លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកខេមរភាសា ដែលរងការចំអក ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាជាអ្នកកាសែត«ក្នុងមុង» បានឆ្លើយតបវិញ ដោយសារបឈ្ឆិតបញ្ឆៀងខ្លីមួយ កាលពីម្សិលម៉ិញ ហៅក្រសួងព័ត៌មាន ថាជាក្រសួង«មុង» ដែលមានទីប្រឹក្សាច្រើនជ្រុល។
ដើម្បីយល់រឿងនេះ គេត្រូវត្រឡប់ទៅស្ដាប់ការផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលប់ចោលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីយកពេល ទៅជូនចៅស្រីរបស់លោក ឡើងយន្ដហោះ។
លុះកន្លងមកបានពីរថ្ងៃ គឺនៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកក្កដា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង[ឃ្លាំមើល]ព័ត៌មាន បានបង្ហោះសារចំអកមួយ ហៅការផ្សាយនោះ ថា«ការតែងព័ត៌មាន»ឡើង របស់អ្នកកាសែត«ក្នុងមុង» ដែល«ត្រូវតែប្រឹងរកព័ត៌មាន» និងខុសពីអ្នកកាសែត«វិជ្ជាជីវៈ»។
សម្តេចហ៊ុនសែនជូនចៅឡើងយន្តហោះពេលល្ងាចថ្ងៃសុក្រ…
Posted by Kanharith Khieu on Saturday, July 27, 2019
ការចំអកនោះ ទំនងជាបានធ្លាយ ទៅដល់ត្រចៀកអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ជាពិសេស គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលជាចាងហ្វាងការផ្សាយ របស់ស្ថាប័នវិទ្យុ-ទូរទស្សន៍ មួយនេះតែម្ដង។ លោក ជុន ច័ន្ធបុត្រ បានបង្ហោះសារ តបទៅលោក ខៀវ កាញារីទ្ធ វិញ កាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញថា៖
«ទីប្រឹក្សាច្រើនយ៉ាងនេះ ចង្អៀតមុងស្លាប់ហើយ…។»
ទីប្រឹក្សា«ច្រើន» ព្រោះលោក ច័ន្ទបុត្រ ទំនងជាចង់ចំអក ឲ្យលោក ខៀវ កាញារីទ្ធ និងក្រសួង[ឃ្លាំមើល]ព័ត៌មាន ដែលទើបនឹងបន្ថែមទីប្រឹក្សាឲ្យក្រសួង ចំនួនជិត២០០នាក់ ក្នុងរយៈពេល២ខែជាប់គ្នា ក្នុងនោះ១០៦នាក់ ត្រូវបានតែងតាំង ដោយព្រះរាជ្យក្រឹត្យព្រះមហាក្សត្រ កាលពីថ្ងៃទី២៧ ខែកក្កដា ដោយពួកគេនោះម្នាក់ៗ មានឋានៈស្មើចាប់ពី«អគ្គនាយក» រហូតដល់«រដ្ឋលេខាធិការ»៕
ទីប្រឹក្សាច្រើនយ៉ាងនេះ ចង្អៀតមុងស្លាប់ហើយ…
Posted by Chun Chanboth Vuthy Huot on Tuesday, July 30, 2019