កម្ពុជា

ហ៊ុន សែន ជូនពរ​«ចូលឆ្នាំចិន»​៤ថ្ងៃមុន ដោយធៀប​ទៅ​របបខ្មែរក្រហម

«ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យ”ចូលឆ្នាំចិន”ខាងមុខ និងមានលាភសំណាងគ្រប់ៗគ្នា។»

ខាងលើនេះ ជាការថ្លែងពាក្យជូនពរ សម្រាប់ពិធីចូលឆ្នាំចិន-វៀតណាម ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈពិធីជាប្រពៃណីនេះ នឹងចូលមកដល់ ក្នុង៤ថ្ងៃខាងមុខ។ យ៉ាងណា បុរសខ្លាំងកម្ពុជា បានប្រើឱកាសនេះ ដើម្បីប្រៀបធៀបរបបលោក ទៅនឹងរបបដឹកនាំ របស់កម្ពុជាប្រជាធិបតេយ្យ។

ប៉ុន្តែលោក ហ៊ុន សែន មិនបានបញ្ជាក់ផងទេថា ពិធីចូលឆ្នាំមួយនេះ ក៏ជាផ្នែកមួយ នៃប្រពៃណី​របស់បណ្ដាជនវៀតណាម ឬបណ្ដាជនខ្មែរកាត់វៀតណាម ដែលកំពុងមាន​វត្តមានរស់នៅយ៉ាងច្រើន នៅក្នុងប្រទេស​កម្ពុជា​ដែរនោះទេ។

នៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី បានសរសេរថា៖

«នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃ”ចូលឆ្នាំចិន”នឹងមកដល់។ ទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅក្នុងខែមេសា ក៏ពិតមែន តែយើងសង្កេតឃើញថា កម្ពុជាយើងចូលឆ្នាំទាំង៣ គឺឆ្នាំសកល ឆ្នាំចិន និងឆ្នាំខ្មែរ។ ជាពិសេសសព្វថ្ងៃនេះ មានបងប្អូនខ្មែរកាត់ចិន ឬក៏បានភ្ជាប់សាច់ឈាមខ្សែស្រឡាយចិន ក៏មានកាន់តែក៏ច្រើនផងដែរ។»

លោកបន្តថា៖

«កាលពីជំនាន់ប៉ុលពតប្រល័យពូជសាសន៍ (១៩៧៥ -១៩៧៩) គឺគ្មានពិធីបុណ្យសាសនាអ្វីទាំងអស់ ហើយពលរដ្ឋក៏គ្មានសិទ្ឋិសេរីភាពអ្វីដែរ គឺមានតែគេបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃរស់នៅបែកបាក់ព្រាត់ប្រាស់គ្រួសារ និងរង់ចាំតែសេចក្តីស្លាប់តែមួយមុខប៉ុណ្ណោះ។ សូម្បីតែមានសាច់ឈាមពណ៍សម្បុរ “ស” ក៏គេចោទថាខ្មាំងដែរ។»

«ក្រោយពីប្រទេសជាតិ​យើង​មានសុខសន្តិភាព​ពេញលេញ បងប្អូនប្រជាពលរដ្ឋ មានសិទ្ឋិសេរីភាពគ្រប់យ៉ាង ក្នុងការជ្រើសរើស និងប្រតិបត្តិជំនឿសាសនា និងរៀបចំពិធីបុណ្យប្រពៃណីតូចធំ រួមទាំងពិធីបុណ្យចូលឆ្នាំ នៃជនជាតិនីមួយៗ ទៅតាមជំនឿរៀងៗខ្លួនដោយសេរី»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។