៖

«ខ្ញុំទុកឲ្យគាត់ (ហ៊ុន សែន) កែខ្លួន។ ប៉ុន្តែគាត់សម្លាប់ កែម ឡី សម្លាប់សង្គ្រោះជាតិអីអញ្ចឹង សម្លាប់គេសម្លាប់ឯង ចាប់គេចាប់ឯងដាក់គុក អញ្ចឹងបានធ្វើឲ្យខ្ញុំកាន់តែក្ដៅឡើង រហូតដល់ខ្ញុំសម្រេចថា ខ្ញុំត្រូវតែធ្វើ (គប់ស្បែកជើង)។ ខ្ញុំត្រូវតែប្រឆាំងជាមួយគាត់។»

«រឿងលោក កែម ឡី មនុស្សខ្ញុំស្រឡាញ់បំផុតអ្នកប្រាជ្ញ មនុស្សអ្នកចេះដឹង ខ្ញុំថ្វាយបង្គុំ កែម ឡី។ ខ្ញុំមិនមែនជួបសម្លាប់ទេ ខ្ញុំប្រាប់ ហ៊ុន សែន ឲ្យដឹង ខ្ញុំគឺ”ជួបគប់ក្បាល នឹងស្បែកជើង” ជួប គឺខ្ញុំដោះស្បែកជើង គប់ក្បាល ហ៊ុន សែន។»

ទង្វើរបស់លោក អ៊ុក ទូច ទទួលបានប្រតិកម្មពីលោក ហ៊ុន ម៉ានី ដែលត្រូវជាកូនប្រុសពៅ របស់លោក ហ៊ុន សែន ដោយហៅកាយវិការរបស់វ័យចំណាស់ ថាជាទង្វើ«ជ្រុលនិយម»។ លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមួយរូបផង បានប្រកាស​នៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនិងក្រុមលោក នឹង«មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុស»ឡើយ ចំពោះអ្នក​ដែលបានធ្វើ​សកម្មភាព​ដូច្នេះ។

លោក ហ៊ុន ម៉ានី សរសេរព្រមានថា៖

«ពួកយើងត្រូវចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយម របស់ពួកនេះឡើយ។ អស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល។»

តែការព្រមាន របស់កូនប្រុសនាយករដ្ឋមន្ត្រី មិនបានធ្វើឲ្យលោក អ៊ុក ទូច រាថយនិងខ្លាចរអាទេ។ លោកបានឆ្លើយតបវិញថា៖ 

«ខ្ញុំអត់សូវបារម្ភប៉ុន្មានទេ ព្រោះខ្ញុំគិតថា ខ្ញុំងាប់ថ្ងៃនេះ និងងាប់ថ្ងៃស្អែក ងាប់ដូចតែគ្នាទេ។ ខ្ញុំគិតថា បើសិនជាខ្ញុំអត់បានគប់ក្បាល ហ៊ុន សែន នឹងស្បែកជើងទេ ខ្ញុំងាប់ទៅ គឺអត់បិទភ្នែកជិតទេ ។ ខ្ញុំអត់ខ្លាចងាប់ទេ។ ដូច ហ៊ុន សែន និយាយអញ្ចឹងថា ទោះក្នុងតម្លៃណាក៏ដោយ ក៏ ហ៊ុន សែន ហ៊ានធ្វើដែរ។ ខ្ញុំក៏ដូចគ្នា។»

បុរសវ័យចំណាស់ បន្តថា៖

«ខ្ញុំសូមផ្ដាំទៅ ហ៊ុន សែន វិញថា កុំថាឡើយ ហ៊ុន សែន [ទោះ]ម៉ែឱ ហ៊ុន សែន ជីដូនជីតា ហ៊ុន សែន ក៏ អ៊ុក ទូច ដាក់ដែរ ក៏ខ្ញុំវាយដែរ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។