នាយករដ្ឋមន្ត្រីដ៏ចាស់វស្សានៅកម្ពុជា លោក ហ៊ុន សែន បានអះអាងនៅថ្ងៃអង្គារទី២១ ខែឧសភានេះថា រូបលោក និងមន្ត្រីជំនិតរបស់លោក ធ្លាប់ចេញទៅប្រទេសថៃ តាមច្រកប៉ោយប៉ែតយ៉ាង«សម្ងាត់» ក្នុងខែកញ្ញា ឆ្នាំ១៩៨៩ ដើម្បីទៅជួបចរចាជាមួយមេទ័ពថៃ សំដៅបម្រើឲ្យនយោបាយរបស់លោក គឺ«អាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ»។
ដំណើររឿងដែលលោក ហ៊ុន សែន អះអាងថាសម្ងាត់នេះ ត្រូវបានលោកខ្លួនឯងបង្ហោះ និងខ្ទាស់ (Pinned Post) នៅខាងលើបង្អស់ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីប៉ុន្មានម៉ោងមុន។
តែផ្ទុយពីការសម្ងាត់ ដែលមិនគួរត្រូវបានអ្នកណាផ្សេងដឹងនោះ លោក ហ៊ុន សែន បានអះអាងថា រូបថតមួយសន្លឹកដែលភ្ជាប់មកជាមួយ និងដែលបង្ហាញពីការដើរឆ្លងស្ពាន ចូលទៅកាន់ទឹកដីថៃនោះ ទទួលបានពីអ្នកសារព័ត៌មានជាតិប៊ែលហ្សិកម្នាក់។
លោកសរសេរថា៖
«រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញ វាហាក់ដូចជាការផ្សងព្រេង ដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំ និងសហការីគិតថា វាជាមោទនៈភាព ដែលយើងបានយកជីវិត ទៅដូរយកសន្តិភាព សម្រាប់ប្រជាជនកម្ពុជា។ មានមនុស្សមិនច្រើនទេ ដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹក ដែលអតីតអ្នកកាសែតជនជាតិបែលហ្សិក បានប្រគល់ឲ្យខ្ញុំ កាលពីថ្ងៃអាទិត្យនេះដែរ។»
លោក ហ៊ុន សែន បានរៀបរាប់ថា ថ្ងៃនោះគឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៩ ហើយនៅតាមសងខាងផ្លូវ ទាំងខាងកម្ពុជានិងខាងថៃ សុទ្ធតែជាចំការមីន និងមានកងទ័ពត្រីភាគីខ្មែរ (កងទ័ពខ្មែរក្រហម កងទ័ពរបស់ក្រុមលោក សឺន សាន និងកងទ័ពរបស់ក្រុមរាជានិយម) រង់ចាំវាយប្រហារគ្រប់ពេលវេលា។
នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លើយ ដោយខ្លួនលោកថា៖
«ខ្ញុំបានដាក់ចេញនូវនយោបាយមួយ គឺ “អាព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ” សំដៅទប់ស្កាត់និងកាត់បន្ថយ ការជួយរបស់ថៃចំពោះខ្មែរក្រហម និងត្រីភាគី។ ដូចនេះហើយ ទើបមានការជួបគ្នាជាសម្ងាត់ រវាងខ្ញុំជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោក ដ៏មានឥទ្ធិពលរបស់ថៃ នៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះ ទើបមានទស្យនៈកិច្ចរបស់ខ្ញុំដោយបើកចំហនាទីក្រុងបាងកក ខែមករា ១៩៨៩។»
មន្ត្រីរួមដំណើរជាមួយលោក ហ៊ុន សែន នៅពេលនោះ មានលោក ទៀ បាញ់ លោក ចម ប្រសិទ្ធ លោក ចាន់ អ៊ាន លោក ខាំពូន កែវមុនី និងលោកឧត្តមសេនីយ ឡុង សុភាព អតីតមេបញ្ជការយោធភូមិភាគិទី៤ ដែលជាអ្នកដឹកនាំកម្លាំងការពារ។ លោក ហ៊ុន សែន អះអាងទៀតថា នៅមានឧត្ដមសេនីយកងទ័ពថៃម្នាក់ទៀត ឈ្មោះ ប៊ុនឡត ក៏បានរួមដំណើរជាមួយលោកដែរ ដើម្បីសម្រួលដំណើរឆ្លងកាត់ព្រំដែន និងទំនាក់ទំនង ជាមួយខាងភាគីថៃ។
លោក ហ៊ុន សែន សរសេរបន្តថា៖
«ខ្ញុំនិងប្រតិភូ ឆ្លងដែននៅម៉ោងប្រហែល២រសៀល ទៅបាយនៅអារញ្ញប្រាថេត ជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រ ទៅទីក្រុងបាងកកចរចារជាសម្ងាត់ ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់ និងមេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ (…)៕»
រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំនិងសហការីគិតថា…
Posted by Samdech Hun Sen, Cambodian Prime Minister on Monday, May 20, 2019