កម្ពុជា

សំណង់​«គ្មានច្បាប់»​នៅកម្ពុជា នឹង… មិនឲ្យ​ភ្ជាប់​ទឹកភ្លើង ឬ​លូ​ទឹក​រដ្ឋ​ឡើយ

ពីថ្ងៃនេះតទៅ រាល់សំណង់ដែល​«គ្មានច្បាប់»អនុញ្ញាតទាំងឡាយ ក្នុងប្រទេសកម្ពុជា នឹងរងចំណាត់ការ ពីរដ្ឋាភិបាលកម្ពុជា ដូចជា មិនអនុញ្ញាតឲ្យភ្ជាប់បណ្ដាញទឹកស្អាត – អគ្គិសនី ឬលូទឹកសាធារណៈ របស់រដ្ឋនោះឡើយ។ នេះ បើតាមសេចក្ដីជូនដំណឹង (សជណ) មួយ ដែលចេញក្នុងថ្ងៃសុក្រនេះ ដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តាមបញ្ជារបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។

ផ្ទុយទៅវិញ «សជណ»ចុះលេខ​៩៤៨​ខាងលើ មិនបានបញ្ជាក់ថា រាល់សំណង់ខុសច្បាប់ទាំងនោះ នឹងត្រូវអាជ្ញាធរផ្អាក ឬបិទការដ្ឋាន មិនឲ្យសាងសង់បាន តទៅទៀតទេ។

សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានសរសេរថា ដោយយោងតាមលិខិតខុទ្ទកាល័យ និងចំណារ«ដ៏ខ្ពង់ខ្ពស់បំផុត» របស់លោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា​បានសម្រេចដាក់ចេញ នូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសាងសង់ ឬសំណង់ទាំងឡាយ ដែលគ្មានលិខិតអនុញ្ញាត និង/ឬសាងសង់ ដោយខុសលក្ខណៈបច្ចេកទេស។

សំណង់«គ្មានច្បាប់» និងវិធានការ​«៥មិន»

វិធានការចាំបាច់របស់ «សជណ» មាន៥ចំណុច៖ មិនផ្គត់ផ្គង់​ថាមពល​អគ្គិសនី – មិនឲ្យ​ផ្គត់ផ្គង់​ទឹកស្អាត – មិនឲ្យ​តភ្ជាប់លូ​ចូលបណ្ដាញ​សាធារណៈ – មិនឲ្យ​ផ្ដល់​លិខិត​អនុញ្ញាត​ឲ្យធ្វើ​អាជីវកម្ម និងមិនឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ «សជណ» បានបញ្ជាក់បន្ថែមថា សំណង់​លំនៅឋាន​ផ្ទាល់ខ្លួន របស់ពលរដ្ឋ មិនរងវិធានការ «៥មិន» ទាំងនេះទេ។

«សជណ»ខាងលើ ធ្វើឡើងនៅពីរសប្ដាហ៍ ក្រោយសោកនាដកម្ម នៃគ្រោះរលំអគារកំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន នៅខេត្តព្រះសីហនុ ដែលបានបណ្ដាលឲ្យមនុស្ស ២៨នាក់ ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ២៦នាក់ផ្សេងទៀត បានរងរបួស។

រដ្ឋាភិបាលលោក ហ៊ុន សែន បានអះអាងថា សំណង់ចិនមួយនេះ គ្មានច្បាប់អនុញ្ញាត ឲ្យសាងសង់ទេ ហើយអាជ្ញាធរខេត្ត ក៏បានចុះទៅហាមឃាត់ដោយផ្ទាល់ ចំនួនពីរដងរួចហើយដែរ៕

រាជរដ្ឋាភិបាល បានសម្រេច ដាក់ចេញ នូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ទាំងឡាយ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និង/ឬសាងសង់ ខុសលក្ខណៈ​បច្ចេកទេស​ លើកលែងតែសំណង់លំនៅឋានផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋ

Posted by ជា សុផារ៉ា-Chea Sophara on Friday, July 5, 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។