វីដេអូ ពីនេះពីនោះ

នៅរ៉ូម៉ានី «ភ្លៀងធ្លាក់»ជាគ្រាប់ព្រិល​ប៉ុនៗ​ពងមាន់

«ភ្លៀងធ្លាក់»ដ៏ខ្លាំង នៅក្នុងតំបន់ជាច្រើន នៃប្រទេសរ៉ូម៉ានី (អ៊ឺរ៉ុបខាងកើត) បានក្លាយជាអព្ភូតហេតុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីរសៀលថ្ងៃអង្គារកន្លងមក ដោយបានបំផ្លាញដំបូលគេហដ្ឋានជាច្រើនខ្នង និងរថយន្ដជាច្រើនគ្រឿង។

គ្រាប់ភ្លៀងដែលបង្អុរធ្លាក់មកនោះ គឺជាគ្រាប់ដុំព្រិល ដែលមានទំហំប៉ុនពងមាន់ និងបានធ្លាក់ស្រោចមកលើភូមិដ្ឋានអ្នកស្រុក។

រូបភាពជាច្រើននៅលើបណ្ដាញសង្គម បានបង្ហាញថា ការធ្លាក់ស្រោចនៃគ្រាប់ភ្លៀងទាំងនោះ មកលើជាពិសេសរថយន្ដ ដែលចតនៅខាងក្រៅគេហដ្ឋាន មានលក្ខណៈដូចជាការចោលដុំថ្មពីលើដូច្នេះ។

សាក្សីជាច្រើននៅក្នុងហេតុការណ៍ បាននិយាយថា អព្ភូតហេតុនេះ បានកើតឡើង ក្នុងរយៈពេលប្រមាណជា ១៥នាទី។

ស្ថាប័នឧត្តុនិយមរបស់ប្រទេសរ៉ូម៉ានី បានពន្យល់ពីអព្ភូតហេតុនេះថា ជាលទ្ធផលប្រទាំងប្រទើសគ្នា រវាងស៊ីតណ្ហភាពខុសគ្នាដាច់ស្រឡះ រវាងអ៊ឺរ៉ុបខាងកើត និងអ៊ឺរ៉ុបកណ្ដាល ខណៈប្រទេសរ៉ូម៉ានី ស្ថិតនៅរវាងតំបន់ទាំងពីរនេះ។

នៅថ្ងៃអង្គារនោះ ស៊ីតណ្ហភាពក្ដៅខ្លាំងរហូតដល់ជាង៣០អង្សា រវាងពីប្រទេសក្រិច ឡើងទៅដល់ភាគខាងលិចនៃប្រទេសរ៉ុស្ស៊ី។ ផ្ទុយទៅវិញ ពីប្រទេសណ័រវេស ចុះមកអ៊ឺរ៉ុបកណ្ដាល ស៊ីតណ្ហភាពមានត្រឹមតែ១៥ ទៅ១៨អង្សាប៉ុណ្ណោះ។

តែអ្នកជំនាញបរិស្ថានបានលើកឡើងផ្សេងទៅវិញ។ ពួកគេថា អព្ភូតហេតុខាងលើ បណ្ដាលមកពីកម្រិតជាតិពុល ក្នុងប្រទេសរ៉ូម៉ានី បានកើនឡើងហួសកម្រិត។

វីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម បានជួយបញ្ជាក់ ពីការលើកឡើង របស់អ្នកជំនាញ ដោយបង្ហាញពីទឹកជំនន់ បានហូរច្រោះទីចាក់សម្រាម និងបានហូរនាំសម្រាម ដ៏គំហុក ចេញតាមខ្សែទឹក ទាំងមិនដឹងថា តើសម្រាមទាំងនេះ នឹងត្រូវរសាត់ ទៅដល់ទីណាឡើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។