«ស្រុកខ្មែរគឺឡប់ឡែមែនទែន» នេះជាការឧទានឡើង របស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដើម្បីជាការរិះគន់ តបនឹងការធ្វើដើមសាបុាំង ណូអែល ឬគ្រីស្មាស ដោយយកកដបស្រាបៀរ «Heineken» មកសង់។
បើតាមមេបក្សសំបុកឃ្មុំរូបនេះ ការអនុញ្ញាតឲ្យធ្វើបែបនេះ គឺដើម្បីបំពុលប្រជាពលរដ្ឋ ហើយមិនដែលមានស្ថាប័នណា ឬមេដឹកនាំណា «ខ្វាយខ្វល់» ចំពោះបញ្ហានេះឡើយ។ តាមរយៈវីដេអូមួយ ដែលលោកបានថត និងយកមកបង្ហោះ នៅលើបណ្ដាញសង្គម លោក សូណង់ដូ បាននិយាយថា៖
«យើងឃើញឬទេ? តែបុណ្យណូអែលហ្នឹង ក៏មាន”Heineken“ដែរ ក៏មានគ្រឿងពុលដែរ។ ស្រុកខ្មែរគឺឡប់ឡែមែនទែន … ធ្វើឲ្យអ្នករកស៊ីគ្រឿងស្រវឹងហ្នឹងបានចិត្ត ហើយអត់មានយកចិត្តទុកដាក់ ចំពោះបញ្ហាហ្នឹងទេ ស្រុកខ្មែរយើងហ្នឹង។ ទៅកន្លែងណា ក៏មានការផ្សព្វផ្សាយរឿងហ្នឹងដែរ ពុល… គឺចង់ឲ្យប្រជាពលរដ្ឋពុល!»
ការបង្ហោះរបស់លោក ម៉ម សូណង់ដូ មិនទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្មាន ពីប្រិយមិត្តទូទៅ ក្នុងបណ្ដាញសង្គមទេ ក្រៅតែពីការចែករំលែក និងការបញ្ចេញយោបល់តិចតួច ពីសំណាក់ប្រិយមិត្តមួយចំនួន។ ពីក្នុងចំណោមនោះ មានប្រិយមិត្តខ្លះ ស្នើឲ្យលោកនិយាយប្រាប់លោក ហ៊ុន សែន ដោយផ្ទាល់ទៅ ខណៈប្រិយមិត្តខ្លះទៀត អះអាងថាលោក ម៉ម សូណង់ដូ «ធ្វើការឲ្យលោក ហ៊ុន សែន ហេតុអ្វីក៏លោក មកនិយាយអាក្រក់ ពីប្រទេសនេះទៀត… គេដឹងអស់ហើយ។»
មេបក្សសំបុកឃ្មុំ បានឆ្លើយតបវិញថា៖
«ខ្ញុំចូលចិត្តនិយាយការពិត សម្រាប់ទាំងអស់គ្នា៕»