ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាមទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញខាងបច្ចេកវិទ្យា បានលើកឡើងថា លទ្ធផលចេញពីការស្ទង់មតិនោះ មិនអាចយកជាការបានទេ ដោយហេតុថា គណនេយ្យដែលចូលទៅចុចគាំទ្រលោក ហ៊ុន សែន ភាគច្រើនជា«គណនេយ្យខ្មោច» និងមានប្រភពពីក្រៅប្រទេស។
កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងពិធីសម្ពោធសួនលេងទឹកមួយកន្លែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកមកអះអាង នូវការស្ទង់មតិមួយ របស់អង្គការខុមហ្វ្រែល ដែលបានធ្វើនៅលើបណ្ដាញសង្គម ជុំវិញភាពស្របច្បាប់ នៃការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។
រហូតមកដល់រសៀលថ្ងៃទី១៦ដដែល ការស្ទង់មតិដែលមានរយៈពេល៧ថ្ងៃ បានបិទបញ្ចប់ និងបង្ហាញលទ្ធផលថា មាន៧៩ភាគរយជឿថា ចំណាត់ការរបស់អាជ្ញាធរ «មិនរំលោភច្បាប់ និងសិទ្ធិ»ទេ ខណៈ២១ភាគរយទៀត ជឿថា ចំណាត់ការនោះ បាន«រំលោភច្បាប់ និងសិទ្ធ»។
លទ្ធផលនៃការស្ទង់មតិខាងលើ ដែលជាការចូលរួមបោះឆ្នោត របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្កម ត្រូវបានលោក ហ៊ុន សែន យកមកប្រើប្រាស់ ដើម្បីវាយប្រហារតបទៅ អង្គការខុមហ្វ្រែល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសិទ្ធិមនុស្សនានា ដោយលោកចាត់ទុកពួកគេថា ជា«តិរច្ឆាន» បើពួកគេមិនផ្សាយពីព័ត៌មាន (ស្ដីពីលទ្ធផល នៃការស្ទង់មតិ) មួយនេះ។
បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជាង៣៥ឆ្នាំ បានប្រើភាសាអាម៉ឹង និយាយជាសាធារណៈថា៖
«ខ្ញុំចង់មើលអាខុមហ្វ្រែល វាផ្សាយឬអត់ ហើយវិទ្យុបរទេសនិយាយភាសាខ្មែរ វាផ្សាយឬអត់ អាពួកសិទ្ធិមនុស្ស វាផ្សាយឬអត់ អាពួកអ្នកប្រឆាំង វាផ្សាយឬអត់។ ឥឡូវ ឡើងដល់៧៩ភាគរយ ដែលគាំទ្រ តើហ្អែងផ្សាយ ឬមិនផ្សាយ អាពួកប្រឆាំងនៅក្នុងស្រុក ហ្អែងផ្សាយឬមិនផ្សាយ។ នេះ “Facebook” របស់អាមេរិកកាំង ហើយផេករបស់អ្នកឯង មិនមែនផេករបស់អ្នកគាំទ្ររដ្ឋាភិបាលទេ។ បើមិនហ៊ានផ្សាយទេ ខ្ញុំចាត់ទុកថា ជាតិរច្ឆាន។»
ប៉ុន្តែ សម្រាប់អ្នកជំនាញ លោក សុធា មេត្តា វិស្វករផ្នែកបច្ចេកវិទ្យា ពីទីក្រុង ម៉ុងរ៉េអាល់ (កាណាដា) បានពន្យល់ថា ការស្ទង់មតិនៅលើបណ្ដាញសង្កម គ្មានទំងន់ផ្នែកនយោបាយ ឬផ្លូវច្បាប់ទេ ដោយហេតុថា ការស្ទង់មតិទាំងនោះ មានលក្ខណៈជាការកម្សាន្ដច្រើនជាង និងគ្មានយន្ដការ បញ្ជាក់ថា តើអ្នកបោះឆ្នោតចូលរួមការស្ទង់មតិនោះ មានអត្តសញ្ញាណបែបណាឡើយ។
លោក សុធា មេត្តា ដែលបានចូលទៅពិគ្រោះ ការស្ទង់មតិរបស់អង្គការខុមហ្វ្រែល បានបញ្ជាក់ទៀតថា៖
«ខ្ញុំបានចូលទៅសិក្សា អំពីការស្ទង់មតិនេះ តាំងពីមុនការស្ទង់មតិបិទបញ្ចប់។ អ្នកបោះឆ្នោតគាំទ្រចំណាត់ការ របស់រដ្ឋាភិបាល ភាគច្រើនជាគណនេយ្យ ដែលគ្មានអត្តសញ្ញាណ្ណត្រឹមត្រូវ ឬហៅថាគណនេយ្យខ្មោច។ ខ្លះទៀត មានប្រភព ឬមានទីតាំងនៅបរទេស ដែលពិបាកជឿថា តើបរទេសទាំងនោះ ស្គាល់ពីរឿងខ្មែរយ៉ាងម៉េច?»
នៅលើបណ្ដាញសង្គម ក្រុមអ្នកចេះប្រើហ្វេសប៊ុកច្បាស់លាស់ ក៏បានរកឃើញថា គណនេយ្យដែលចុចគាំទ្រចំណាត់ការ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សុទ្ធសឹងជា«គណនេយ្យខ្មោច» និងមានចំនួន ដ៏ច្រើនលើសលប់ដែរ។
(អត្ថបទមានបន្ត នៅក្រោមវីដេអូ)
មិនអាចទាក់ទងអង្គការខុមហ្វ្រែល ដើម្បីសុំប្រតិកម្ម ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន និងការវាយតម្លៃ ទៅលើការស្ទង់មតិរបស់អង្គការនេះបានទេ ក្នុងពេលភ្លាមៗនេះ។
យ៉ាងណា លោក សុធា មេត្តា បានពន្យល់ទៀតថា គណនេយ្យខ្មោច អាចត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ឬស្ថាប័នណាមួយ បង្កើតឡើង មានលក្ខណៈជាគណនេយ្យខុសៗគ្នា នៅទន្ទឹមគ្នាច្រើន ដើម្បីហេតុផល ឬផលប្រយោជន៍អ្វីមួយ។ លោក សុធា បន្តថា៖
«កន្លងមក ហ្វេសប៊ុក និងទ្វីសធើរ បានប្រកាសថា ខ្លួនមានគណនេយ្យខ្មោច ជាច្រើនសែន-លានគណនេយ្យ។ គណនេយ្យទាំងនោះ បង្កើតឡើង ដើម្បីបំភ្លៃព័ត៌មាន បំភ័ន្ដសាធារណៈមតិ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក និងនៅតាមប្រទេសធំៗ មួយចំនួន។ ពួកអ្នកបង្កើតគណនេយ្យខ្មោច ជាអង្គការចាត់តាំង មានរូបរាងច្បាស់លាស់ និងជាក្រុមហ៊ុនឯកជន នៅក្នុងប្រទេសរ៉ុស្ស៊ី ចិន ឥណ្ឌា ឬហ្វីលីពីន ដែលតែងធ្វើការស៊ីឈ្នួល ឲ្យយុទ្ធនាការ ឬការចង់បានណាមួយ។»
គួររំឮកជូនដែរថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ខ្លួនលោក ត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចយកទៅគ្រប់គ្រង មុននឹងទំលាយឲ្យដឹងថា អ្នកចុច«Like»ទំព័ររបស់បុរសខ្លាំងនៅកម្ពុជា មានប្រមាណជិតពាក់កណ្ដាល សុទ្ធសឹងជា«គណនេយ្យខ្មោច» និងជាគណនេយ្យ ដែលមានប្រភពនៅបរទេស៕