មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា កម្ពុជាសព្វថ្ងៃ ជារដ្ឋ«ម៉ាហ្វីយ៉ា» និងជារដ្ឋដែលដឹកនាំ ដោយប្រព័ន្ធ«ចោរាធិបតេយ្យ» ដែលនាំទៅដល់ ការលាងលុយកខ្វក់ថ្នាក់រដ្ឋ និងរហូតត្រូវសហភាពអ៊ឺរ៉ុប ដាក់កម្ពុជា ចូលក្នុងបញ្ជីខ្មៅរបស់គេ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។ លោកថ្លែងថា៖
«អ្វីដែលទាក់ទងស្រុកខ្មែរ គឺប្រព័ន្ធចោរ។ យើងកុំហៅថា ប្រជាធិបតេយ្យ ស្រុកខ្មែរយើងហៅថា ចោរាធិបតេយ្យ ។ ជាប្រទេសមួយដឹកនាំដោយចោរ។ យើងគ្រាន់តែចាំមើលចោរយកលុយ ទៅលាក់ទុកនៅកន្លែងណា អត់គ្រាន់ទេ។ ទាល់តែចាប់ចោរតែម្ដង។ និយាយឲ្យខ្លី គឺប្ដូរប្រព័ន្ធ ពីចោរាធិបតេយ្យ មកជាប្រព័ន្ធប្រជាធិបតេយ្យ។»
កាលពីថ្ងៃទី៧ ខែឧសភា គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ថាជារដ្ឋាភិបាលសហភាពអ៊ឺរ៉ុប) បានធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់ខ្លួន ទាក់ទងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ពីចំនួន១៦ប្រទេស ក្នុងបញ្ជីខ្មៅចាស់ ឲ្យឡើងដល់២២ប្រទេស។ កម្ពុជា និងប្រទេសភូមា បានជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅថ្មី ខណៈប្រទេសឡាវ ត្រូវបានដកចេញ ពីបញ្ជីចាស់ ជាស្ថាពរ។
បន្ថែមពីលើការលើកឡើងខាងលើ មេដឹកនាំប្រឆាំង ដែលរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានពន្យល់បន្ត នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«សកម្មភាពលាងលុយកខ្វក់ គឺជាសកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបិទបាំង ប្រភពពិតប្រាកដ នៃលុយដែលបានមកពី សកម្មភាពឧក្រិដ្ឋ ដូចជាការជួញដូរគ្រឿងញៀន និងការប្លន់ទ្រព្យសម្បត្តិជាតិ ពីសំណាក់មេដឹកនាំពុករលួយ។ ការលាងលុយកខ្វក់នេះ ធ្វើតាមរយៈបនល្បែងស៊ីសង កាស៊ីណូ និងការជួញដូរដីធ្លី ជាដើម ដូចអ្វីដែលជនជាតិចិន បានធ្វើថ្មីៗនេះ យ៉ាងសន្ធឹកសន្ធាប់ នៅស្រុកខ្មែរ។»
មិនមានប្រតិកម្មជាផ្លូវការ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ទេ មកទល់នឹងថ្ងៃនេះ ជុំវិញការធ្វើបច្ចុប្បន្នភាព នៃ«បញ្ជីខ្មៅ»របស់ «EU»។ ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់សហភាពអ៊ឺរ៉ុប មិនបានផ្អែកលើសភាពការណ៍ពិត នៅកម្ពុជានោះឡើយ៕