កម្ពុជា

រដ្ឋមន្ត្រី​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក​ផ្សព្វផ្សាយ​«ដំណឹង​ក្លែងបន្លំ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបរិហារការបង្ហោះមួយ របស់ស្ថានទូតអាមេរិក កាលពីម្សិលម៉ិញ ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។ លោករដ្ឋមន្ត្រី បានហៅការបង្ហោះនោះ ថាជា«ដំណឹង​ក្លែងបន្លំ» និងហៅអ្នកបង្ហោះសារនោះ ថាជា«ជនអគតិ»។

លោក ខៀវ កាញារីទ្ធ បានបង្ហោះរូបភាព ដែលផ្ដិតពីសាររបស់ស្ថានទូតអាមេរិក នៅលើគណនីហ្វេសប៊ុករបស់លោក ដោយសរសេរអមថា៖

«ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយបញ្ចេញ ដំណឹង​ក្លែងបន្លំ (fake news) វាយប្រហារប្រទេសម្ចាស់ផ្ទះផង វាយប្រហារប្រទេសមួយទៀត ដែលខ្លួនមានទំនាក់ទំនងស្ថានទូត ជាមួយផង។»

កាលពីម្សិលម៉ិញ ស្ថានទូតអាមេរិកបានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអមមកជាមួយ នូវរូបភាពតួលេខ ដែលនិយាយពីឱនភាពពាណិជ្ជកម្ម ដ៏ធំធេង ដែលកម្ពុជាមាន ជាមួយប្រទេសចិន ដែលផ្ទុយគ្នាស្រឡះ ពីទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឬកម្ពុជា-សហភាពអ៊ឺរ៉ុប។

ស្ថានទូតអាមេរិក បានសរសេរថា៖

«ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេ របស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំង ទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នា គឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយ ដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្ម ដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។»

សម្រាប់រដ្ឋមន្ត្រីក្រសួង«ឃោសនា» របស់របបក្រុងភ្នំពេញ លោកមិនបានគិតដូច្នោះទេ។ លោកថែមទាំងបានហៅអ្នកសរសេរ នៅលើទំព័រហ្វេសប៊ុកស្ថានទូតអាមេរិក ថាជាអ្នក«វិភាគ» ដែល«ខំប្រឹងដុតកម្លោចទំនាក់ទំនង» កម្ពុជា-អាមេរិកនោះផង។

លោកសរសេរថា៖

«អ្នក”វិភាគ”នៅទីនេះ ខំបង្ហាញថា គឺពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកទេ ដែលបានបង្កើតការងារ នៅស្រុកខ្មែរ តែគេ”ភ្លេច”បង្ហាញរឿងមួយដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចផងដែរ នោះគឺទំហំវិនិយោគ ចូលមកក្នុងប្រទេសកម្ពុជាវិញ តើមានប៉ុន្មាន?»

«យើងមានតែចង់កសាង ទំនាក់ទំនងល្អ ជាមួយគ្រប់ប្រទេស ពិសេសជាមួយសហរដ្ឋអាមេរិក តែមនុស្សខ្លះ ប្រឹងដុតកម្លោច​ទំនាក់ទំនងនេះ ព្រោះតែអគតិរបស់ខ្លួនទៅវិញ៕»

ប្រហែល មានតែនៅស្រុកខ្មែរទេ ដែលស្ថានទូតមួយ បញ្ចេញដំណឹងក្លែងបន្លំ (fake news) វាយប្រហារប្រទេស ម្ចាស់ផ្ទះផង…

Publiée par Kanharith Khieu sur Samedi 20 avril 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។