កម្ពុជា

ហ៊ុន សែន៖ «​កម្ពុជាបោះបង់​អាមេរិក​ហើយ​ងាក​មកចិន» គឺខុស​ទាំងស្រុង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានៅតែចង់ធ្វើ ជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយការលើកឡើងទាំងឡាយ ដែលអះអាងថា កម្ពុជាចោលអាមេរិក ដើម្បីងាកទៅរកចិននោះ «គឺខុស​ទាំងស្រុង»។ នេះ បើតាមការបង្ហោះព័ត៌មានមួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញ។

នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងដូច្នេះ នៅក្នុងជំនួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន ហៅកាត់ថា «JCA» កាលពីសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ​ក្នុង​អំឡុង​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល​៤ថ្ងៃ​។

ក្នុងឱកាសនោះ ប្រធានសមាគមកម្ពុជា-ជប៉ុន បានចោទសួរពីទស្សនវិស័យ របស់លោក ហ៊ុន សែន នៅចំពោះបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក មកជប៉ុន និងចង់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកជាដើម។

លោក ហ៊ុន សែន បានឆ្លើយទៅតបទៅលោក តាកាហាស៊ី ហ្វីមីអាគី វិញថា កម្ពុជាមិនចង់ធ្វើជាសត្រូវ ជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្ត ជាមួយបណ្ដាប្រទេសទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផង។ ទំព័រហ្វេសប៊ុករបស់លោក បានស្រង់សំដីលោក មកសរសេរបន្តថា៖

«ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជ្យភាព អធិបតេយ្យភាពយើង។»

នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅលោក តាកាហាស៊ី ហ្វីមីអាគី ឲ្យពាំនាំពាក្យរបស់លោក ទៅប្រាប់សហរដ្ឋអាមេរិកថា «កម្ពុជានៅតែចង់ធ្វើជាមិត្តល្អ របស់សហរដ្ឋអាមេរិក» ហើយ «ការវាយតម្លៃថា កម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក បែរងាកមកចាប់ចិននោះ គឺខុសទាំងស្រុង»។

ទំនាក់ទំនង​ រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​របប​ដឹកនាំរបស់លោក ហ៊ុន សែន បានស្គាល់ភាពរកាំរកូសខ្លាំងឡើងៗ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ។

សហរដ្ឋអាមេរិក បានបន្ទោសរបបក្រុងភ្នំពេញ អំពីការរិតត្បិតសេរីភាព ការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេ្យ តាមរយៈចំណាត់ការ ដ៏ប្រទាំងប្រទើស ពីសំណាក់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ប្រឆាំងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ – ទៅលើ​អង្គការ​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាច្រើន៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun SenUSA