មិនត្រឹមតែជនទាំងឡាយ ដែលបំផុសបំផុល មិនឱ្យចាយប្រាក់ដុល្លារខ្នាតតូច នោះប៉ុណ្ណោះទេ បើសូម្បីអ្នកកាត់ទឹក ក្រដាសប្រាក់ទាំងនេះ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានតាមចាប់ខ្លួន មកផ្ដន្ទាទោសដែរ។ លោកបានទាំងហៅ ក្រុមប្រឆាំង ដែលរិះគន់លោក ក្នុងរឿងនេះ ថាជា«មនុស្សចង្រៃ»ថែមទៀត។
ថ្លែងក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំពោះមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ មេដឹកនាំក្រុងភ្នំពេញ បានប្រកាសថា៖
«នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រកឃើញចាប់ឲ្យបាន បើនៅតែបន្ត ចាប់ខ្លួនទៅ ទោះបីគុកចង្អៀត តែគុកនៅអាចដាក់បាន អ្នកឯងបំផ្លាញជាតិហើយ មិនទុកទេ។»
លោក ហ៊ុន សែន បន្តថ្លែងទៀតថា៖
«ឥឡូវសុំចាយទៅ ហើយបន្ទាប់ពីចាយទៅ ប្រហែលជាធនាគារ គេមិនបញ្ចេញមកវិញទេ គេបានប្រកាសហើយ តែគ្មានការខាតបង់ សម្រាប់ប្រជាពលរដ្ឋនោះទេ ហើយសុំឲ្យដឹង បើមានផ្នែកណាមួយ កន្លែងប្តូរប្រាក់កាត់ទឹក សុំប្តឹងបន្ទាន់ មកអាជ្ញាធរមានសមត្ថកិច្ចភ្លាម ហើយយើងនឹងចុះទៅភ្លាម ដើម្បីដោះស្រាយ អត់មានឲ្យការកាត់ទឹកនោះទេ។»
កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ធនាគារជាតិនៃកម្ពុជា បានប្រកាសទុកពេល៣ខែ ឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមូលក្រដាសប្រាក់ដុល្លារ ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បីប្រមូលដឹកទៅក្រៅប្រទេស ដោយចាត់ទុក ក្រដាសប្រាក់ដុល្លារខ្នាតតូច របស់សហរដ្ឋអាមេរិកនេះ ថាគឺជាឧបសគ្គដល់ការជំរុញ ការចាយប្រាក់រៀលខ្មែរ នៅលើទីផ្សារ។
តែនៅមួយថ្ងៃ ក្រោយការប្រកាសខាងលើ របស់ធនាគារជាតិ មានការអះអាង ពីសំណាក់ពលរដ្ឋថា ក្រដាសប្រាក់ដុល្លារ ទាំងបីប្រភេទខាងលើ មិនត្រូវបានគេទូទាត់ នៅលើទីផ្សារទេ ខណៈកន្លែងខ្លះ នៅទទួលយកក្រដាសប្រាក់ទាំងនេះ តែកាត់ភាគរយ។
នៅចំពោះភាពភ្ញាក់ផ្អើលនេះ លោក ហ៊ុន សែន បានចេញមុខ មកធានាអះអាង នៅមួយថ្ងៃក្រោយមក (ថ្ងៃសុក្រទី២៩ ខែឧសភា) ថាក្រដាស់ប្រាកទាំងនេះ នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មានការកាត់ទឹក (បន្ថែម-បន្ថយភាគរយ) អ្វីឡើយ។
ក្នុងការថ្លែង ក្នុងថ្ងៃទី១ ខែមិថុនានេះ បុរសខ្លាំងនៅកម្ពុជា នៅបានបញ្ឆិតបញ្ឆៀង ទៅក្រុមអ្នកនយោបាយប្រឆាំង ដែលរិះគន់លោកថា ចង់ទាត់ចោលលុយដុល្លារ ស្រវាយកលុយយន្តរបស់ចិន មកប្រើប្រាស់ ក្នុងទីផ្សារកម្ពុជា។ លោក ហ៊ុន សែន បានហៅការលើកឡើងនោះ ថាជាភាសារបស់«មនុស្សចង្រៃ» ដែលមិនអាចឲ្យមានការរួបរួមគ្នាបានឡើយ៕