«ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា» នេះជាសម្រង់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ យកមកបញ្ជាក់ឡើងវិញ ដោយលោក ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវ ផ្នែកនយោបាយនិងសង្គម។ លោក ឡៅ ម៉ុងហៃ បានបញ្ជាក់បន្តថា បន្ទាប់ពីការបរិហារ របស់ប្រទេសលោកខាងលិចមួយនេះរួច របបខ្មែរក្រហមតាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក អៀង សារី បានជេរប្រមាថចក្រភពអង់គ្លេស ដោយប្រើពាក្យខ្លាំងៗ និងថាប្រទេសមហាអំណាចមួយនេះ បានជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា។
នៅក្នុងពេលកន្លងមក ក្រុមអ្នកគាំទ្ររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តែងបាននិយាយតៗគ្នាថា នៅពេលដែលខ្មែរក្រហម អនុវត្តនយោបាយប្រល័យពូជសាសន៍នៅកម្ពុជា មិនដែលមានក្រុមបស្ចឹមលោកណាមួយ «អើតក្បាល»រិះគន់របប បីឆ្នាំប្រាំបីខែម្ភៃខែ នោះឡើយ។ ក្រុមអ្នកគាំទ្រទាំងនោះ តែងភ្ជាប់ការលើកឡើងដដែលៗនេះ ដើម្បីបន្ទោសប្រទេសមហាអំណាចទាំងនោះ ដែលកំពុងបរិហារបបដឹកនាំ របស់លោក ហ៊ុន សែន សព្វថ្ងៃ។
សម្រាប់លោក ឡៅ ម៉ុងហៃ បានរំលឹកពីព្រឹត្តការណ៍ប្រវត្តិសាស្ត្រនេះ មកវិញនៅលើបណ្ដាញសង្គមថា៖
«ឆ្នាំ១៩៧៨ អង់គ្លេសបរិហារការរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។ ខ្មែរក្រហម អៀង សារី ជេរប្រមាថអង់គ្លេស ថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។»
អ្នកស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយ ដ៏ចាស់វស្សា បានពន្យល់បន្តថា៖
«នៅខែមិនា ឆ្នាំ១៩៧៨ ប្រទេសអង់គ្លេសលើកបញ្ហា ការរំលោភសិទ្ធិមនុស្ស ដោយរបបខ្មែរក្រហម ហើយស្នើការបង្កើតឲ្យអ្នករាយការណ៍ពិសេសមួយរូប ដើម្បីធ្វើរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នៅគណ:កម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហ ប្រជាជាតិ។ តែប្រទេសសូវៀតជំទាស់នឹងការលើកឡើង នឹងការស្នើរបស់ប្រទេសអង់គ្លស។»
លោកបានបន្តថា៖
«អៀង សារី (Editor’s Note: ជារដ្ឋមន្ត្រីការបរទេសរបស់ខ្មែរក្រហម) បានសរសេរលិខិតតប វ៉ៃប្រហារ ដោយពាក្យអសុរសខ្លាំងៗ ថាប្រទេសអង់គ្លេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ តុលាការខ្មែរក្រហមបានលើកយកលិខិតនេះ ជាភ័ស្តតាងក្នុងការចោទប្រកាន់ អៀង សារី និងមេៗខ្មែរក្រហមឯទៀត។»
ការរំឭកប្រវត្តិសាស្ត្ររបស់លោក ឡៅ ម៉ុងហៃ ទទួលបានការស្វាគមន៍ និងការថ្លែងអំណរគុណ ពីប្រិយមិត្តរបស់លោកជាច្រើន។ មួយចំនួនបានគិតថា ការលើកឡើងពីកំហុសមួយនៅក្នុងប្រវត្តិសាស្ត្រ នឹងបង្ហាញជាមេរៀន ដើម្បីកុំឲ្យរបបដឹកនាំក្រោយៗ ដើរតាមគន្លងដដែលទៀត។ លោក ឡៅ ម៉ុងហៃ បានឆ្លើយតបវិញថា៖
«ដោយសារធម្មជាតិរបស់មនុស្ស ព្រឹត្តិការណ៍ដែលកើតមានពីមុន នឹងកើតមានទៀត។ អ្នកប្រាជ្ញគេបានសង្កេតឃើញ និងសរសេរទុក តាំងពី២៥០០ឆ្នាំហើយ។ សមខ្មែរយើងមិនមានគំនិតប្រវត្តិសាស្ត្រផង (historical mind) យើងមិនសូវយកចិត្តទុកដាក់រៀនប្រវត្តិសាស្ត្រ និងដកមេរៀនពីប្រវត្តិសាស្ត្រទេ៕»