កម្ពុជា

ហ៊ុន សែន ថានឹងប្រើ​«កាំភ្លើងយន្ដ»​បាញ់ សម រង្ស៊ី បើចូលស្រុក​តាមព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃចន្ទនេះ ថាលោកនឹងបញ្ជា​ឲ្យប្រើ«កាំភ្លើងយន្ដ» ដែលដាក់សម្រាប់ការពារព្រំដែន ដើម្បីបាញ់លោក សម រង្ស៊ី ប្រសិនជាមេដឹកនាំប្រឆាំងរូបនេះ ធ្វើមាតុភូមិនិវន្តន៍តាមព្រំដែនគោក។

ថ្លែងដោយមិនបញ្ចេញឈ្មោះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ លោក ហ៊ុន សែន អះអាងថា មានតែគ្រាប់មីនប៉ុណ្ណោះ ដែលត្រូវបានហាមឃាត់ មិនឲ្យប្រើ។ លោកបន្តថា តែនៅតាមព្រំដែន មានលេណដ្ឋានដែលមានដាក់តាំង ដោយកាំភ្លើងយន្ដជាច្រើន រង់ចាំស្វាគមន៍លោក សម រង្ស៊ី។

លោកថា៖

«ហើយ​បើ​មក​តាម​ទល់​ដែន អាហ្នឹង​ល្អ​មើល​តើ! អញ​អត់​ដឹង​ទេ! អញ​អត់​ដឹង​ទេ​តាម​ទល់​ដែន! ឯង​ត្រូវ​ដឹង ទល់​ដែន​គេ​ធ្វើ​ម៉េច? គេ​ដាក់​ត្រង់សេ[លេណដ្ឋាន] ហើយ​គេ​មាន​កំាំភ្លើង​យន្ត​នៅ​ហ្នឹង គ្រាន់​តែ​បច្ចុប្បន្ន​យើង​ហាម​ប្រើ​មីន​ប្រឆាំង​មនុស្ស​ តែ​ប៉ុណ្ណឹងទេ។ ប៉ុន្តែ អ្ហែង​ត្រូវ​ដឹង បើ​មក​តាម​ទល់​ដែន រឿង​ធំ​ហើយ។»

បុរសខ្លាំងកម្ពុជាបានចោទសួរទៀតថា បើលោក សម រង្ស៊ី មកតាមព្រំដែន តើតាមព្រំដែនប្រទេសណា? លោកឆ្លើយដោយខ្លួនលោកថា ព្រោះមេដឹកនាំប្រឆាំងមិនត្រូវគ្នានឹង វៀតណាម និងឡាវទេ ខណៈប្រទេសថៃ «គេមិនល្ងង់ឡើយ»។

ប្រធានស្ដីទីគណបក្សប្រឆាំង បានប្រកាសជាច្រើនលើកច្រើនសារ ថាលោកនិងមន្ត្រីច្រើននាក់របស់គណបក្សប្រឆាំង នឹង​វិល​ត្រឡប់​ចូលកម្ពុជាវិញ ក្នុងឆ្នាំ២០១៩នេះ ដើម្បីអ្វីមួយដែលលោកថា ចូលមកដឹកនាំចលនាប្រជាជនទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។

ក្នុងពេលកន្លងមក លោក សម រង្ស៊ី បានថ្លែងថា លោកមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយមិនចូលមកក្នុងប្រទេស ឲ្យលោក ហ៊ុន សែន ចាប់ខ្លួនដោយងាយៗនោះឡើយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។